ឡូយមែន! គ្រាន់តែប្រកាសបញ្ចាំងរឿង "ជួបស៊យ២" សំបុត្រលក់អស់គ្រប់ម៉ោង និងរោងកុន

12-04-2019 12:26pm

ភ្នំពេញៈ ស្ទើរមិនគួរឲ្យជឿដោយរឿង «ជួបស៊យ២» បញ្ចាំងត្រឹមថ្ងៃដំបូង ១១ មេសា ២០១៩ មានមហាជនទិញសំបុត្រទស្សនាគ្រប់រោងកុន។ បុព្វហេតុនេះ ធ្វើឲ្យក្រុមការងារសប្បាយចិត្តហើយរំពឹងថា ស្នាដៃនេះកក្រើកពេលបុណ្យចូលឆ្នាំខ្មែរខាងមុខ។

តារាកំប្លែងនាយគ្រឿន បានប្រកាសបញ្ចេញស្នាដៃដឹកនាំភាពយន្តខ្នាតធំបែបកំប្លែងទី៥របស់ខ្លួនហើយគឺរឿង (ជួបស៊យ២) បន្ទាប់ពីរឿង (ជួបស៊យវគ្គ១) ទទួលបានការគាំទ្រច្រើនលើសលប់នោះ។ ការប្រកាសនេះធ្វើឡើងកាលពីយប់ថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៩នេះ នៅផ្សារទំនើបអ៊ីអន២ សែនសុខ ក្រោមការចូលរួមពីសំណាក់សិល្បករផលិតករជាច្រើនរូប។

តារាកំប្លែង នាយ គ្រឿន ដែលវិវឌ្ឍន៍ខ្លួនជាអ្នកដឹកនាំផលិតភាពយន្ត បានលើកឡើងថា ស្នាដៃទី១ ដែលលោកដឹកនាំសម្តែង គឺរឿងជួបស៊យវគ្គ១ ហើយស្នាដៃទី៥ចុងក្រោយនេះ ក៏ជារឿងជួបសយ២។ លោកថា ភាពយន្តនេះប្រើរយៈពេលផលិតប្រមាណ២សប្តាហ៍ប៉ុណ្ណោះ ប៉ុន្តែទម្រាំបានជួបជុំសិល្បករ និងការកាត់តផ្សេងៗប្រមាណពី៥ទៅ៦ខែមកហើយ។

លោកបញ្ជាក់ថា រឿងនេះនៅតែជារឿងកំប្លែង ប៉ុន្តែមានឈុតឆាក និងរសជាតិថ្មីមួយបែបដែលលោករំពឹងថា ទស្សនិកជននឹងពេញចិត្ត មិនចាញ់រឿងវគ្គ១នោះទេ។ ទោះជាយ៉ាងណាលោកនៅតែរងចាំអ៊ុតមើលសន្ទុះនៃការគាំទ្ររបស់ទស្សនិកជនបន្តផងដែរថា មានកម្រិតណា ហើយលោក នឹងគ្រោងចេញផលិតស្នាដៃថ្មីក្រោយពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរផងដែរ។

គួរបញ្ជាក់ផងដែរថា រឿងជួបស៊យ២ នឹងត្រូវធ្វើការដាក់បញ្ចាំងជាផ្លូវការចាប់ពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៩តទៅ នៅគ្រប់រោងភាពយន្តទំនើបនៅកម្ពុជា។ ក្រៅពីការប្រកាសបន្ថែមទុន គុណភាពនៃការផលិតក៏កាន់តែខ្ពស់ជាងរឿងវគ្គមុន ស្របពេលដែលតួសម្តែងត្រូវបានគេដឹងដែរថាសុទ្ធសឹងជាតារាសម្តែង តារាកំប្លែងល្បីឈ្មោះនៅកម្ពុជាដូចជានាយគ្រឿន Dj កាកា លោក ងួន សុបិន្ត កញ្ញា គាត សុវណ្ណាឡាង លោក ទេព រិន្ទដារ៉ូ អ្នកនាង ប៉ែន សុផានី និងតារាប្រុសស្រីល្បីឈ្មោះជាច្រើនទៀតផងដែរ៕