ប៉ូលិសខណ្ឌ៧មករា វាយខ្នោះជនសង្ស័យ៣នាក់ ពាក់ព័ន្ធករណីវាយប្លន់យកម៉ូតូ

14-03-2019 4:22pm

ភ្នំពេញៈ ជនសង្ស័យប្រុសស្រី​៣នាក់​ ត្រូវកម្លាំងសមត្ថកិច្ចខណ្ឌ៧មករា​ សហការជាមួយកម្លាំងសមត្ថកិច្ចខណ្ឌ​ចំការមន​ ធ្វើ​ការស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនពួកគេទាំង៣ នៅក្នុងផ្ទះសំណាក់​ មួយកន្លែង​។

ប្រតិបត្តិការ​នេះ ធ្វើ​ឡើ​ងកាលពីវេលាម៉ោង​១៖៣០នាទីរសៀល​ថ្ងៃទី១៤​ ខែមីនា​ ឆ្នាំ​២០១៩​ ដែលស្ថិតនៅចំណុចផ្ទះសំណាក់​ យីហោ​ ម៉ៅ​ សំរិទ្ធ​ ម៉ាស្សា​ ជិតអធិការខណ្ឌ៧មករា​ ស្ថិតក្នុងសង្កាត់វាលវង់​ ខណ្ឌ៧មករា​ រាជធានី​ភ្នំពេញ។

ជនសង្ស័យទាំង​ ៣នាក់ខាងលើ​ ទី១-ឈ្មោះ សូ ណាង ហ៉ាង ភេទប្រុស​ អាយុ​២០ឆ្នាំ មុខរបរ​ ជាងជួសជុលទូរសព្ទ័ ស្នាក់នៅផ្ទះ៤៤E1 ផ្លូវ២៧៦ សង្កាត់បឹងកេងកងទី២ ខណ្ឌចំការមន​,​ ២-ឈ្មោះ អេម លីណា ភេទស្រី​​ អាយុ​២៣ឆ្នាំ​ មុខរបរ​ នៅផ្ទះ មានស្រុកកំណើតនៅភូមិកងមាស ឃុំកំពង់ចាម ខេត្តកំពង់ចាម​ និងទី៣-ឈ្មោះ វិត យុំាងលិត​ ភេទប្រុស​។ ចំណែកឯជនរងគ្រោះឈ្មោះ វិន យ៉ាងសឹង ភេទប្រុស​ អាយុ​២៥ឆ្នាំ​ ជនជាតិវៀតណាម ស្នាក់នៅផ្ទះឈើ​ សង្កាត់ច្រាំងបាក់ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីសមត្ថកិច្ចព្រហ្មទណ្ឌខណ្ឌ៧មករា​ បានប្រាប់ឲ្យដឹងថា​ មុនពេលកើ​តហេតុ​ ជនរងគ្រោះបានចូលទៅលេងនៅក្នុងហាងអ៊ី​នធីណេត​ មួយកន្លែង​ ស្ថិតនៅខាងក្រោយរោងកុនគិរីរម្យ​ ខណៈនោះ​ស្រាប់តែជនសង្ស័យ បានដើ​រមករករឿង​ជនរងគ្រោះ​ បានវាយទៅលើ​ជនរងគ្រោះរហូតដល់រត់គេចខ្លួនបាត់​ ដោយនៅពេលនោះ​ ជនសង្ស័យបា​នឃើ​ញជនរងគ្រោះរត់ចោលម៉ូតូ​ ជាឱកាសល្អសម្រាប់ជនសង្ស័យទាំងនោះ​ បាននាំគ្នាលួចយកម៉ូតូរបស់ជនរងគ្រោះម៉ាក ICON យកទៅបញ្ជាំនៅផ្សារឃ្លាំងរំសេវ​ ដោយដាក់បញ្ជាំក្នុងតម្លៃចំនួន​ ១២០ដុល្លា​រ។ លុះដល់ថ្ងៃទី១៤​ ខែមីនា​ ឆ្នាំ២០១៩នេះ​ កម្លាំងសមត្ថកិច្ចព្រហ្មទណ្ឌខណ្ឌ៧មករា​ បានធ្វើ​ការស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យប្រុសស្រី​ ៣នាក់​ ដកហូតសម្ភារៈមួយចំនួន។

ក្រោយកម្លាំសមត្ថកិច្ចឃាត់ខ្លួន ជនសង្ស័យទាំងនោះរួចមក​ កម្លាំងសមត្ថកិច្ចធ្វើ​ការសួរនាំ​ រួចប្រគល់ជូនកម្លាំងសមត្ថកិច្ចខណ្ឌចំការមន​ ដើ​ម្បីបន្តនីតិវិធីច្បាប់៕