រុស្ស៊ី តួកគី និងអ៊ីរ៉ង់ អំពាវនាវឲ្យគាំទ្របូរណភាពដែនដីស៊ីរី ក្រោយសារទទួលស្គាល់តំបន់ Golan Heights ជារបស់អ៊ីស្រាអែល

12-04-2019 10:58am

ស៊ីរីៈ ក្រុមតំណាងរាស្រ្តមកពីប្រទេសរុស្ស៊ី អ៊ីរ៉ង់ និងប្រទេសតួកគី បានអំពាវនាវឲ្យបូរណភាពដែនដីរបស់ស៊ីរី ត្រូវបានអភិរក្ស ខណៈដែលសេចក្តីអត្ថាធិប្បាយពីអ៊ីស្រាអែល និងសហរដ្ឋអាមេរិក បានធ្វើឲ្យឡើងកម្តៅជម្លោះដែនដីឡើងវិញនៅស៊ីរី។

ក្រុមតំណាងរាស្រ្តមកពីគណៈកម្មាធិការកិច្ចការបរទេសរបស់សភាប្រទេសទាំង៣ បានជួបជុំគ្នាកាលពីថ្ងៃពុធ នៅក្នុងទីក្រុងម៉ូស្កូ សម្រាប់អង្គប្រជុំពិសេសមួយស្តីពីបញ្ហាដែនដីនៅស៊ីរី។

លោកហេសម៉ាតូឡា ហ្វាឡាហាតពីសេស គឺជាសមាជិកម្នាក់នៅក្នុងសភាអ៊ីរ៉ង់ បាននិយាយថា ការពិភាក្សា បានចាប់ផ្តើមដំណើរការទៅយ៉ាងរលូន។

លោកបន្តថា ពួកយើងបានបញ្ជាក់ពីភាពចាំបាច់នៃការអភិរក្សបូរណភាពដែនដីស៊ីរី ជាពិសេសពាក់ព័ន្ធនឹងតំបន់ខ្ពង់រាប Golan Heights។

គួរឲ្យដឹងថា កាលពីខែមុន ប្រធានាធិបតីសហរដ្ឋអាមេរិក លោកដូណាល់ ត្រាំ បានចុះហត្ថលេខាលើអនុក្រិត្សមួយទទួលស្គាល់អធិបតេយ្យភាពទឹកដីអ៊ីស្រាអែលនៅតំបន់ Golan Heights ដែលអ៊ីស្រាអែលដណ្តើមបានអំឡុងសង្រ្គាមឆ្នាំ១៩៦៧៕