សម្ដេចតេជោ ផ្ដាំអតីតមេបក្សប្រឆាំង កុំចាត់ទុកអតីតមន្ត្រី និងសហការីខ្លួន ដែលសុំសិទ្ធិនយោបាយ ដូចជាទំនិញលក់ដូរ

20-03-2019 11:13am

ភ្នំពេញៈ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានផ្តាំទៅលោក សម រង្ស៊ី ថា កុំចាត់ទុកសហការីដែលជាអតីតមន្ត្រីបក្សប្រឆាំង ដែលសុំសិទ្ធិនយោបាយ ដូចជាទំនិញលក់ដូរ។

ថ្លែងក្នុងជំនួបសំណេះសំណាលជាមួយកម្មករនៅខេត្តពោធិ៍សាតិ៍ នាព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៩នេះ សម្តេចតេជោ បានបញ្ជាក់ថា «ខ្ញុំឃើញអាណាមួយ បង្ហោះក្នុងហ្វេសប៊ុកថា អុ្នកសុំសិទ្ធិនយោបាយ ត្រូវបានទិញពី១០ម៉ឺនដុល្លារ ឬ២០ម៉ឺល្លារ តែសុំផ្តាំទៅអ្នកកុំចាត់ទុកអតីតមន្ត្រីសហការីរបស់អុ្នកជាទំនិញលក់ដូរឲ្យសោះ។ កុំមើលស្រាលអ្នកដែលមិននៅជាមួយអ្នកឯង ហើយគេសុំសិទ្ធិនយោបាយសេរីភាពរបស់គេក្លាយជាទំនិញ ដែលគេត្រូវទិញ។ ហ៊ុន សែន គ្មានអ្វីចាំបាត់ដើម្បីទៅទិញអ្នកណាទេ ព្រោះមនុស្សទាំងអស់នោះ មិនមែនជាសត្វធាតុ ឬវត្ថុសម្រាប់លក់នោះទេ។ យើងត្រូវផ្តល់ការគោរពចំពោះសេរីភាពចំពោះមនុស្សទាំងអស់ ទោះបីអ្នកនោះ នៅគណបក្សនយោបាយ ក៏ដោយយើងខ្ញុំគោរព»។

សម្តេចបញ្ជាក់ថា «នៅក្នុងបក្សនយោបាយណាក៏ដោយ យើងខ្ញុំផ្តល់ការគោរព អ្នកចេញមកសុំសិទ្ធិនយោបាយ យើងខ្ញុំក៏គោរពអ្នកសុំសិទ្ធិនយោបាយ ហើយអ្នកមិនសុំសិទ្ធិក៏យើងខ្ញុំគោរព ចំពោះសេចក្តីសម្រេចរបស់អ្នក ហេតុអ្វីបានជាអ្នក មើលងាយ ចំពោះអ្នកដែលធ្លាប់ធ្វើការនៅជាមួយអ្នក បែរជាទំនិញលក់ដូរទៅវិញ គណបក្សប្រជាជន មានចំណេះដឹងខ្ពស់ច្រើន ហើយគណបក្សខ្លះមានបណ្ឌិតពីឬបីនាក់។ ពូមិននិយាយអួតអាងអ្វីទេ គណបក្សខ្លះគ្មានបញ្ញាវន្តស្មើនឹងអ្នកផ្ទះរបស់ពូផង»។

សម្តេចក៏បានលើកឡើងថា សម្តេចគ្មានលុយទិញអ្នកសុំសិទ្ធិនយោយោបាយនោះទេ។ សម្តេចបញ្ជាក់ថា «ហ៊ុន សែន គ្មានលុយទិញ១០ ឬ២០ម៉ឺនដុល្លារនោះទេ ហើយបើ ហ៊ុន សែន មានលុយបែបនេះ ហ៊ុន សែន ធ្វើសាលាឲ្យពេញវាលនេះ។ ហ៊ុន សែន គ្មានលុយទិញទេ ហើយក៏គ្មានចាំបាច់ទិញទេ ធនធានមនុស្សរបស់គណបក្សប្រជាជនកម្ពុជា មិនទាន់ប្រើអស់សក្តានុពលឲ្យត្រូវមុខជំនាញឡើយទេ»។

សម្តេចគូសបញ្ជាក់ទៀតថា «អ្នកឯងតត្រូវចាំចំណេះអ្នកឯងមិនទាន់គ្រប់គ្រាន់ទេ មិនទាន់ត្រូវកាលីបគ្រប់គ្រងប្រទេសនោះទេ ហើយមិនទាន់ត្រូវដល់កាលីប សូម្បីជាអ្នកជំនួយការរបស់រដ្ឋមន្ត្រីម្នាក់ របស់ ហ៊ុន សែន ក៏មិនទាប់គ្រប់កាលីបដែរ»។

សម្តេចបន្ថែមថា គេកងសាងធនធានមនុស្សជាង៤០ឆ្នាំមកហើយ រាប់ទាំងក្បាលអ្នកឯង ក៏គេបញ្ជូនទៅរៀន។ មានម្នាក់នោះ បានបង្ហោះហ្វេសប៊ុក ថាតើខ្ញុំគួរប្រឆាំងគាត់ឬអត់ បើគាត់ដឹកនាំប្រទេស បើគាត់បញ្ជូនខ្ញុំឲ្យទៅរៀននៅក្រៅប្រទេសនោះ»។

សូមជម្រាបថា អតីតថ្នាក់ដឹកនាំអតីតសង្គ្រោះជាតិ ដែលទទួលបានសិទ្ធិធ្វើនយោបាយឡើងវិញនោះ រួមមាន ទី១.លោក គង់ គាំ អតីតទីប្រឹក្សាជាន់ខ្ពស់គណបក្សសង្រ្គោះជាតិ, ទី២.លោក គង់ បូរ៉ា អតីតតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ,ទី៣.លោក ស៊ីម សុវណ្ណនី និងទី៤.លោក រៀល ខេមរិន្ទ អតីតតំណាងរាស្រ្ត នៃអតីតគ ណបក្សសង្រ្គោះជាតិ, ទី៥.លោក អ៊ូ ច័ន្ទរ័ត្ន, ទី៦.លោកស្រី ទេព សុទ្ធី, ទី៧.លោក កង គឹមហាក់ ទី៨.លោក ជីវ កត្តា និងទី៩.លោក ច័ន្ទ សិលា៕