ក្ដៅៗ ព្រះពុទ្ធបដិមា ធ្វើអំពីស្ពាន់ចំនួន៥.០០០អង្គ ដាក់ក្រោមបល្ល័ងព្រះពុទ្ធរូបដ៏ធំ ក្នុងវត្តព្រែកហូរ ត្រូវក្រុមចោរលួចអស់ជិត៤០០អង្គ

29-03-2019 3:23pm

កណ្តាលៈ ព្រះពុទ្ធបដិមាតូចៗ ធ្វើអំពីស្ពាន់មានទម្ងន់១,៣០គីឡូក្រាម ចំនួន៥.០០០អង្គ ដែលដាក់នៅក្រោមបល្ល័ងព្រះពុទ្ធរូបដ៏ធំ ក្នុងវត្តព្រែកហូរ ជាយូរមកហើយ មិនដែលមានការបាត់បង់នោះ ត្រូវបានក្រុមចោរចូលលួចបាត់អស់ប្រហែល៣០០ ទៅ៤០០អង្គ បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងព្រះសង្ឃ ព្រមទាំងគណ:កម្មការ រាយការណ៍ជូនសមត្ថកិច្ច ដើម្បីចុះធ្វើការស្រាវជ្រាវ។ ហេតុការណ៍បង្កឲ្យមានការភ្ញាក់ផ្អើលនេះ បានកើតឡើងនៅវេលាម៉ោង៧៖០០នាទី យប់ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៩នេះ ស្ថិតនៅក្នុងវត្តព្រះពុទ្ធអណ្ដែត (ហៅវត្តព្រែកហូរ) ផ្លូវជាតិលេខ២ ស្ថិតក្នុងភូមិបត្តាជី១ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល។

សូមបញ្ជាក់ថា សមិទ្ធផលដែលបម្រើក្នុងវិស័យពុទ្ធិចក្រ ក្នុងទីអារ៉ាមវត្តព្រះពុទ្ធអណ្ដែត (ហៅវត្តព្រែកហូរ)នេះ ផ្តើមកសាងឡើងក្នុងខែកញ្ញា ឆ្នាំ២០១២ និងកសាងរួចរាល់ជាស្ថាពរ នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៦នេះ ក្រោមការផ្តួចផ្តើមកសាងឡើងដោយលោកស្រីឧកញ៉ា សៀង ចាន់ហេង ប្រធានក្រុមហ៊ុនហេងអភិវឌ្ឍន៍ និងពុទ្ធបរិស័ទជិតឆ្ងាយជាច្រើនទៀត សរុបទឹកប្រាក់ប្រមាណជាង៦៤ម៉ឺនដុល្លារអាមេរិក មានព្រះពុទ្ធទ្រង់ឈរបិណ្ឌបាត្រ និងប្រទានពរមួយអង្គ ឬ(ព្រះអង្គទ្រង់ប្រោសសត្វ) មានកម្ពស់៩ម៉ែត្រ៩តឹក សាងសង់អំពីស្ពាន់លាយមាស ប្រាក់ និងព្រះបាលង្ក័ផ្កាឈូកមានប្រាំស្រទាប់ កម្ពស់៩,៩០ម៉ែត្រ ហើយដែលខាងក្នុងបាលង្ក័មានតម្កល់ផ្ទាំងគំនូរផុសអំពីពុទ្ធប្រវត្តិ រួមនិងព្រះពុទ្ធរូបអង្គតូចៗធ្វើពីស្ពាន់ ចំនួន៥០០០អង្គ,  រូបសំណាកស្តេចចក្រទិសទាំង៤ កាន់ឆត្រ័រួត,  រូបសត្វឆ្នាំទាំង១២ និងរូបព្រះនរាយណ៍ និងព្រះវិស្ណុ។

សមិទ្ធផលថ្មីនេះ គឺជាការបញ្ជាក់ពីការរីកចម្រើនបន្ថែមទៀតក្នុងវិស័យព្រះពុទ្ធសាសនារបស់យើង ពិសេសនឹងជួយឲ្យវត្តព្រះពុទ្ធអណ្តែត កាន់តែមានសោភណ្ឌភាពស្រស់ស្អាតស័ក្តិសមជាកន្លែងគោរពសក្ការៈបូជារបស់ពុទ្ធបរិស័ទ ព្រមទាំងបានចូលរួមចំណែកលើកស្ទួយវិស័យព្រះពុទ្ធសាសនា នៅខេត្តកណ្តាល ក៏ដូចជាប្រទេសកម្ពុជា ឲ្យកាន់តែអភិវឌ្ឍន៍រីកចម្រើន ឆ្ពោះទៅមុខមួយកម្រិតបន្ថែមទៀត។

កន្លងទៅ លោក ម៉ៅ ភិរុណ អភិបាលខេត្តកណ្ដាល ក៏បានអំពាវនាវឲ្យចូលរួមថែរក្សាសមិទ្ធផលថ្មីនេះ ឲ្យបានស្ថិតស្ថេរគង់វង្ស ដើម្បីជាប្រយោជន៍ដល់ការពង្រឹងវិស័យសាសនា និងសីលធម៌សង្គម ជាពិសេស ផ្តល់ជាគំរូល្អដល់នាក់ជំនាន់ក្រោយ។

សម្ភារៈបាត់បង់រូបព្រះបដិមា (ស្ពាន់) ប្រហែលពី៣០០ទៅ៤០០អង្គ។ វត្ថុតាងចាប់យក៖ រូបព្រះបដិមា(ធ្វើពីស្ពាន់)២៦អង្គ។

សមត្ថកិច្ចបានប្រាប់ពីសភាពនៃរឿងហេតុថា នៅមុនពេលកើតហេតុ គណ:កម្មការវត្តបានយករូបព្រះបដិមា ចំនួន៥.០០០អង្គ ដាក់នៅក្រោបល្ល័ងព្រះជាយូរមកហើយ មិនដែលមានការបាត់បង់ឡើយ។ លុះដល់ថ្ងៃទី២៨ ខែឆ្នាំដដែល វេម៉ោង៧៖០០នាទីយប់ ស្រាប់តែឃើញឈ្មោះ ខូវ ម៉េងហាក់ (ហៅសាក់) បានយករូបបដិមាចំនួន២៦អង្គ ដូចបានចាប់យកខាងលើមក ប្រគល់ឲ្យឈ្មោះ មឿន វាសនា ជាកូនសិស្សលោក ទើបដឹងថា មានការបាត់រូបបដិមាខាងលើ ហើយគណ:កម្មការបានរាយការណ៍ជូនសមត្ថកិច្ច ដើម្បីចុះធ្វើការស្រាវជ្រាវ ក្នុងនោះឃើញវត្តមានលោក អ៊ាវ ចំរើន ស្នងការនគរបាលខេត្តកណ្តាល ចុះដឹកនាំកម្លាំងធ្វើការស្រាវជ្រាវភ្លាមៗផងដែរ៕