សម្តេចតេជោ ហ៊ុន សែន ហាមមិនឲ្យលក់ដាច់ខាត នូវទីតាំង CDRI

26-03-2019 10:02am

ភ្នំពេញៈ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសយ៉ាងម៉ឺងម៉ាត់ថា មិនឲ្យមានការលក់ទីតាំង​វិទ្យាស្ថានបណ្តុះបណ្តាល និងស្រាវជ្រាវ ដើម្បីអភិវឌ្ឍន៍កម្ពុជា (CDRI) ឡើយ។

មានប្រសាសន៍ក្នុងពិធីបើសន្និសីទចក្ខុវិស័យប្រទេសកម្ពុជា លើកទី១៣ ឆ្នាំ២០១៩ ដែលធ្វើឡើងនៅសណ្ឋាគារ The Great Duke (InterCon) រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៦ ខែមីនា សម្តេចតេជោ ហ៊ុ ន សែន បានលើកឡើងថា រយៈពេលប៉ុន្មានខែមកនេះ មានការៀបចំស្នើសុំប្តូរទីតាំង​CDRI បច្ចុប្បន្ននេះ ធ្វើជាវិស័យឯកជន រួចហើយយកកន្លែងធ្វើជាទីតាំងថ្មី ឬមួយផ្នែកកសាងអគារសម្រាប់ CDRI  និងមួយផ្នែកទៀត​ សម្រាប់វិស័យឯកជន។

សម្តេចបានបញ្ជាក់ថា "ខ្ញុំសូមបញ្ជាក់ថា ខ្ញុំសូមបដិសេធន៍រូចហើយ ក៏ប៉ុន្តែខ្ញុំសូមបញ្ជាក់ថា ដីនៅកន្លែងនេះ ដាច់ខាតមិនត្រូវប្រគល់ឲ្យអ្នកណាទេ ក្រៅពីទុកប្រើប្រាស់ទៅលើបញ្ហាស្រាវជ្រាវ"។

សម្តេចតេជោ ក៏បានលើកឡើងថា ទីតាំងរបស់ CDRI នាពេលបច្ចុប្បន្ននេះ មានប្រវត្តិវែងឆ្ងាយ ដោយកាលពីឆ្នាំ១៩៩០ ដែលមានលោកស្រី អី វ៉ា និងលោក ជា ចាន់តូ យើងបានប្រឹងប្រែងធ្វើកន្លែងនេះ ដើម្បីបង្កើតធនាគារខួរក្បាល ដែលមានរហូតមកដល់ពេលនេះ បើគិតទៅមានអាយុ២៩ឆ្នាំហើយ ដូច្នេះ បើទោះបីជាកន្លែងនេះត្រូវបាក់បែកខ្ញុំខុសចិត្តប្រមូលធនធាន ដើម្បីជាកន្លែងនេះ សម្រាប់ធ្វើការនៃវិទ្យាស្ថាននេះបន្តទៀត។

សម្តេចថា ចាត់ទុកកន្លែងនេះ គឺជាកូនបង្កើតដែលខ្ញុំបានបង្កើតវាឡើង ដោយផ្តល់ដី និងថែទាំវាតាំងពីពេលនោះរហូតមកពេលនេះ។  អីញ្ចឹងសូមកុំឲ្យអ្នកណាមួយផ្តួចផ្តើមគំនិតទាក់ទិននឹងដីនេះឲ្យសោះ។ ប្រសិនបើជាមន្ត្រីរាជរដ្ឋាភិបាល ខ្ញុំមិនអាចប្រាប់ នឹងណែនាំពួកគេទៀតទេ។ យើងបានធ្វើអំពីកិច្ចការមួយចំនួនពីការដោះដូរអគារនេះ អគារនោះ នៅពេលយើងគ្មានប្រាក់។ ឥឡូវ​កន្លែងដែលយើងដោះដូរនោះក្លាយជាក្រសួង ស្ថាប័នធំៗ រួចទៅហើយ។

សម្តេចក៏បានលើកឡើងថា ក៏ប៉ុន្តែ CDRI មានប្រវត្តិជិត៣០ឆ្នាំមកហើយ ដោយគ្មានការដោះដូរទីតាំងនោះទេ។ អីញ្ចឹងសូមបញ្ជាក់ឲ្យបានជ្រាបសម្រាប់ទីតាំងនេះ ហើយនេះមិនមែនជារឿងថ្មីសម្រាប់ ហ៊ុន សែនទេ វាជារឿងចាស់របស់ ហ៊ុន សែន ដែលបានបង្កើតស្ថាប័នខួរក្បាល គឺ​ CDRI  តាំងពីលោកស្រី អី វ៉ា និងលោក ជា ចាន់តូ ហើយខ្ញុំទៅកន្លែងនេះមុនគេ៕