ក្រសួងរ៉ែ និងថាមពល សន្យាថា ចាប់ពីឆ្នាំ២០២០ កម្ពុជា នឹងមិនខ្វះអគ្គិសនី ប្រើប្រាស់ទៀតទេ

22-03-2019 6:26pm

ភ្នំពេញៈ នៅឆ្នាំ២០១៩នេះ កម្ពុជាបាននឹងកំពុងខ្វះខាតអគ្គិសនី និងទឹកប្រើប្រាស់ ប៉ុន្តែរដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល លោក ទី នរិន្ទ បានប្តេជ្ញា និងសន្យាថា ចាប់ពីឆ្នាំ២០២០តទៅ ក្រសួងរ៉ែ ព្រមទាំងភាគីពាក់ព័ន្ធមួយចំនួនទៀត នឹងមានវិធានការណ៍ដោះស្រាយ មិនធ្វើឲ្យខ្វះអគ្គិសនីប្រើប្រាស់ទៀតឡើយ។

កាលពីឆ្នាំ២០១៨ កម្ពុជា បានប្រើប្រាស់អគ្គិសនី សរុប៩៣០០លានគីឡូវ៉ាត់ម៉ោង ពោលគឺ២៥,៥លានគីឡូវ៉ាត់ម៉ោងក្នុង១ថ្ងៃ។ កំណើននៃការប្រើប្រាស់ កើនឡើងយ៉ាងគំហុក ចាប់ពីខែមករា និងខែកុម្ភៈកន្លងមក ដោយឈានដល់៣១លានគីឡូវ៉ាត់ម៉ោងក្នុង១ថ្ងៃ។

ក្នុងសន្និសីទសារព័ត៌មាន ស្ដីពីបច្ចុប្បន្នភាព ផែនការថាមពលសាធារណៈ (អគ្គិសនី) នៅរសៀលថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ លោក ទី នរិន្ទ មានប្រសាសន៍ថា ក្នុងនាមខ្ញុំក្រសួងរ៉ែ និងថាមពល ខ្ញុំសន្យានៅទីនេះហើយថា នៅឆ្នាំនេះ ឆ្នាំ២០២០ ហើយបន្ដទៀត មិនកើតទៀតទេ ព្រោះយើងរៀនសូត្រនៅថ្ងៃនេះ ពីគ្រោះរាំងស្ងួត

ឆ្លៀតឱកាសនោះ លោករដ្ឋលេខាធិការ បានលើកឡើងថា វារីអគ្គិសនី នៅខេត្តពោធិ៍សាត់ មានកម្លាំងថាមពល៨០មេកាវ៉ាត់ ដែលកំពុងស្ថិតក្នុងការចរចារ ក៏ប៉ុន្ដែការចរចារនេះសម្រេចបាន៩៥% ក្នុងការសាងសង់វារីអគ្គិសនី ដូច្នេះការសាងសង់ នឹងធ្វើឲ្យទាន់ពេលវេលា នៅឆ្នាំ២០២២ ខាងមុខ ។

សូមរំលឹកថា តាមការព្យាកររបស់ក្រសួងធនធានទឹក និងឧតុនិយម នៅអំឡុងខែ មីនា-មេសា-ឧសភា ឆ្នាំ២០១៩នេះ កម្ពុជាមានភាពក្តៅហួតហែងជាខ្លាំង ខុសប្លែកពីបណ្តាឆ្នាំមុនៗ ដែលនាំឲ្យមានគ្រោះរាំងស្ងួត ។ ក្នុងនោះសីតុណ្ហភាពឡើង ទៅដល់ក្នុងរង្វង់ ៤០អង្សាសេ៕