ទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់ នៅតែបន្តនាំចូល ដោយមានការឃុបឃិត និងបើកដៃពីសំណាក់លោក ណុប សំអាន ប្រធានការិយាល័យគយទំនប់រលក

29-03-2019 11:35am

ព្រះសីហនុៈ ទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់ នៅតែមានវត្តមាន និងបន្តនាំចូលបានយ៉ាងសេរី តាមច្រកកំពង់ផែទំនប់រលក ពីសំណាក់ឈ្មួញធំៗមួយចំនួន។ នេះយោងតាមប្រភពពីមន្ត្រីនៅច្រកទំនប់រលកក្រុងព្រះសីហនុ បានឲ្យដឹងកាលពីពេលថ្មីៗនេះ។ មូលហេតុចម្បង ដែលឈ្មួញហ៊ានធ្វើអ្វីៗទៅតាមទំនើងចិត្តបែបនេះ គឺដោយសារមានការឃុបឃិតបើកដៃពីសំណាក់លោក ណុប សំអាន ប្រធានការិយាល័យគយ ច្រកទំនប់រលក និងបក្ខពួក ដែលកំពុងល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយ។

មន្ត្រីគយមួយចំនួន ក្នុងខេត្តព្រះសីហនុ បង្ហើបឲ្យដឹងថា លោក ណុប សំអាន មេគយច្រកទំនប់រលក អាងមានខ្នងបង្អែករឹងមាំនៅក្នុងអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ទើបហ៊ានធ្វើអ្វីៗ ស្រេចតែអំពើចិត្តរបស់ខ្លួន។ ជាងនេះទៅទៀត ការដែលលោក ណុប សំអាន និងបក្ខពួកឃុបឃិតគ្នា ប្រព្រឹត្តអំពើពុករលួយតាមច្រើនរូបភាព គឺមានការសម្របសម្រួលពីសំណាក់មេគយធំៗ នៅក្នុងខេត្តព្រះសីហនុ។

ប្រភព ដែលស្និទ្ធនឹងលោក ណុប សំអាន ប្រធានការិយាល័យគយ ច្រកទំនប់រលក បានឲ្យដឹងថា មួយរយៈចុងក្រោយនេះ លោក ណុប សំអាន ឃុបឃិតឲ្យឈ្មួញធំៗ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់កាន់តែច្រើនឡើងៗ ហើយលោក ណុប សំអាន តែងប្រើឈ្មោះមេគយធំៗ នៅក្នុងអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដើម្បីបិទបាំងទង្វើរបស់ខ្លួន។ ប្រភពឲ្យដឹងទៀតថា ទោះបីរឿងអាស្រូវពុករលួយរបស់លោក ណុប សំអាន ត្រូវបានលាតត្រដាងជាបន្តបន្ទាប់យ៉ាងណាក៏ដោយ ក៏ថ្នាក់ដឹកនាំក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏ដូចជាលោក គុណ ញឹម អគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បែរជា សម្ងំស្ងៀម ធ្វើមិនដឹងមិនឮអ្វីទាំងអស់។

ដោយឡែក ប្រភពពីក្រុមឈ្មួញ និងអាជីវករមួយចំនួន ដែលនាំចូលទំនិញតាមច្រកទំនប់រលក បានបង្ហើបឲ្យដឹងថា មួយរយៈចុងក្រោយនេះ លោក ណុប សំអាន បានប្រើអំណាចគាបសង្កត់យកលុយលើតុក្រោមតុពីពួកគេកាន់តែច្រើនឡើងៗ ហើយថែមទាំងរាប់ក្បាលរថយន្តដឹកទំនិញចេញពីផែទំនប់រលក យកលុយទៀតផង។ លើសពីនេះទៀត លោក ណុប សំអាន និងបក្ខពួក បានឃុបឃិតឲ្យឈ្មួញធំៗ ជាពិសេសឈ្មួញឈ្មោះ វិចិត្រ នាំចូលទំនិញគេចពន្ធ និងប្រេងសាំងគេចពន្ធយ៉ាងពេញបន្ទុក ធ្វើឲ្យរដ្ឋត្រូវខាតបង់ចំណូលពន្ធយ៉ាងច្រើនសន្ធឹកសន្ធាប់។

បើតាមការបង្ហើបពីមន្ត្រីគយ នៅខេត្តព្រះសីហនុ ឲ្យដឹងទៀតថា ដោយសារចំណាយដើមទុនយ៉ាងច្រើន ក្នុងការទទួលបានតំណែងជាប្រធានការិយាល័យគយច្រកទំនប់រលក ទើបលោក ណុប សំអាន ប្រព្រឹត្តអំពើពុករលួយ ដោយគ្មានខ្លាចក្រែងអ្វីឡើយ ដើម្បីស្រង់ដើម។

រីឯប្រភពខ្លះ បានឲ្យដឹងថា លោក ណុប សំអាន មេគយច្រកទំនប់រលក មានខ្នងបង្អែកធំជាងលោក គុណ ញឹម ដែលជាអគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ទៅទៀត ទើបលោក គុណ ញឹម បណ្ដោយឲ្យលោក ណុប សំអាន ធ្វើអ្វីៗតាមអំពើចិត្ត៕