សហភាពអឺរ៉ុប​ អះអាងថា​ វិស័យការងារនៅកម្ពុជា មានភាពរីកចម្រើនខ្លាំង

14-03-2019 4:49pm

ភ្នំពេញៈ សហភាពអឺរ៉ុប​ បានអះអាងថា​ វិស័យការងារនៅកម្ពុជា មានភាពរីកចម្រើនខ្លាំង​ ដែលបានលើកស្ទួយដល់ជីវភាពប្រជាពលរដ្ឋ​ និងលើកកម្ពស់សេដ្ឋកិច្ចជាតិ។

ការលើកឡើងបែបនេះ​ ធ្វើឡើងក្នុងឱកាសជម្រា​បលា​ ជាមួយលោក​ អ៊ិត​ សំហេង រដ្ឋមន្រ្ដីក្រសួងការងារ​ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ​ កាលពីរសៀលថ្ងៃទី​១៤​ ខែមីនា​ នៅទីស្ដីការក្រសួង​ លោក​​ ចច​ អ៊ីការ​ ឯកអគ្គរដ្ឋទូតសហភាពអ៊ឺរ៉ុប​ ប្រចាំនៅកម្ពុជា​ បានវាយតម្លៃខ្ពស់ចំពោះសេដ្ឋកិច្ចកម្ពុជា​ មានកំណើនខ្ពស់​ ដែលបានធ្វើឲ្យជីវភាព​របស់ប្រជាពលរដ្ឋទាំងនៅទីក្រុង​ និងជនបទមានការរីកចម្រើ​នឡើង។ ម្យ៉ាងវិញទៀត​​ វិស័យការងារនៅកម្ពុជានាពេលបច្ចុប្បន្ននេះ​ គឺមានការរីកចម្រើន​ ដែលបានរួមវិភាគទានយ៉ាងសំខាន់នៅក្នុងសេដ្ឋកិច្ច ​និងសង្គម។

ជាមួយគ្នានេះ​ ភាគីទាំងពីរ​ បានពិភាក្សាគ្នាទៅលើបញ្ហាវិស័យការងារ​ សម្រាប់អភិវឌ្ឍន៍​សិទ្ធិការងារ និងលក្ខខណ្ឌការងារនៅកម្ពុជា​ ដើម្បីបន្ដជំរុញឲ្យមានការអភិឌ្ឍបន្ថែមទៀត។

លោក​​ ចច​ អ៊ីការ​ សង្ឃឹមថា​ កម្ពុជា​-សហភាពអឺរ៉ុប​នឹងមានទំនាក់ទំនងល្អជាមួយគ្នាបន្ដទៀត​ ។

ជាមួយគ្នានេះ​ លោក​រដ្ឋមន្រ្តី ​អ៊ិ​ត​ ហេង​ ក៏បានថ្លែងអរគុណចំពោះសហភាពអឺរ៉ុប ដែលបានជួយអភិវឌ្ឍន៍នៅកម្ពុជានាពេលកន្លងមក។

លោក​រដ្ឋមន្រ្តី​  ក៏បានស្នើឲ្យសហភាពអឺរ៉ុប​ ជួយបញ្ជូនព័ត៌មានល្អអំពីវឌ្ឍនភាព​ និងវិស័យការងារ ដែលជាព័ត៌មានពិតនៅកម្ពុជាទៅដៃគូរអភិវឌ្ឍន៍នានានៅសហភាពអឺរ៉ុបផងដែរ​៕