កំណើននៃការប្រមូលពន្ធដា អាចបញ្ជាក់អំពីការអភិវឌ្ឍរីកចម្រើន

13-03-2019 1:34pm

កំពតៈ ការប្រមូលពន្ធដារបស់សាខាពន្ធដាខេត្តកំពត នៅឆ្នាំ២០១៧ បានចំនួន ១៦០០០លានរៀល, ឆ្នាំ២០១៨ ប្រមូលបាន ៣២០០០លានរៀល គឺកើនឡើងទ្ធេដង ហើយការកើ​នឡើងនេះ ដោយសារខេត្តមានការអភិវឌ្ឍរីកចម្រើន ពិសេសចរន្តនៃការកាន់កាប់ ផ្លាស់ប្តូរម្ចាស់អចលនទ្រព្យមានដំណើរការល្អ។

ប្រធានសាខាពន្ធដាខេត្តកំពត លោក អ៊ូច គឹមស៊ាន បានមានប្រសាសន៍នៅក្នុងជំនួបជាមួយគណៈប្រតិភូគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃព្រឹទ្ធសភា (គណៈកម្មការទី២) នៅព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩ នៅសាលាខេត្តថា ការប្រមូលពន្ធដា នៅខេត្តកំពត កើនឡើងជាលំដាប់ នៅឆ្នាំ២០១៦ មានចំនួន១៣៤០០លានរៀល , ឆ្នាំ២០១៧ ចំនួន ១៦០០០លានរៀល , ឆ្នាំ២០១៨ ប្រមូលពន្ធបានរហូតដល់ ៣២០០០លានរៀល  នៅក្នុងរយៈពីខែដើមឆ្នាំ២០១៩នេះ ការប្រមូលពន្ធបានចំនួន ៤៤៧៧លានរៀល បើធៀបរយៈដូចគ្នានៅឆ្នាំ២០១៨ កើនឡើង ២៩.៥ភាគរយ ។ លោកប្រធានសាខាពន្ធដា បានបន្តថា ការកើនឡើងនៃការប្រមូលពន្ធនេះ ដោយសារចលនា ឬចរន្តនៃការប្តូរដៃម្ចាស់អលនទ្រព្យច្រើន ពីម្នាក់ទៅម្នាក់ ងឹកញាប់ជាប់ជាហូរហែរ។

លោក​ ជាវ តាយអភិបាលខេត្តកំពត បានលើកឡើងដែរថា មូលហេតុនៃកំណើននេះ ការប្រមូលពន្ធនេះ ដោយសារការអភិវឌ្ឍរីកចម្រើន និងលទ្ធផលការងារសំខាន់ៗ ដែលរដ្ឋបាលខេត្តកំពត សម្រេចបានកន្លងមក ដោយអនុវត្តតាមកម្មវិធីនយោបាយយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល ដែលមានសម្ដេចតេជោ ហ៊ុន សែន។ ខេត្តកំពត មានសកត្តានុពលច្រើន និងមានការអវិភវឌ្ឍយ៉ាងឆាប់រហ័យលើវិស័យកសិកម្ម ឧស្សាហកម្ម និងទេសចរណ៍។

លោក ជា ជេដ្ឋ ប្រធានគណៈកម្មការទី២ នៃព្រឹទ្ធសភា មានប្រសាសន៍ថា ខេត្តកំពតកំពុងតែមានកិត្តិស័ព្ទល្បីរន្ទឺ ហើយអ្នកវិនិយោគជាតិ និងបរទេស កំពុងចាប់អារម្មណ៍យ៉ាងខ្លាំង ហើយពេកខាងមុខដ៏ខ្លីខេត្តនេះ និងកាន់តែរីកចម្រើន ក្រោយការដឹកនាំ ចង្អុលបង្ហាញពីរដ្ឋបាលខេត្ត ដែលមានលោក ជាវ តាយ ជាអភិបាលខេត្ត ។ បើតាមសិក្សាស្វែងយល់ជាមួយអាជ្ញាធរដែនដី ខេត្ត ក្រុង ស្រុកនិង មន្ទីរជំនាញ អង្គភាពពាក់ព័ន្ធ ក្នុងខេត្តកំពតស្ដីពី ការងារអនុវត្តថវិកា ការងារអភិវឌ្ឍន៍មូលដ្ឋាន និងការផ្ដល់សេវាសាធារណៈ នៅថ្នាក់ក្រោមជាតិ គឺល្អប្រសើរ។ លោក វាយតម្លៃខ្ពស់ចំពោះលទ្ធផលការងារដែលរដ្ឋបាលខេត្តកំពត ក៏ដូចជាមន្ទីរអង្គភាពជំនាញ បានរួមគ្នាខិតខំជំនះរាល់ការលំបាកនិងបញ្ហាប្រឈមនានាក្នុងដំណើរការជម្រុញល្បឿននៃកិច្ចអភិវឌ្ឍន៍ខេត្តមានការរីកច្រើនគួរអោយមោទនៈនាប៉ុន្មាឆ្នាំចុងក្រោយនេះ៕