តារាសម្ដែង សៀវម៉ី មានមហិច្ឆតាចង់ផ្សាយពីសម្លៀកបំពាក់បុរាណខ្មែរ ឲ្យល្បីរន្ទឺ

13-04-2019 1:08pm

កម្សាន្តៈ ក្រោយពីជោគជ័យច្រើនឡើងក្នុងអាជីពជាតារាសម្ដែង អ្នកនាង ឆាន់ សៀវម៉ី ដែលគ្រាន់តែជាអតីតអ្នកបើកសម្អាងការ និងហាងកាត់ដេរយីហោ សៀវម៉ី នៅខេត្តបាត់ដំបង ហើយឈានជើងមកប្រឡូកការសម្ដែងដោយចៃដន្យ ក្នុងរឿង "ផ្កា៤ទង" ព្រោះតែផលិតករទៅជ្រើសរើសតួដល់ទីនោះ បានប្រកាសយ៉ាងក្ដែងៗថា ខ្លួននឹងធ្វើសេវាកម្មមួយ គឺរៀបចំក្រុមការងារ និងសំលៀកបំពាក់បុរាណ ដើម្បីតែងឲ្យអ្នកទេសចរនៅខេត្តសៀមរាប ស្លៀកថត ដូចគ្នាប្រទេសមួយចំនួន ដែលគេមានសេវាកម្មបែបនេះ ដើម្បីផ្សព្វផ្សាយពីវប្បធម៌ប្រពៃណីរបស់ជាតិសាសន៍របស់យើង។

អ្នកនាង ឆាន់ សៀវម៉ី ដែលមានឈ្មោះកំណើត សាន់ វន្ថា ឲ្យដឹងថា ខ្លួនមានបងស្រម្នាក់ បើកហាងដែមានដេគ័របែបបុរាណនៅខេត្តសៀមរាប ហើយមានបណ្ដាភ្ញៀវជាជនជាតិបរទេសចេញចូលច្រើនមែនទែន ទើបអ្នកនាងនឹកស្រម៉ៃឃើញថា បើមានសេវាកម្មមួយនេះលេចឡើង លុយក៏ចូលស្រួល ហើយសំខាន់គឺបានផ្សព្វផ្សាយសំលៀកបំពាក់បុរាណរបស់ខ្មែរយ៉ាងពេញទំហឹង។

អ្នកនាងរំឭកពីការងារសិល្បៈថា អ្នកនាងមិនធ្លាប់ស្រម៉ៃថា ខ្លួនក្លាយជាតារាសម្ដែងដែលមានទីផ្សារនោះទេ ប៉ុន្តែចាប់តាំងពីក្រុមផលិតករទទួលស្គាល់សមត្ថភាពរបស់នាងក្នុងរឿងបន្តបន្ទាប់ អ្នកនាងក៏ត្រូវបានបណ្ដាទូរទស្សន៍ ជាពិសេសគឺផលិតករថៃ នៅប៉ុស្តិ៍លេខ៥ ផ្ដល់ឲ្យសម្ដែងជាតួអង្គកាន់តែសំខាន់ទៅៗ រហូតធ្វើឲ្យអ្នកនាងរកពេលទទួលការសម្ដែងលែងចង់បាន។

អ្នកនាងបន្តថា ភាពយន្តដែលអ្នកនាងបានសម្ដែង ហើយត្រូវបានមហាជនស្គាល់ច្រើន រួមមាន រឿង "កំលោះទីក្រុង ក្រមុំជនបទ" រឿង "ទាយាទអសុរ" រឿង "កញ្ញាជើងខ្លាំង" រឿង "មិត្តប្ញស្សា" ដែលសុទ្ធតែភាពយន្តភាគប៉ុស្តិ៍លេខ៥ ក្រោមការផលិតរបស់ផលិតករថៃ និងរឿង "អំណាចទឹកប្រាក់" ទើបតែថតបញ្ចប់ ដែលគ្រោងនឹងដាក់បញ្ចាំងនៅ MyTV។

អ្នកនាងក៏មានគម្រោងបណ្ដុះកូនស្រីច្បងវ័យ១៨ឆ្នាំ កូនប្រុសទី១៦ឆ្នាំ និងកូនស្រីពៅវ័យ១២ឆ្នាំ ឲ្យចូលប្រឡូកសិល្បៈផងដែរ បើសិនអ្នកទាំង៣ ចង់ប្រឡូកការងារនេះជាប់លាប់ដូចអ្នកនាង៕