បញ្ញា សិទ្ធិ ចេញទៅ​ច្រៀងនៅអូស្ត្រាលី ដើម្បី​យកថវិកាកសាងវត្ត

14-03-2019 8:14am

ភ្នំពេញៈ តារាសម្តែង និងចម្រៀង បញ្ញា សិទ្ធិ បានត្រៀមខ្លួនរួចជាស្រេចហើយ សម្រាប់ឱកាសចេញទៅច្រៀងនៅប្រទេសអូស្ត្រាលី។ ដំណើរដ៏ល្អខាងលើនេះ ត្រូវបានសាមីខ្លួនយល់ថា បន្ទាប់ពីមានរឿងល្អផង មិនល្អផង ក្នុងវិស័យព័ត៌មាន ហាក់ធ្វើឲ្យ​លោកមានតម្រុយល្អរហូតឆក់ឱកាសបានសម្តែងនៅនាយសមុទ្រ។

កាលពីព្រឹកថ្ងៃទី១៣ មីនា តារាចម្រៀង និងជាតារាសម្ដែង លោក បញ្ញា សិទ្ធិ បានធ្វើដំណើរទៅសម្ដែងនៅក្នុងប្រទេសអូស្ត្រាលី ដើម្បីប្រមូលថវិកាជួយកសាងវត្តខ្មែរមួយកន្លែង នៅក្នុងប្រទេសអូស្ត្រាលី។ នេះជាការសម្ដែងលើកទី៣ហើយ របស់លោកនៅលើទឹកដីអូស្ត្រាលី ក្នុងពេលដែលដំណើរទៅសម្ដែងលើកនេះ ក៏បន្តទៅប្រទេសញូហ្សេឡិនមួយខែទៀត។

តារាចម្រៀង លោក បញ្ញា សិទ្ធិ បញ្ជាក់ថា លោកចេញទៅរយៈពេល៣ខែពេញ ដោយ២ខែលើទឹកដីអូស្ត្រាលី និងមួយខែ លើទឹកដីប្រទេសញូហ្សេឡិន។ លោក នឹងបើកឆាកសម្ដែងថ្ងៃដំបូង លើទឹកដីម៊ែលប៊​ន នៅថ្ងៃទី១៦ មីនា ដោយក្នុងមួយសប្ដាហ៍ នឹងមានការសម្ដែង២លើក ហើយថវិកា ដែលបានពីការលក់សំបុត្រ គឺយកទៅកសាងវត្តខ្មែរមួយ នៅក្នុងប្រទេសនោះ។ ជាលើកទី៣ហើយ ដែលលោកបានចេញសម្ដែងនៅអូស្ត្រាលី ដោយការសម្ដែងកាលពី២លើកមុន ទទួលបានជោគជ័យយ៉ាងខ្លាំង។ លោករំពឹងថា ការសម្ដែងលើកនេះ នឹងទទួលបានប្រជាប្រិយភាពខ្លាំងជាងមុនទៅទៀត ដោយសារតែបងប្អូនខ្មែរ នៅអូស្រ្តាលី ក៏ស្គាល់លោកកាន់តែច្រើនជាងមុន ស្របគ្នាដែលលោក ក៏ត្រៀមការសម្ដែងពិសេស ជាមួយតារាផ្សេងទៀត ក្នុងគម្រោងលើកនេះ។

មុនឡើងទៅអូស្ត្រាលី បញ្ញា សិទ្ធិ​ បានកំពុងមមាញឹកសិល្បៈពេញ១ខែចុងក្រោយនេះរហូតដោយភាគច្រើនការងារក្រៅស្រុក។ លោកទើបតែមកពីហុងកុងថ្ងៃ១២ មី​នា ហើយមកពីអូស្ត្រាលីវិញ លោកត្រៀមថតរឿងភាគជាតួអង្គសំខាន់ ក្រោយដាក់ផែនការរួចរាល់៕