កីឡាករ Novak Djokvoic ហាលអាវដ៏គួរភ្ញាក់ផ្អើល ត្រឹមជុំទី៣ Indian Wells

13-03-2019 4:16pm

វាយតឺន្នីសៈ កាលពីថ្ងៃអង្គារម្សិលមិញនេះ កីឡាករលំដាប់ថ្នាក់លេខ១ពិភពលោករបស់ស៊ែប គឺកីឡាករ Novak Djokvoic បានបរាជ័យទាំង២សិត ជាមួយកីឡាករចំណាត់ថ្នាក់លេខ៣៩ពិភពលោក Philipp Kohlschreiber មកពីអាល្លឺម៉ង់ នៅជុំទី៣ នៃការប្រកួត ATP Indian Wells Masters។

កីឡាករ Djokovic បានលេងការប្រកួតលើកដំបូងរបស់គាត់ ចាប់តាំងពីលើកពានជាប់កំណត់ត្រា Australian Open ជាលើកទី៧ កាលពីខែមករាកន្លងទៅ ហើយគាត់បានឈ្នះ៨ជំនួបក្នុងចំណោម៩ប្រកួតជាមួយកីឡាករ Kohlschreiber ប៉ុន្តែបែរជាធ្វើមិនបានល្អទៅវិញនៅការប្រកួតមួយនេះ ដោយចាញ់គូប្រកួតរបស់គាត់ក្នុងលទ្ធផលពិន្ទុ 6-4, 6-4។

កីឡាករ Kohlschreiber រកបានជ័យជំនះលើកដំបូងរបស់គាត់លើកីឡាករកំពូលពិភពលោកម្នាក់នេះ ក្នុងរយៈពេល១ទសវត្សរ៍កន្លងមកនេះ ពោលគឺលោកឡើងទៅជួបជាមួយកីឡាករ Gael Monfils មកពីបារាំង នៅជុំទី៤។

កីឡាករ Kohlschreiber បាននិយាយថា លោកគិតថា លោកបានប្រើប្រាស់យុទ្ធសាស្រ្តល្អខ្លាំងណាស់នៅលើទីលានប្រកួត ហើយវាគឺជាការវិលត្រឡប់ដ៏អស្ចារ្យមួយសម្រាប់រូបលោក។

ជ័យជំនះតែម្តងគត់កាលពីមុនរបស់កីឡាករ Kohlschreiber លើកីឡាករ Djokovic បានកើតឡើងកាលពីឆ្នាំ២០០៩ នៅព្រឹត្តការណ៍ប្រកួត Roland Garros៕