១០នាក់ស្លាប់ ២០នាក់របួស ករណីបាញ់ប្រហារក្នុងសាលារៀន នៅទីក្រុងសៅប៉ូឡូ ប្រទេសប្រេស៊ីល

14-03-2019 3:26pm

ប្រេស៊ីលៈ មនុស្សយ៉ាងហោច១០នាក់ ត្រូវបានសម្លាប់ និង២០នាក់ផ្សេងទៀត បានរងរបួស ក្នុងករណីបាញ់ប្រហារក្នុងសាលារៀនមួយកន្លែង ស្ថិតនៅក្នុងទីក្រុងសៅប៉ូឡូ ប្រទេសប្រេស៊ីល កាលពីថ្ងៃពុធ។

ក្រុមអាជ្ញាធរ បានអះអាងថា នៅក្នុងចំណោមអ្នកស្លាប់ រួមមានសិស្សសាលា៥នាក់ បុគ្គលិកសាលារៀន២នាក់ ស្រ្តីម្នាក់ និងខ្មាន់កាំភ្លើង២នាក់។ ខ្មាន់កាំភ្លើង បានបាញ់សម្លាប់ខ្លួនឯងនៅកន្លែងកើតហេតុតែម្តង។

ហេតុការណ៍បាញ់ប្រហារនេះដែរ បានកើតឡើងកាលពីវេលាម៉ោង៩ និង៣០នាទីព្រឹក ម៉ោងក្នុងស្រុក នៅឯសាលារៀនរដ្ឋរ៉ូល ប្រេស៊ីល ស្ថិតក្នុងតំបន់សហគមន៍ស៊ូហ្សាណូ នៃទីក្រុងសៅប៉ូឡូ។

សេចក្តីរាយការណ៍ដំបូង បានឲ្យដឹងថា មនុស្ស៨នាក់ ត្រូវបានសម្លាប់ ប៉ុន្តែចំនួនអ្នកស្លាប់បានកើនឡើង ដោយសារតែស្ថានភាពរបួសធ្ងន់ធ្ងរ ក្នុងនោះអ្នករងរបួស២០នាក់ ត្រូវបានដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យ។

ជនវាយប្រហារបានប្រើប្រាស់អាវុធ និងកាំបិត ជាងហេតុធ្វើឲ្យមានករណីរត់ជាន់ជើងគ្នាកើតឡើង ពេលដែលក្រុមសិស្សសាលា ព្យាយាមរត់រួចខ្លួនរកតែប្រាស់អាយុនោះ។

ក្រុមនគរបាល និងក្រុមស៊ើបអង្កេតឧក្រិដ្ឋកម្ម បានចូលទៅក្នុងសាលា និងបានពិនិត្យមើលកន្លែងកើតហេតុ ហើយនិងប្រមែប្រមូលភស្តុតាងនៃការវាយប្រហារ ប៉ុន្តែពួកគេនៅមិនទាន់អាចកំណត់មូលហេតុច្បាស់លាស់នៅពីក្រោយការវាយប្រហារដោយកាំភ្លើងនោះទេ៕