អ្នកផលិតអំបិល កំពុងព្រួយបារម្ភអំពីទីផ្សារ ខណៈសហគមន៍ ត្រូវបានរំលាយ

14-03-2019 4:36pm

កំពតៈ ឆ្នាំ២០១៩ អំបិលខេត្តកំពត អាចផលិតបានជាធម្មតាឡើងវិញ ដោយសារអាកាសធាតុអំណោយផង ប៉ុន្តែអ្នកផលិតអំបិល កំពុងតែព្រួយបារម្ភអំពីទីផ្សារ ព្រោះសហគមន៍អ្នកផលិតអំបិល កំពត កែប ត្រូវបានរំលាយ ហើយអំបិលដែលនាំចូលពីប្រទេសក្រៅ មានតម្លៃថោក ជាងអំបិលក្នុងស្រុក។

ម្ចាស់ការដ្ឋានផលិតអំបិល លោក ងួន ចាន់សុជាតា បានប្រាប់ឲ្យដឹងថា ឆ្នាំនេះ អាកាសធាតុអំណោយផល ហើយការផលិតអំបិល មានភាពល្អប្រសើរ ហើយបើតាមការរំពឹងទុក ការដ្ឋានរបស់លោក នឹងផលិតអំបិល ឲ្យបាន៤០០តោន ។ លោកបានបញ្ជាក់ថា ការផលិតអំបិលធ្វើឡើងតាមធម្មជាតិ មានការលំបាកខ្លាំងណាស់ ម្យ៉ាងខ្វះកម្លាំងពលកម្មថែមទៀតផង បច្ចុប្បន្ន លោក បានប្តូរពីការប្រើកម្លាំងកម្មករ មកប្រើគោយន្តវិញ ក្នុងការរៀបចំថ្នាលបណ្តុះអំបិល។

លោកបានបន្តទៀតថា រូបលោក និងអ្នកផលិតអំបិលដទៃទៀត កំពុងតែព្រួយបារម្ភ អំពីតម្លៃទីផ្សារអំបិល ព្រោះបច្ចុប្បន្ន សហគមន៍អ្នកផលិតអំបិលកំពត កែប ត្រូវបានរំលាយ ហើយតម្លៃអំបិលដែលនាំចូលពីប្រទេសចិន មានតម្លៃប្រហាក់ប្រហែលអំបិលរបស់កម្ពុជា ធ្វើឲ្យការប្រកួតប្រជែងទីផ្សារមានការលំបាក ។ លោកស្នើឲ្យមន្ត្រីតាមច្រកព្រំដែន រិតបណ្តឹងលើការយន្តពន្ធនៃការនាំអំបិលចូល។

ទាក់ទង់នឹងការព្រួយ​បារម្ភខាងលើ ប្រធានសភាពាណិជ្ជកម្មមណ្ឌល កំពត តាកែវ និងកែប  បានប្រាប់ឲ្យដឹងថា ទីផ្សារអំបិលកម្ពុជា គឺជារឿងសំខាន់ណាស់ សម្រាប់សភាពាណិជ្ជកម្ម ក្នុងការជួយជ្រោមជ្រែក និងស្វែងដំណោះស្រាយទីផ្សារឲ្យបានកាន់តែល្អ ព្រោះអំបិលកម្ពុជាមានសារធាតុចិញ្ចឹម និងមានគុណភាពល្អ  ជួយ​ដល់សុខភាពអ្នកទទួលទាន។ លោកបានបន្តថា សភាពាណិជ្ជកម្មកន្លងមក មិនហ៊ានលូកដៃចូលក្នុងកិច្ចការទីផ្សារអំបិលទេ ដោយសារមានសហគមន៍អ្នកផលិតអំបិល ទទួលខុសអំពីរឿងនេះ។ ប៉ុន្តែបច្ចុប្បន្នក្រោយពេល សហគមន៍ ត្រូវបាបរំលាយ សភាពាណិជ្ជកម្ម និងខិតខំធ្វើយ៉ាងណា ដើម្បីឲ្យតម្លៃអំបិលកម្ពុជា ភាពល្អប្រសើរជាងមុន។ សភាពាណិជ្ជកម្មនឹងបង្តើតវេទិកាមួយ ដែលមានការចួលរួមពីមន្ត្រីមន្ទីរ និងក្រសួងជំនាញ និងពាក់ព័ន្ធ ដើម្បីស្វែងរកដំណោះស្រាយ តម្លៃទីផ្សារអំបិលកម្ពុជាឲ្យកាន់តែប្រសើរឡើង។

លោកបានអំពាវនាវ ឲ្យអ្នកផលិតអំបិលទាំងអស់ ប្រឹងប្រែងផលិតអំបិល និងមានទំនុកចិត្តជឿជាក់ លើថ្នាក់ដឹងនាំខេត្តក្នុងការរកទីផ្សារ និងស្វែងរកដៃគូ អ្នកមានបច្ចេកទេសក្នុងការផលិតអំបិលឲ្យកាន់តែទទួលបានទិន្នផលច្រើន និងមានគុណភាព សម្រាប់ផ្គត់ផ្គង់ការប្រើប្រាស់អំបិលទូទាំងប្រទេស។

ការប្រើអំបិលទូទាំងប្រទេសក្នុងមួយឆ្នាំ អស់ប្រមាណ ១០ម៉ឺនតោន ហើយការផលិតអំបិត របស់ខេត្តកំពតកែប អាចផលិតបានរង្វង់ពី ១៥ ទៅ ១៦ម៉ឺនតោន បើអាកាសធាតុអំណោយផល៕