David Beckham និយាយ៩ភាសានៅក្នុងវីដេអូ សម្រាប់យុទ្ធនាការប្រឆាំងនឹងជំងឺគ្រុនចាញ់

11-04-2019 7:25am

អង់គ្លេសៈ លោក David Beckham ដែលធ្លាប់ជាតារាបាល់ទាត់ដ៏ល្បីល្បាញម្នាក់នៅលើពិភពលោកនោះ បាននិយាយ៩ភាសានៅក្នុងវីដេអូ សម្រាប់យុទ្ធនាការអំពាវនាវឲ្យលប់បំបាត់ចោលជំងឺគ្រុនចាញ់។

ដោយប្រើប្រាស់បច្ចេកវិទ្យាថ្មី A.I វីដេអូយុទ្ធនាការ “ជំងឺគ្រុនចាញ់ត្រូវតែស្លាប់ ដើម្បីអាចឲ្យមនុស្សរស់” ឃើញអតីតតារាបាល់ទាត់ម្នាក់នេះ និងជាសមាជិកស្ថាបនិកបង្កើតគម្រោង “Malaria No More UK”និយាយ៩ភាសាផ្សេងៗគ្នា ដែលរួមទាំងភាសាអារ៉ាប់ និងភាសាហ៊ីនឌី ផងដែរ។

ជាមួយនឹងការអញ្ជើញអ្នករាល់គ្នាឲ្យបង្ហើរសំឡេងរបស់ពួកគេជួយបញ្ចប់ជំងឺស្ថិតនៅក្នុងចំណោមជំងឺស្លាប់មនុស្សច្រើនបំផុតនៅលើពិភពលោកមួយនេះ លោក Beckham បាននិយាយតាមសំឡេងមនុស្សប្រុស និងមនុស្សស្រី មកពីទូទាំងពិភពលោក ដែលរួមទាំងវេជ្ជបណ្ឌិត និងអ្នករស់រានពីជំងឺគ្រុនចាញ់ផងដែរ។

គួរឲ្យដឹងថា កាលពីឆ្នាំមុន មេដឹកនាំពិភពលោកបានសន្យាផ្តល់ជូនថវិកា៤.១ពាន់លានដុល្លារក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺគ្រុនចាញ់ ដោយពួកគេបានប្តេជ្ញាចិត្តថា នឹងកាត់បន្ថយជំងឺមួយនេះ មកនៅត្រឹមពាក់កណ្តាល ក្នុងរយៈពេល៥ឆ្នាំ៕