ចិន គ្រោងពង្រីកសក្ដានុពលពាណិជ្ជកម្ម នៅអឺរ៉ុបប៉ែកកណ្ដាល និងខាងកើត

10-04-2019 4:09pm

បូស្នីៈ មន្រ្តីកំពូលមួយរូបរបស់ទីក្រុងប៉េកាំង បាននិយាយកាលពីថ្ងៃអង្គារថា ចិន មានគម្រោងពង្រីកសក្តានុពលសេដ្ឋកិច្ចរបស់ខ្លួន នៅអឺរ៉ុបប៉ែកកណ្តាល និងអឺរ៉ុបបែកខាងកើត។

នៅក្នុងសុន្ទរកថាមួយនៅឯពិព័រណ៍ពាណិជ្ជកម្មធំបំផុតរបស់ចិន នៅទីក្រុងម៉ូស្តា ប្រទេសបូស្នី អនុប្រធានក្រុមប្រឹក្សាចិន ដើម្បីការផ្សព្វផ្សាយពាណិជ្ជកម្មអន្តរជាតិ លោក ចាង សេនហ្វេង បាននិយាយថា តំបន់អឺរ៉ុប និងចិន អាចរកបានអត្ថប្រយោជន៍រៀងៗខ្លួន តាមរយៈទំនាក់ទំនងខ្លាំងក្លាជាងមុន។

លោក ចាង បាននិយាយថា យើងបានត្រៀមខ្លួនរួចរាល់ ក្នុងការគាំទ្របន្ថែមទៀតឲ្យមានការបើកទំលាយរវាងចិន ប្រទេសអឺរ៉ុបប៉ែកកណ្តាល និងអឺរ៉ុបបែកខាងកើត ដើម្បីបង្កើនកម្រិតពាណិជ្ជកម្មផ្លូវ២ និងធ្វើឲ្យល្អប្រសើរឡើងនូវកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងសេដ្ឋកិច្ចសម្រាប់អត្ថប្រយោជន៍ភាគីទាំង២។

ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកនេះ ទីក្រុងប៉េកាំង បានជះលុយយ៉ាងច្រើនសន្ធឹកសន្ធាប់ចូលទៅក្នុងតំបន់មួយនេះ គឺជាផ្នែកមួយនៃគម្រោង” ផ្លូវមួយ ក្រវាត់មួយ” ដែលរួមទាំងការផ្លាស់ប្តូរ និងការធ្វើឲ្យល្អប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធ ដែលមានគោលដៅបង្កើតបណ្តាញដ៏ធំធេងនៃគមនាគមន៍ និងទំនាក់ទំនងពាណិជ្ជកម្ម រវាងអាស៊ី និងអឺរ៉ុប៕