អង្គការ NASA គ្រោងបញ្ជូនស្រ្តីលើកដំបូងគេ ទៅកាន់ភពព្រះអង្គារ

14-03-2019 11:38am

បរទេសៈ ប្រធានអង្គការអវកាស NASA បាននិយាយថា មនុស្សដំបូងគេដែលដើរនៅលើភពព្រះអង្គារទំនងជាស្រ្តី។

អំឡុងពេលធ្វើជាភ្ញៀវនៅក្នុងកម្មវិធីវិទ្យុស្តីពីវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា “Science Friday” អ្នកគ្រប់គ្រងអង្គការ NASA លោក ជីម ប្រាយដេនស្ទាញ បាននិយាយពីលទ្ធភាពដែលស្រ្តីនឹងបន្តកេរ្តិ៍ឈ្មោះរបស់លោក ណែល អាមស្រ្តង់ ពេលដែលមនុស្សដើរជាលើកដំបូងនៅលើភពព្រះអង្គារ។

ប៉ុន្តែដោយមិនសំដៅលើស្រ្តីរូបណាដែលនឹងជាន់ជើងដំបូងគេលើភពដីក្រហមមួយនេះនោះ លោក ប្រាយដេនស្ទាញ បាននិយាយថា ច្បាស់ណាស់ថាស្រ្តីទាំងនោះ នឹងបញ្ចូលទាំងដំណើរបន្ទាប់របស់អង្គការ NASAទៅកាន់ឋានព្រះច័ន្ទ។

លោកបាននិយាយថា អង្គការ NASA បានប្តេជ្ញាចិត្តធ្វើឲ្យប្រាកដថា យើងមាននូវក្រុមចម្រុះដ៏ទូលំទូលាយមានទេពកោសល្យ ហើយយើងនឹងពិនិត្យមើលលទ្ធភាពឲ្យស្រ្តីលើកដំបូងឡើងឋានព្រះច័ន្ទ។

លោកប្រាយដេនស្ទាញ ធ្លាប់បានថ្លែងកាលពីមុនថា គោលដៅនាពេលអនាគតឆាប់ៗខាងមុខនេះរបស់អង្គការ NASA គឺចង់ឲ្យអវកាសចរ វិលត្រឡប់ទៅកាន់ឋានព្រះចន្ទ័ ហើយនិងបង្កើតមូលដ្ឋានអចិន្រ្តៃយ៍នៅទីនោះជាលើកដំបូងនៅក្នុងប្រវត្តិសាស្រ្តរបស់មនុស្សលោក។

លោកបាននិយាយកាលពីខែមុនថា ពួកយើងនឹងឡើងឋានព្រះចន្ទជាមួយនឹងប្រព័ន្ធ និងបច្ចេកវិទ្យាថ្មីប្រកបដោយភាពច្នៃប្រឌិត ដើម្បីរុករកទីតាំងបន្ថែមទៀតនៅលើផ្ទៃឋានព្រះចន្ទ ច្រើនជាងដែលយើងមិនធ្លាប់គិតថាវាអាចទៅរួច។ លើកនេះ យើងនិងឡើងឋានព្រះច័ន្ទ ហើយយើងនឹងស្នាក់នៅទីនោះតែម្តង៕