ឱសានវាទថ្មី សម្រាប់ការបញ្ចប់សមាជិកភាពសហភាពអឺរ៉ុប របស់អង់គ្លេស ត្រឹមថ្ងៃទី៣១ ខែតុលាខាងមុខ

11-04-2019 2:29pm

ទីក្រុងព្រុចសែលៈ មេដឹកនាំសហភាពអឺរ៉ុប បានផ្តល់ឲ្យចក្រភពអង់គ្លេស នូវការពន្រយាពេលការបញ្ចប់សមាជិកភាពសហភាពអឺរ៉ុប (Brexit) របស់ពួកគេ រយៈពេល៦ខែទៀត ក្រោយកិច្ចប្រជុំរយៈពេល៥ម៉ោង នៅក្នុងទីក្រុងព្រុចសែល របស់បែលហ្ស៊ិក ប៉ុន្តែការពន្យារពេលនេះ មាននូវលក្ខខ័ណ្ឌមួយ។

ឱសានវាទថ្មីនៅថ្ងៃទី៣១ ខែតុលានេះ គឺដើម្បីបញ្ចៀសផុតទស្សនីយភាពដែលចក្រភពអង់គ្លេសចាកចេញពីអឺរ៉ុបដោយគ្មានកិច្ចព្រមព្រៀង នាថ្ងៃសុក្រ ទី១២ ខែមេសានេះ ខណៈពេលដែលសមាជិកសភា នៅតែមិនអាចទម្លុះភាពទាល់ច្រកចំពោះកិច្ចព្រមព្រៀង Brexit។

លោកដូណាល់ ថាស់ គឺជាំប្រធានក្រុមប្រឹក្សាអឺរ៉ុប បាននិយាយថា សាររបស់គាត់ផ្ញើជូនមិត្តសម្លាញ់អង់គ្លេស គឺសូមពូកគេមេត្តាកុំខ្ជះខ្ជាយពេលវេលាតទៅទៀត។
នាយករដ្ឋមន្រ្តីអង់គ្លេស លោកស្រី ថេរ៉ាសា ម៉េ ដែលចង់ឲ្យមានការពន្យាពេលខ្លីជាងនេះ បាននិយាយថា ចក្រភពអង់គ្លេស នៅតែមានបំណងចង់ចាកចេញពីសហភាពអឺរ៉ុប ឲ្យបានឆាប់រហ័សបំផុតតាមដែលអាចធ្វើទៅបាន។

ទោះបីជាយ៉ាងណាក៏ដោយបច្ចុប្បន្ន សហភាពអឺរ៉ុបមាននូវលក្ខខ័ណ្ឌមួយឲ្យចក្រភពអង់គ្លេស ត្រូវតែចូលរួមការបោះឆ្នោតសភាអឺរ៉ុបនៅខែឧសភាខាងមុខនេះ បើពុំដូច្នោះទេ គឺពួកគេនឹងត្រូវចាកចេញទៅនៅថ្ងៃទី១ មិថុនា ដោយគ្មានកិច្ចព្រមព្រៀងតែម្តង។

ដំបូងឡើយ លោកស្រីម៉េ បាននិយាយប្រាប់មេដឹកនាំសហភាពអឺរ៉ុបថា លោកស្រីចង់លើកពេលចាកចេញរបស់ចក្រភពអង់គ្លេស ពីថ្ងៃសុក្រស្អែកនេះ ទៅថ្ងៃទី៣០ ខែមិថុនា ដោយមានជំរើសមួយទៀតនៃការចាកចេញលឿនជាងនេះ បើសិនជាការកិច្ចព្រមព្រៀងចាកចេញរបស់លោក ត្រូវបានផ្តល់សច្ចាប័នដោយសភា៕