មនុស្សរាប់ម៉ឺននាក់ ត្រេកអរនឹងភ្លៀងធ្លាក់​ ខណៈអាកាសធាតុក្តៅពេក តែមនុស្សពីរគ្រួសារ ត្រូវបង្ហូរទឹកភ្នែក

24-03-2019 3:26pm

ក្រចេះ៖ មនុស្សរាប់ម៉ឺ​ននាក់ សប្បាយរីករាយយ៉ាងខ្លាំង នៅពេលមេឃបង្ហុរទឹកភ្លៀងមួយមេ មកលើ​ផែនដី ព្រោះថា អាកាសធាតុក្តៅពេក។ ប៉ុន្តែ​មនុស្សពីរគ្រួសារ ត្រូវបង្ហូរទឹកភ្នែកដោយសារន្ទះឥតប្រណី បានបាញ់ទម្លុះ​ក្បឿង បណ្ដាលឲ្យ​ស្លាប់សមាជិកគ្រួសារ​ពីរនាក់ ក្នុង២ករណីផ្សេង​។

ករណីទី១ នៅវេលាម៉ោង៦៖២០នាទីល្ងាច ថ្ងៃទី២៣ ខែមីនា ឆ្នាំ​២០១៩ នៅចំណុ​ចប៉ោភូមិ ឃុំគ្រញ៉ូងសែនជ័យ ស្រុកស្នួល ខេត្តក្រចេះ ភ្លើងខ្យល់កន្ត្រាក់មួយមេធំ បង្កឲ្យមានរន្ទះបាញ់ បណ្ដាលឲ្យស្លាប់មនុស្សម្នាក់ និងរងរបួសម្នាក់ ខណៈជនរងគ្រោះនៅក្នុងផ្ទះចម្ការរបស់ខ្លួន។

ជនរងគ្រោះ ដែលស្លាប់ឈ្មោះ ទ្រី ភ័ក្រ្ក ភេទប្រុស អាយុ២៦ឆ្នាំ។

ករណីទី២ នៅវេលាម៉ោង៦៖៣៥នាទីយប់​ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៩ នៅចំណុចភូមិគ្រង ឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ មានករណីភ្លៀង និងលាយខ្យល់កន្ទ្រាក់ បង្កជារន្ទះបាញ់សម្លាប់​មនុស្សម្នាក់ ខណៈ​កំពុងឈរលើគ្រែក្រោមផ្ទះ ហូបទឹក បន្ទាប់ពីហូបបាយរួច បណ្ដាលឲ្យ​ធ្លាក់ពីលើគ្រែស្លាប់ភ្លាមៗតែម្ដង។

ជនរងគ្រោះឈ្មោះ ជ្រីន កូមីន ភេទប្រុស អាយុ១៦ឆ្នាំ៕