លោក Pelé ទទួលការវះកាត់យកគ្រួសក្នុងតម្រងនោម នៅប្រទេសកំណើត

12-04-2019 10:53am

បាល់ទាត់ៈ គ្រូពេទ្យរបស់លោក បាននិយាយកាលពីថ្ងៃពុធម្សិលមិញថា វិរបុរសបាល់ទាត់របស់ក្រុមជម្រើសជាតិប្រេស៊ីល លោក Pelé នឹងវះកាត់យកគ្រួសក្នុងតម្រងនោមចេញ រយៈពេល១ថ្ងៃប៉ុណ្ណោះ ក្រោយពេលលោកវិលត្រឡប់មកកាន់ប្រទេសកំណើតវិញ ក្រោយទទួលការព្យាបាលនៅក្នុងមន្ទីរពេទ្យក្រុងប៉ារីស សម្រាប់ការឆ្លងជំងឺមួយនេះ។

លោក Pelé វ័យ៧៨ឆ្នាំ ត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យ Albert Einstein ស្ថិតក្នុងទីក្រុង Sao Paulo សម្រាប់ការធ្វើតេស្តបន្ថែមទៀត ក្រោយការមកដល់ប្រេស៊ីល របស់លោក កាលពីព្រឹកថ្ងៃអង្គារ។

មន្ទីរពេទ្យ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ការធ្វើតេស្តឃើញមានគ្រួសក្នុងតម្រងនោមផ្នែកខាងឆ្វេងរបស់លោក ហើយការវះកាត់យកចេញ ត្រូវបានកំណត់រួចហើយ អំឡុងការសម្រាកព្យាបាលក្នុងមន្ទីរពេទ្យរបស់លោក ប៉ុន្តែពេលវេលាជាក់លាក់ មិនត្រូវបានប្រកាសឲ្យដឹងនោះទេ។

ពួកគេបានបន្តទៀតថា អ្នកជំងឺស្ថិតនៅក្នុងស្ថានភាពល្អប្រសើរទេ ហើយនិងស្ថិតក្រោមការយកចិត្តទុកដាក់មើលថែយ៉ាងដិតដល់ពីក្រុមគ្រូពេទ្យ។

សូមបញ្ជាក់ថា លោក Pelé ដែលត្រូវបានគេចាត់ទុកថា ជាកីឡាករបាល់ទាត់អស្ចារ្យជាងគេបំផុតនៅក្នុងប្រវត្តិសាស្រ្តនោះ ត្រូវបានគ្រូពេទ្យអនុញ្ញាតឲ្យចាកចេញពីពេទ្យឯកជនអាមេរិកស្ថិតនៅក្នុងទីក្រុងប៉ារីស កាលពីល្ងាចថ្ងៃចន្ទ ក្រោយពីលោកធ្លាក់ខ្លួនឈឺ បន្ទាប់ពីចូលរួមព្រឹត្តការណ៍ផ្សព្វផ្សាយជាមួយខ្សែប្រយុទ្ធបារាំង Kylian Mbappe ៕