រដ្ឋាភិបាល រំពឹងថា ឆ្នាំ២០២០ខាងមុខនេះ សេដ្ឋកិច្ចកម្ពុជា នឹងបោះជំហានទៅមុខ ប្រកបដោយប្រសិទ្ធភាព

12-04-2019 11:21am

ភ្នំពេញៈ រាជរដ្ឋាភិបាលកម្ពុជា បានរំពឹងថា នាឆ្នាំ២០២០ខាងមុខនេះ សេដ្ឋកិច្ចកម្ពុជា នឹងបោះជំហានទៅមុខប្រកបដោយប្រសិទ្ធភាព និងមានភាពស្វាហាប់ ដើម្បីធ្វើឲ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ កាន់តែមានភាពល្អប្រសើរ។

ក្នុងសន្និសីទសារព័ត៌មាន ស្ដីពីស្ថានភាពជាក់ស្ដែង និងការអនុវត្តន៍សិទ្ធិកម្មករកម្ពុជា ប្រកបដោយចីរភាព និងប្រសិទ្ធភាព នៅរសៀលថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៩ លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាល បានលើកឡើងថា ក្រោយពីកម្ពុជា មានសុខសន្ដិភាព ស្ថេរភាព និងសេដ្ឋកិច្ចកើនឡើងឥតឈប់ឈរ ជាក់ស្ដែងពីទសវត្ដកន្លងមកនេះ កម្ពុជា បានសម្រេចនៃកំណើនសេដ្ឋកិច្ចប្រចាំឆ្នាំរបស់ខ្លួន ជាមធ្យមក្នុង៧.៧ភាគរយក្នុងមួយឆ្នាំ ហើយបានចាកចេញពីប្រទេសដែលមានចំណូលទាប ទៅជាប្រទេសមានចំណូលមធ្យម នៅក្នុងឆ្នាំ២០១៥។

លោក ផៃ ស៊ីផាន បញ្ជាក់ថា សេដ្ឋកិច្ចមានការកើនឡើងនេះ បានបាត់ទុកថា កម្ពុជា ក្លាយជាខ្លាសេដ្ឋកិច្ចថ្មី នៅតំបន់អាស៊ី នៅឆ្នាំ២០១៦កន្លងមកនេះ។

ក្រោមការដឹងនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានធ្វើឲ្យកំណើនសេដ្ឋកិច្ចកម្ពុជា លើសពីការរំពឹងទុកនៅឆ្នាំ២០១៨ គឺក្នុងអត្រា៧,៥ភាគរយ ធៀបនឹងអត្រា៧,១ភាគរយ នៅដើមឆ្នាំ២០១៩នេះ ដែលកំណើននេះធ្វើឲ្យកម្ពុជា រំពឹងថា សេដ្ឋកិច្ចកម្ពុជា នឹងបោះជំហានទៅមុខប្រកបដោយប្រសិទ្ធភាព និងមានភាពស្វាហាប់។

អ្នកនាំពាក្យរាជរដ្ឋាភិបាល បញ្ជាក់បន្ថែមថា ២ខែដើមឆ្នាំ២០១៩ កម្ពុជា មានគម្រោងវិនិយោគបានអនុម័ត៧៣គម្រោង និងទុនវិនិយោគ២.២ពាន់លានដុល្លារ បើធៀបទៅនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០១៨ ដែលមានត្រឹមតែ៣៩គម្រោង និងទុនវិនិយោគប្រមាណជា៣២៧លានដុល្លារ។ លោកថា ក្នុងរយៈពេល៥ឆ្នាំ ពីឆ្នាំ២០១៤-២០១៨ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឲ្យដឹងថា កម្ពុជា បានអនុម័តគម្រោងវិនិយោគចំនួន៩៥៨គម្រោង និងមានទុនវិនិយោគប្រមាណជា២៣ប៊ីលានដុល្លារ ដែលអាចបង្កើតការងារជាង១លានកន្លែង។

ជាងនេះទៅទៀត អ្នកនាំពាក្យរាជរដ្ឋាភិបាល ក៏លើកឡើងទៀតថា ចំពោះវិស័យសំណង់ និងវិស័យធនាគារ និងហិរញ្ញវត្ថុ ក៏មានការរីកចម្រើន គួរឲ្យកត់សម្គាល់ផងដែរ។

លោកពន្យល់ថា វិស័យសំណង់មានទុនវិនិយោគកើនឡើងជាបន្ដបន្ទាប់ ក្នុងអត្រាកំណើនជាមធ្យមប្រចាំឆ្នាំ២៣%។ ក្នុងនោះទំហំទុនវិនិយោគ នៅឆ្នាំ២០១៨ មានចំនួនប្រមាណជា៥.៧ប៊ីលានដុល្លារ។ ទន្ទឹមគ្នានេះដែរ ចំនួនធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បានកើនឡើងពី៨៦ ដល់១៣៧គ្រឹះស្ថាន៕