ក្រសួងសេដ្ឋកិច្ច បកស្រាយថា ត្រឹមឆ្នាំ​២០១៨ កម្ពុជា​ ជំពាក់បំណុលបរទេស ចំនួន៧ពាន់លានដុល្លារ មិនមែន១ម៉ឺនលានដុល្លារទេ

03-04-2019 3:15pm

ភ្នំពេញៈ ក្រោយពីសារព័ត៌មានមួយចំនួននាពេលថ្មីៗនេះ បានចុះផ្សាយថា កម្ពុជាមានបំណុលបរទេសជាង១ម៉ឺនលានដុល្លារ គិតត្រឹមឆ្នាំ២០១៨នោះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបកស្រាយវិញថា គិតត្រឹមឆ្នាំ២០១៨ កម្ពុជា បានជំពាក់បំណុលបរទេស មានតែចំនួន៧ពាន់លានដុល្លារ។

ក្រសួងសេដ្ឋកិច្ច បកស្រាយបែបនេះបន្ទាប់ពីក្រសួងសង្កេតឃើញថា មានសារព័ត៌មានក្នុងស្រុក បានដកស្រង់តួលេខ ពីព្រឹត្តិស្ដិតិបំណុល សាធារណៈកម្ពុជា លេខ៧ ដែលក្រសួងទើបធ្វើការផ្សព្វផ្សាយ ជាសាធារណៈ ហើយបាន យកធ្វើការបកស្រាយខុសបច្ចេកទេស រួមមាន៖ទី១-កម្ពុជាមានបំណុលបរទេស ជាង១ម៉ឺនលានដុល្លារ គិតត្រឹមឆ្នាំ២០១៨ ,ទី២-ការទូទាត់សេវាបំណុលសរុប របស់កម្ពុជា មានប្រមាណ៨% នៃបំណុលក្រៅប្រទេសសរុប ,ទី៣-ការខ្ចីឥណទានសរុប ពីបារាំងមានចំនួន១,៦ប៊ីលានដុល្លារ គិតត្រឹមឆ្នាំ២០១៨ និងទី៤-ការខ្ចីឥណទានសរុប ពីជប៉ុនមានចំនួន១,៣លានដុល្លារ គិតត្រឹមឆ្នាំ២០១៨។

យោងតាមសេចក្ដីប្រកាស ព័ត៌មានរបស់ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីថ្ងៃទី២ ខែមេសា ឆ្នាំ២០១៩ បានឲ្យដឹងថា  ដើម្បីកុំឲ្យសាធារណជន មានការភ័ន្ដច្រឡំតាមការបកស្រាយខុសរបស់ សារព័ត៌មានក្រសួងសេដ្ឋកិច្ច ស្រាយបំភ្លឺថា ជាង១ម៉ឺនលានដុល្លារនោះ គឺជាតួលេខនៃការខ្ចីឥណទានសម្បទានដែលរាជរដ្ឋាភិបាល បានចុះ កិច្ចព្រមព្រៀងជាមួយដៃគូអភិវឌ្ឍន៍ គិតចាប់ពីឆ្នាំ១៩៩៣ រហូតមកដល់ដំណាច់ឆ្នាំ២០១៨ ពោលគឺពុំមែនជាតួលេខសន្និធិបំណុលបរទេស ដែលកម្ពុជាជំពាក់ជាក់ស្ដែងគិតត្រឹមដំណាច់ឆ្នាំ២០១៨ទេ។

ក្រសួងសេដ្ឋកិច្ច បានបញ្ជាក់ថា “ ជាបច្ចេកទេស បើចង់ដឹងអំពីទំហំបំណុល សាធារណៈក្រៅប្រទេសដែលកម្ពុជាជំពាក់ជាក់ស្ដែង គឺគេត្រូវមើលតួលេខ សន្និធិបំណុលសាធារណៈក្រៅប្រទេស (Public External Debt Outstanding) ដែលគិតត្រឹមដំណាច់ឆ្នាំ២០១៨ មានចំនួនប្រមាណ៧ប៊ីលាន (៧ពាន់លានដុល្លារ)”៕