ក្រុមហ៊ុន Boeing ផ្អាកការហោះហើរទាំងអស់ របស់យន្តហោះ 737 Max

14-03-2019 11:42am

អាមេរិកៈ ក្រុមហ៊ុន Boeing បានផ្អាកការហោះហើរទាំងអស់ របស់យន្តហោះ737 Max នៅទូទាំងសកលលោក ក្រោយក្រុមអ្នកស៊ើបអង្កេត បានរកឃើញភស្តុតាងថ្មី នៅកន្លែងកើតហេតុនៃការធ្លាក់យន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍អេត្យូពី។

ក្រុមហ៊ុនផលិតយន្តហោះយក្សរបស់សហរដ្ឋអាមេរិកមួយនេះ បាននិយាយថា ពួកគេនឹងផ្អាកការហោះហើររបស់យន្តហោះប្រភេទនេះទាំងអស់ ចំនួន៣៧១គ្រឿង។

រដ្ឋបាលអាកាសចរណ៍សហព័ន្ធ(FAA) របស់សហរដ្ឋអាមេរិក បាននិយាយថា ភស្តុតាងថ្មី ក៏ដូចជាទិន្នន័យពីផ្កាយរណបថ្មី បានបង្ខំឲ្យមានការសម្រេចចិត្តដើម្បីហាមប្រាមបណ្តោះអាសន្ន នូវការហោះហើររបស់យន្តហោះប្រភេទនេះ។

កាលពីមុន FAA បដិសេធន៍មិនព្រមផ្អាកការហោះហើរនោះទេ ខណៈដែលមានប្រទេសជាច្រើន បានហាមប្រាមយន្តហោះប្រភេទនេះ។

គួរឲ្យដឹងថា ឧប្បត្តិហេតុធ្លាក់យន្តហោះកាលពីថ្ងៃអាទិត្យកន្លងទៅ នៅក្នុងទីក្រុងអាឌីស អាបាបា បានសម្លាប់មនុស្ស១៥៧នាក់ ហើយវាគឺជាគ្រោះថ្នាក់ធ្លាក់យន្តហោះលើកទី២របស់យន្តហោះ Max 8 ក្នុងរយៈពេល៥ខែកន្លងមកនេះ បន្ទាប់ពីគ្រោះមហន្តរាយធ្លាក់យន្តហោះកាលពីខែតុលា នៅក្នុងសមុទ្រជ្វា ប្រទេសឥណ្ឌូនេស៊ី ដោយបានសម្លាប់មនុស្ស១៨៩នាក់៕