ខ្លាំងប៉ះខ្លាំង! មានអីសមត្ថកិច្ច វាយខ្នោះទាំង២នាក់ គ្រាន់តែរឿងជិះម៉ូតូប៉ះគ្នាបន្តិចបន្តួចសោះ

19-03-2019 10:59am

ភ្នំពេញៈ យុវជន២នាក់ ត្រូវសមត្ថកិច្ចឃាត់យកមកធ្វើការសាកសួរ ដោយសារតែពពួកគេជិះម៉ូតូទៅប៉ះគ្នាបន្តិចបន្ទួចសោះ មិនចេះយោគយល់គ្នា ក៏កើតជាហិង្សាវាយគ្នាទៅវិញទៅមក បណ្តាលឲ្យរងរបួសទាំងសងខាង កាលពីវេលាម៉ោង១០និង៤០នាទី ថ្ងៃចន្ទ ១៣កើត ខែជល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៩ នៅចំណុចស្ថានីយ៍ប្រេងលីហៀង ផ្លូវ២០១១ កែងផ្លូវសម្តេចជាស៊ីម ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានញ្ជាក់ថា ភាគីទី១-ឈ្មោះ ហេង ប៊ុនលាភ ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះលេខ១០៥អា ផ្លូវលំ ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ (គ្មានសារធាតុញៀន) របួសក្បាលដេរ២០ថ្នេរ។ និងភាគីទី២-ឈ្មោះ ឈឿង ចំរៀន ភេទប្រុស អាយុ៣២ឆ្នាំ ជានជាតិខ្មែរ មុខរបរ មន្ត្រីក្រសួងធន់ធានទឹក ស្នាក់នៅផ្ទះលេខ៥ ភូមិចំការឱឡឹក សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ (គ្មានសារធាតុញៀន) របួសក្បាលដេរ៨ថ្នេរ និងរបួសលើកញ្ចឹងក ក្បាលជង្គង់ កែងជើង បែកបបូរមាត់ និងចំភ្នែក។

សម្ភារៈបន្សល់ទុក៖ ដុំថ្ម១ដុំ, ដែកប្រហោងជ្រុងប្រវែង១២០សង់ទីម៉ែត្រ និងម៉ូតូ១គ្រឿង ម៉ាកឡែត ផលិតឆ្នាំ២០១៨ ពាក់ស្លាកលេខ ព្រៃវែង 1M-9718 និងម៉ូតូម៉ាកសេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០១៧ ពាក់ស្លាកលេខ ភ្នំពេញ 1GF-8518។

យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានបញ្ជាក់ថា មុនពេលកើតហេតុ ភាគីទី១ បានជិះម៉ូតូចេញពីផ្សារឈូកមាស  ធ្វើដំណើរតាមផ្លូវមកដល់ចំណុចកើតខាងលើ ក៏ជិះម៉ូតូបុកគ្នាជាមួយភាគីទី២ ហើយភាគីទាំង២ បានមានទំនាស់គ្នា និងបានវាយតប់គ្នាទៅវិញទៅមក បណ្តាលឲ្យមានរបួសទាំងសងខាង បន្ទាប់មកកម្លាំងល្បាតប៉ុស្កិ៍គោកឃ្លាង បានធ្វើការល្បាតដល់ចំណុចកើតហេតុខាងលើ ឃើញហេតុការណ៍ ក៏ធ្វើការឃាត់ខ្លួនភាគីទាំង២ យកមកធ្វើការសាកសួរ នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខតែម្តង។

បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធី៕