កុងតឺន័របត់​ឆ្លងផ្លូវ ត្រូវរថយន្តកូរ៉េដឹកចំណីសត្វ បុកចំពាក់កណ្ដាល រួញកាប៊ីន របួសធ្ងន់ស្រាល៣នាក់

29-03-2019 7:37am

ភ្នំពេញៈ រថយន្តកុងតឺន័រមួយគ្រឿង ខណៈកំពុងបត់ឆ្លងផ្លូវ ត្រូវបានរថយន្តកូរ៉េមួយគ្រឿងបើកក្នុងលឿនលឿនជ្រុលទៅបុកពីទទឹងពេញទំហឹង បណ្តាលឲ្យរួញកាប៊ីន រងរបួស៣នាក់ ធ្ងន់២នាក់ ស្រាលម្នាក់។

គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងកាលពីវេលាម៉ោង១២៖១៥នាទីរសៀល ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៩ ស្ថិតនៅតាមមហាវិថីឈ្នះ ឈ្នះ ភូមិត្រពាំងធ្នង់ សង្កាត់សំរងក្រោម ខណ្ឌពោធិសែនជ័យ។

រថយន្តកុងតឺន័រ ម៉ាក MITSUBISI ពណ៌ស ពាក់ស្លាកលេខ ព្រះសីហនុ 3A-0871បើកចេញពីឃ្លាំងឆ្លងកាត់ទទឹងផ្លូវ បំណងបត់ទៅត្បូង ត្រូវបានរថយន្តកូរ៉េ ដឹកចំណីសត្វពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3D-6484 បើកបរដោយឈ្មោះ ច្រឹក ឈង ភេទប្រុស អាយុ២៦ឆ្នាំ ស្នាក់នៅភូមិថ្នល់ទទឹង ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល មានស្រុកកំណើតនៅខេត្តកំពង់ធំ ចំណែកព្រូរថយន្ត២នាក់ ទី១ ឈ្មោះ ពេជ្រ ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិបាត់ដឹង ឃុំក្សេមក្សាន្ត ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ។ ទី២ ឈ្មោះ ដា វិត ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិត្រពាំងវែង ឃុំសំបូរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។

សមត្ថកិច្ច បានឲ្យដឹងថា រថយន្តកូរ៉េដឹកចំណីសត្វ បើកពីជើងទៅត្បូងក្នុងល្បឿនលឿនជ្រុលទៅបុកពីទទឹងរថយន្តកុងតឺន័រ បណ្តាលឲ្យរងរបួសធ្ងន់៣នាក់ ធ្ងន់២នាក់ ស្រាលម្នាក់ ចំណែកអ្នកបើកបររថយន្តកុងតឺន័រ ចុះរត់គេចខ្លួនបាត់។

ក្រោយកើតហេតុ ភាគីខាងរថយន្តកូរ៉េ របួស៣នាក់ ត្រូវបានដឹកបញ្ជូនទៅមន្ទីរពេទ្យ ។ ចំណែក រថយន្តទាំង២គ្រឿង ត្រូវបានប្រគល់ឲ្យការិយាល័យចរាចរណ៍ជើងគោកក្រុងភ្នំពេញ រង់ចាំដោះស្រាយពេលក្រោយ៕