ឧកញ៉ាឧត្តមសេនីយ៍ ថន វីរ់ៈ កំពុងយកឥទ្ធិពល "ង៧០" ប្រើគ្រឿងចក្រឈូសឆាយទន្ទ្រានយកដីព្រៃ ក្នុងដែនឧទ្យានជាតិព្រះសីហនុ "រាម" យ៉ាងអនាធិបតេយ្យ ខណៈក្រសួងបរិស្ថាន ទើបព្រមានចាត់ការតាមច្បាប់ថ្មីៗ

28-03-2019 12:01pm

ព្រះសីហនុៈ ប្រជាពលរដ្ឋស្រុកព្រៃនប់ បានលើកឡើងថា ដីព្រៃក្នុងដែនឧទ្យានជាតិព្រះសីហនុ "រាម" ទំហំរាប់រយហិកតា ស្ថិតក្នុងភូមិសាស្ត្រឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ត្រូវបានលោកឧត្តមសេនីយ៍ និងមានងារជាឧកញ៉ា ថន វីរៈ កំពុងយកឥទ្ធិពលកងពលតូចថ្មើរជើង "ង៧០" ជាខែល ដើម្បីប្រើប្រាស់គ្រឿងចក្រឈូសឆាយទន្ទ្រានយកដីរដ្ឋធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន ដោយគ្មានរំខានពីអាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចជំនាញម្តងណាឡើយ។ ការនេះ ហាក់បានធ្វើផ្គើនទៅនឹងការព្រមានរបស់ក្រសួងបរិស្ថាន ដែលព្រមានចាត់ការអ្នករុករាន ទន្ទ្រាន រំលោភ ឬពុះឡូតិ៍លើដីក្នុងតំបន់ឧទ្យានជាតិរាម ដើម្បីលក់ដូរ។

ប្រភពដដែលបន្តឲ្យដឹងថា ក្រោមការគ្រប់គ្រង និងត្រួតពិនិត្យបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ ថន វីរៈ ដោយយកលេសថា ជាបន្ទាយរបស់កងទ័ព បានធ្វើសកម្មភាពហាមប្រាមប្រជាពលរដ្ឋមិនឲ្យចូលទៅទីនោះ រីឯក្រុមខ្លួនអាចទន្ទ្រានយកដីព្រៃរបស់រដ្ឋបំផ្លិចបំផ្លាញធនធានធម្មជាតិក្នុងដែនឧទ្យានជាតិព្រះសីហនុ "រាម" អស់រយៈពេលជាច្រើនឆ្នាំកន្លងទៅ។

សកម្មភាពខាងលើនេះ ត្រូវបានមហាជនលើកឡើងថា លោកឧត្តមសេនីយ៍ និងមានងារជាឧកញ៉ា ថន វីរៈ កំពុងប្រើល្បិចកលឆ្ពិនភ្នែក ដោយធ្វើរបាយការណ៍ភូតកុហកថ្នាក់លើ ក្នុងបរិបទ "កន្ទេលធំបន្លំដេក" ចង់កេងចំណេញ និងចង់បន្លំ ដើម្បីទាញយកធ្វើផលប្រយោជន៍ផ្ទាល់ខ្លួន។

ជាមួយគ្នានេះដែរ សកម្មភាពបំផ្លិចបំផ្លាញធនធានធម្មជាតិដោយផ្ទាល់ និងដោយប្រយោលរបស់លោក ថន វីរៈ ដោយសារតែការគ្រប់គ្រង និងការប្រើសិទ្ធិក្នុងការសម្រេច ដោយបុគ្គលក្នុងស្ថាប័នមានអំណាចធំពេក និងការកំណត់ព្រំដែន នៃអំណាចមិនច្បាស់លាស់ និងគ្មានការត្រួតពិនិត្យលើការប្រើអំណាច និងសិទ្ធិផងនោះ នាំឲ្យលោកឧត្តមសេនីយ៍ និងមានងារជាឧកញ៉ា ថន វីរៈ អាចប្រើប្រាស់អំណាច និងសិទ្ធិរបស់ខ្លួនហួសព្រំដែន និងមានបំណងចង់ធ្វើអ្វីមួយតាមទំនើងចិត្តរបស់ខ្លួន។

ដោយឡែក ប្រភពព័ត៌មានពីមន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន បានគូសបញ្ជាក់ថា ឧទ្យានជាតិព្រះសីហនុ "រាម" ជាដីសាធារណៈរបស់រដ្ឋ គ្មានជនណាម្នាក់ មានសិទ្ធិរុករានទន្ទ្រានកាន់កាប់ និងទិញ-លក់ដីរដ្ឋឡើយ ទោះបីជាមានការបញ្ជាក់ពីមេឃុំ ឬចៅហ្វាយស្រុកក៏ដោយ។ ការលើកឡើងដូច្នេះ ក្រោយពីមានចលនានៃការកាប់រុករានទន្ទ្រានកាន់កាប់ដីរដ្ឋដោយខុសច្បាប់ ពីសំណាក់ក្រុមជនខិលខូចនៅតែបន្តកើតមាន ទោះបីជាអាជ្ញាធរគ្រប់ជាន់ថ្នាក់ ខិតខំប្រឹងប្រែងក្នុងការទប់ស្កាត់បង្ក្រាបយ៉ាងណាក៏ដោយ។

លោក លិន សារិន មេឃុំរាម ឲ្យដឹងថា ទាក់ទងករណីខាងលើនេះ លោកពុំមានជាប់ពាក់ព័ន្ធនោះទេ ហើយក៏មិនហ៊ានជាមួយលោក ថន វីរៈ ដែរ។ លោកថា បើសិនជាចង់ដឹងរឿងនេះច្បាស់ គឺមានតែលោកអភិបាលស្រុកព្រៃនប់ និងលោកអភិបាលខេត្តព្រះសីហនុ តែប៉ុណ្ណោះ។

អង្គភាពសារព័ត៌មាន Cam Post បានធ្វើការទាក់ទងទៅលោក យន្ត មីន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ហៅចូលតាមទូរស័ព្ទ តែមិនមានអ្នកទទួលនោះទេ។ ជាមួយគ្នា យើងក៏មិនអាចសុំការបំភ្លឺពីលោកឧត្តមសេនីយ៍ និងមានងារជាឧកញ៉ា ថន វីរៈ បានទេ នៅថ្ងៃនេះ ដោយពុំមានលេខទូរស័ព្ទធ្វើការទាក់ទង។

សូមរំឭកថា សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានចេញបទបញ្ជាដាច់ខាត មិនឲ្យមេបញ្ជាការគ្រប់ជាន់ថ្នាក់ ឬបញ្ជាការកងទ័ព ចូលរួមសកម្មភាពទំនាស់ដីធ្លីរបស់ប្រជាពលរដ្ឋនោះឡើយ ព្រោះវាមិនស្របតាមច្បាប់លក្ខន្តិកៈរបស់កងយោធពលខេមរភូមិន្ទ។ ការចូលរួមសកម្មភាពពាក់ព័ន្ធនឹងទំនាស់ដីធ្លីនេះ មានតែមន្រ្តីយុត្តិធម៌ ក្នុងកងរាជអាវុធហត្ថតែប៉ុណ្ណោះ។

ជាមួយគ្នានេះ មាត្រា១ នៃច្បាប់ស្តីពីលក្ខន្តិកៈទូទៅចំពោះយោធិន នៃកងយោធពលខេមរភូមិន្ទ ចែងថា កងយោធពលខេមរភូមិន្ទ មានភារកិច្ចបម្រើប្រទេសជាតិ។ បេសកកម្មរបស់កងយោធពលខេមរភូមិន្ទ គឺត្រូវរៀបចំប្រើប្រាស់កម្លាំងកងយោធពលខេមរភូមិន្ទ ដើម្បីការពារកសាងមាតុភូមិ និងដើម្បីផលប្រយោជន៍ដ៏ខ្ពង់ខ្ពស់របស់ប្រទេសជាតិ។ ក្នុងកាលៈទេសៈចាំបាច់ កងយោធពលខេមរភូមិន្ទ អាចចូលរួមក្នុងការការពារសន្តិសុខសាធារណៈ និងជាជំនួយដល់ប្រជាពលរដ្ឋ ដែលជួបការលំបាក ឬមានអាសន្នមហន្តរាយ។

សូមជម្រាបថា ឧទ្យានជាតិព្រះសីហនុ "រាម" មានទីតាំងស្ថិតនៅទិសនិរតី នៃព្រះរាជាណាចក្រកម្ពុជា ស្ថិតនៅចន្លោះរវាងកោះថ្មី និងក្រុងព្រះសីហនុ មានចម្ងាយប្រហែល១៨គីឡូម៉ែត្រ ពីក្រុងព្រះសីហនុ និងមានចម្ងាយប្រមាណ១៩៤គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ តាមផ្លូវជាតិលេខ៤។

ឧទ្យានជាតិព្រះសីហនុ "រាម" ស្ថិតនៅក្នុងស្រុកព្រៃនប់ ក្នុងខេត្តព្រះសីហនុ មានទីតាំងខាងជើង ជាប់នឹងផ្លូវជាតិលេខ៤ ឃុំរាម ឃុំអូរឧកញ៉ា ហេង ដែលស្ថិតនៅជាប់ជួរភ្នំ។ ខាងកើត ជាប់ឃុំបត់ ត្រង់ភូមិអុងក្នុង ឃុំរាម និងឈូងសមុទ្រថៃ។ ខាងលិច ជាប់នឹងឃុំបឹងតាព្រហ្ម និងឃុំអូរជ្រៅ ខាងត្បូង ជាប់នឹងឈូងសមុទ្រថៃ។

ឧទ្យានជាតិព្រះសីហនុ "រាម" មានផ្ទៃដី២១.០០០ហិកតា នេះក្រៅពីនៅជាប់មាត់សមុទ្រ ក៏ស្ថិតនៅក្នុងតំបន់ជួរភ្នំក្រវាញ ដោយប្រជុំភ្នំ នៅតំបន់ទាំងនោះ ស្ថិតនៅរាយប៉ាយពេញតំបន់ ហើយមានរយៈកម្ពស់ប្រែប្រួលពី៥០ម៉ែត្រ ដល់២៨៤ម៉ែត្រ ដោយមានភ្នំតូចធំ និងកោះចំនួន២ គឺកោះថ្មី និងកោះសេះ។

ឧទ្យានជាតិព្រះសីហនុ "រាម" បានបើកនៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ១៩៩៣ ដែលមានទំហំផ្ទៃដីសរុប២១.០០០ហិកតា ដែលក្នុងនោះ ១៥.០០០ហិកតា ជាដីគោកតាមឆ្នេរសមុទ្រ និង៦.០០០ហិកតា ជាផ្ទៃទឹកសមុទ្រ៕