ក្រុមហ៊ុនផលិតយន្តហោះ Boeing រងការខាតបង់ទឹកប្រាក់ ជិត៣០ពាន់លានដុល្លារ

13-03-2019 4:08pm

អន្តរជាតិៈ ហេតុការណ៍គ្រោះថ្នាក់ធ្លាក់យន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ Ethiopia បានធ្វើឲ្យទីផ្សារភាគហ៊ុនរបស់ក្រុមហ៊ុន Boeing ធ្លាក់ចុះដល់ទៅ១២ភាគរយ រយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ។ ក្រុមហ៊ុនផលិតយន្តហោះ Boeing បានខាតបង់ទឹកប្រាក់ រហូតដល់ទៅ២៧ពាន់លានដុល្លារ។

មកទល់ពេលនេះ មាន៤៥ប្រទេស បានផ្អាកការហោះហើរនូវប្រភេទយន្តហោះ Boeing 737 Max 8 និងហាមឃាត់ការហោះហើរនៅលើដែនអាកាសរបស់ខ្លួន ក្រោយមានហេតុការណ៍គ្រោះថ្នាក់ផ្ទួនៗគ្នាពីរលើក ដោយមិនដឹងមូលហេតុ។

សារព័ត៌មាន Sputnik បានផ្សាយថា ក្រៅពីអ៊ឺរ៉ុប នៅមានប្រទេសជាច្រើនទៀត ក៏បានសម្រេចហាមប្រាមយន្តហោះប្រភេទខាងលើ ហោះហើរនៅដែនអាកាសអ៊ឺរ៉ុប ដើម្បីបញ្ជៀសគ្រោះថ្នាក់។

មិនតែប៉ុណ្ណោះ អ្នកដំណើរនៅជុំវិញពិភពលោក បានឈប់ធ្វើដំណើរតាមយន្តហោះប្រភេទខាងលើ ដើម្បីបញ្ជៀសគ្រោះថ្នាក់កើតឡើងជាយថាហេតុ។

បណ្តាក្រុមហ៊ុនអាកាសចរណ៍ធំៗនៅជុំវិញពិភពលោក បានសម្រេចឈប់ហោះហើរនូវប្រភេទយន្តហោះខាងលើផងដែរ៕