ចាប់ជំរិតសិស្ស៥១នាក់ គំរាមចាក់សាំងដុតសម្លាប់ នៅលើរថយន្តក្រុង សំណាងប៉ូលិសអ៊ី​តាលី វាយកញ្ចក់ជួយទាន់ពេល

21-03-2019 10:02am

អ៊ី​តាលីៈ អ្នកបើកបររថយន្តក្រុង នៅភាគខាងជើងអ៊ី​តាលី បានចាប់សិស្សសាលា៥១នាក់ ធ្វើដំណើរនៅលើរថយន្តក្រុង គំរាម​មចាក់សាំងដុតសម្លាប់។ ប៉ុន្តែជាភ័ព្វ​សំណាង កម្លាំងប៉ូលិស បានលួចបំបែកកញ្ជក់ខាងក្រោយរថយន្តក្រុង បញ្ជូនសិស្សចេញទៅក្រៅ ដោយសុវត្ថិភាព។

ជនចាប់ពង្រាត់សិស្សសាលា ត្រូវប៉ូលិសបង្ហើបថា ជាពលរដ្ឋអ៊ីតាលី មកពីតំបន់ Senegalese អាយុ៤៧ឆ្នាំ។ ជននេះ បាននិយាយថា រូបគេមានបំណងរកយុត្តិធម៌ ដល់ជនអន្តោប្រវេសន៍ រងគ្រោះនៅទ្វីបអឺរ៉ុប ដែលបានស្លាប់នៅសមុទ្រមេឌីទែរ៉ាណេតែប៉ុណ្ណោះ ហើយរូបគេមិនមានបំណងធ្វើបាបនរណាម្នាក់នោះឡើយ។

ប៉ុន្តែរដ្ឋអាជ្ញាអ៊ីតាលី បញ្ជាក់ថា ជនសង្ស័យឈ្មោះ Ousseynou Sy បានរៀបផែនការទុកជាមុន ក្នុងនោះមានការទិញប្រេងសាំងរក្សាទុក និងឧបករណ៍ផ្សេងដទៃទៀតផងដែរ។

ជននេះ ត្រូវបាន​ចោទប្រកាន់ពីបទសង្ស័យចាប់ពង្រាត់, ចេតនាសម្លាប់រង្គាល, ការដុតឲ្យឆេះ និងការប្រឆាំងជាមួយកងកម្លាំងអនុវត្តច្បាប់ ។ រដ្ឋអាជ្ញាររកមិនឃើញថា ជននេះមានទំនាក់ទំនងជាមួយក្រុមឧទ្ទាមរដ្ឋឥស្លាមនោះទេ។ រូបគេធ្វើសកម្មភាពតែម្នាក់ឯងប៉ុណ្ណោះ។ មុនធ្វើសកម្មភាព ជននេះបានផ្ញើសារទៅកាន់មិត្តភក្តិរបស់ខ្លួន។

សូមបញ្ជាក់ថា សិស្សសាលាទាំង៥១នាក់ ដែលត្រូវចាប់ពង្រាត់នេះ ពុំមាននរណាមួយរងរបួសធ្ងន់ធ្ងរឡើយ។ ប៉ូលិសពិសេស បានប្រតិបត្តិការវាយបំបែកកញ្ចក់រថយន្តពីខាងក្រោយ ចូលរំដោះសិស្សសាលាប្រកបដោយសុវត្ថិភាព និងចាប់ខ្លួនជនចាប់ជំរិត ដែលដុតរថយន្តនេះតែម្តង នាំទៅដាក់ទោសតាមច្បាប់៕