សមាជិកសភាអង់គ្លេស នឹងបោះឆ្នោតពន្យារពេលបញ្ចប់សមាជិកភាពសហភាពអឺរ៉ុប របស់ពួកគេ

14-03-2019 3:44pm

អង់គ្លេសៈ សមាជិកសភាអង់គ្លេស នឹងបោះឆ្នោតស្នើសុំសហភាពអ៊ឺរ៉ុប នូវការអនុញ្ញាត ដើម្បីពន្យារពេលការបញ្ចប់សមាជិកសហភាពអ៊ឺរ៉ុប របស់ចក្រភពអង់គ្លេស ឬហៅកាត់ថា Brexit បន្តរហូតដល់ក្រោយកាលបរិច្ឆេទចាកចេញ នាថ្ងៃទី២៩ ខែមីនាខាងមុខនេះ។

គម្រោងការនេះ បានកើតមានឡើង ក្រោយសមាជិកសភា បានបោះឆ្នោតកាលពីល្ងាចថ្ងៃពុធ ដើម្បីច្រានចោល Brexit គ្មានកិច្ចព្រមព្រៀង ទោះក្នុងកាលៈទេសៈបែបណាក៏ដោយ។

លោកស្រីនាយករដ្ឋមន្រ្តី ថេរ៉េសា ម៉េ នឹងបង្កើតការប៉ុនប៉ងជាលើកទី៣ ដើម្បីទទួលបានកិច្ចព្រមព្រៀងដើរចេញពីសហភាពអ៊ឺរ៉ុប តាមរយៈសភា នៅក្នុងសប្តាហ៍ក្រោយនេះ ប៉ុន្តែកាលបរិច្ឆេត មិនត្រូវបានកំណត់នោះទេ។

សហភាពអ៊ឺរ៉ុប បាននិយាយថា មានផ្លូវដើរ២សម្រាប់ឲ្យចក្រភពអង់គ្លេសអាចចាកចេញទៅបាន ជាមួយនឹងកិច្ចព្រមព្រៀង ឬក៏គ្មានកិច្ចព្រមព្រៀង ហើយពួកគេត្រៀមខ្លួនរួចរាល់ក្នុងការទទួលយកនូវលទ្ធផលមួយ ក្នុងចំណោមផ្លូវទាំង២នេះ។

ទោះបីជាយ៉ាងណាក៏ដោយ រដ្ឋាភិបាលចក្រភពអង់គ្លេស បាននិយាយថា អាចនឹងមានការពន្យាពេលរយៈពេលខ្លីចំពោះ Brexit ឬរយៈពេលយូរ ដោយអាស្រ័យលើថាតើសមាជិកសភាគាំទ្រកិច្ចព្រមព្រៀងដើរចេញមានស្រាប់របស់នាយករដ្ឋមន្រ្តី នៅថ្ងៃទី២០ ខែមីនា ដែរឬអត់ គឺជាថ្ងៃមុនជំនួបកំពូលបន្ទាប់របស់សហភាពអ៊ឺរ៉ុប។

បើសិនជាសមាជិកសភា យល់ព្រមលើកិច្ចព្រមព្រៀងរបស់លោកស្រីម៉េ មុនកិច្ចប្រជុំកំពូលនៅទីក្រុងព្រុចសែលនោះ បន្ទាប់មកការពន្យាពេលនឹងបន្តរហូតដល់ថ្ងៃទី៣០ ខែមិថុនាខាងមុខនេះ៕