Breaking News ៖ មនុស្សជាច្រើននាក់ រងរបួស ក្នុងហេតុការណ៍បាញ់ប្រហារ នៅលើរថភ្លើងអគ្គិសនី ប្រទេសហូឡង់

18-03-2019 6:41pm

ហូឡង់ៈ ក្រុមអាជ្ញាធរ បានអះអាងថា មនុស្សជាច្រើននាក់ បានរងរបួស ក្រោយឧប្បត្តិហេតុបាញ់ប្រហារនៅក្នុងរថភ្លើងអគ្គិសនី ក្នុងទីក្រុងយូត្រេក ប្រទេសហូឡង់។

ក្រុមនគរបាលនៅមិនទាន់ចាប់បានជនសង្ស័យណាម្នាក់នោះទេ បន្ទាប់ពីការបាញ់ប្រហារនៅទីលានកម្សាន្ត 24 October Square កាលពីព្រឹកថ្ងៃចន្ទ។ នេះបើយោងតាមការអះអាងរបស់លោក ជូស ឡានសេក អ្នកនាំពាក្យនគរបាល នៅភាគកណ្តាលប្រទេសហូឡង់។

លោក ឡានសេក បាននិយាយថា ឧទ្ធម្ភាគច្រកសង្រ្គោះ៣គ្រឿង ត្រូវបានបញ្ជូនមកកាន់កន្លែងកើតហេតុ ដែលត្រូវបានឡោមព័ទ្ធ ដើម្បីតាមដានស្ថានការណ៍។

ហេតុការណ៍បាញ់ប្រហារ ដែលបានកើតឡើងនៅវេលាម៉ោង១០ និង៤៥នាទីព្រឹកនេះ បច្ចុប្បន្នលែងមានការផ្ទុះអាវុធទៀតហើយ ប៉ុន្តែប្រតិបត្តិការរបស់ក្រុមនគរបាលកំពុងបន្ត។

នគរបាលក្រុងយូត្រេក បានអះអាងតាម Twitter ថា ក្រុមនគរបាលហូឡង់ បានបើកការស៊ើបអង្កេត ហើយពួកគេគិតថា វាអាចជាទង្វើរបស់ភេរវករ។

ដោយឡែក នាយករដ្ឋមន្រ្តីហូឡង់ លោក ម៉ាក រូតេ បាននិយាយថា លោកមានការព្រួយបារម្ភខ្លាំងណាស់ ចំពោះឧប្បត្តិហេតុមួយនេះ។

ខណៈនោះដែរ ក្រុមឆ្លើយតបបន្ទាន់ និងឡានពេទ្យ បានធ្វើដំណើរទៅដល់កន្លែងហេតុផងដែរ ដើម្បីចុះប្រតិបត្តិការសង្រ្គោះ៕