លោក ត្រាំ ៖ កិច្ចព្រមព្រៀងពាណិជ្ជកម្មអាមេរិក-ចិន អាចឈានដល់ក្នុងរយៈពេល៤សប្តាហ៍ទៀត

05-04-2019 2:50pm

អាមេរិកៈ ប្រធានាធិបតីសហរដ្ឋអាមេរិក លោកដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃព្រហស្បត្តិ៍ថា សហរដ្ឋអាមេរិក និងចិន ជិតឈានដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មហើយដែលអាចនឹងប្រកាសឲ្យដឹងនៅក្នុងរយៈពេល៤សប្តាហ៍ទៀត ខណៈដែលលោកបានធ្វើការក្រើនរំឭកផងដែរ ដល់ទីក្រុងប៉េកាំងថា វានឹងពិបាកក្នុងការអនុញ្ញាតឲ្យបន្តពាណិជ្ជកម្ម ដោយគ្មានកិច្ចព្រមព្រៀងនោះ។

ប្រទេសទាំង២បានចូលរួមកិច្ចចរចាដ៏តានតឹង ដើម្បីបញ្ចប់សង្រ្គាមពាណិជ្ជកម្មអូសបន្លាយពេលជាច្រើនខែរបស់ពួកគេ ដែលបានធ្វើឲ្យរង្គោះរង្គើរដល់ទីផ្សារសកល ប៉ុន្តែពួកគេសង្ឃឹមថា ដំណោះស្រាយនឹងកើតមានឡើង ក្រោយភាគីទាំង២ បានបង្ហាញសុទិដ្ឋិនិយមដូចគ្នា បន្ទាប់ពីកិច្ចប្រជុំនៅក្នុងទីក្រុងប៉េកាំង កាលពីសប្តាហ៍មុន។

ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាននៅឯសេតវិមាន ពេលចាប់ផ្តើមជំនួបជាមួយឧបនាយករដ្ឋមន្រ្តីចិន លោកលាវ ហេ លោកត្រាំ បាននិយាយថា ចំណុចខ្ទាស់ដ៏លំបាកមួយចំនួននៃកិច្ចព្រមព្រៀង ត្រូវបានឯកភាពគ្នារួចហើយ ប៉ុន្តែនៅមានការខ្វែងគំនិតគ្នាខ្លះទៀត ដែលត្រូវដោះស្រាយ។

លោកត្រាំ និយាយថា យើងជិតរកបានកិច្ចព្រមព្រៀងហើយ។ វាមិនមែនមានន័យថា កិច្ចព្រមព្រៀងត្រូវបានបង្កើតឡើង ដោយសារតែវាមិនទាន់បានបង្កើតនោះទេ ប៉ុន្តែយើងច្បាស់ណាស់ថា ពួកយើងកាន់តែខិតជិតគ្នាជាងមុនហើយ៕