ស្ថានីយ៍ទូរទស្សន៍ CTN ថតកម្មវិធីអបអរឆ្នាំថ្មី ចូលរួមដោយសិល្បករ ជាង២០០នាក់

12-03-2019 3:24pm

កម្សាន្តៈ ដើម្បីទទួលអំណរឆ្នាំថ្មី ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ស្ថានីយ៍ទូរទស្សន៍ស៊ីធីអិន បានរៀបចំថតទុកកម្មវិធីសិល្បៈច្រៀងរាំគ្រប់ទម្រង់ ដោយមានទាំងបុរាណ និងសម័យ រំលេចចូលគ្នាសមតាមបរិយាកាសថ្ងៃចូលឆ្នាំ នៅពេលចាក់ផ្សាយផ្លូវការខាងមុខ។

បើតាមការឲ្យដឹងពីជំនួយការកម្មវិធី នាព្រឹកថ្ងៃ១២ ខែមីនា ឆ្នាំ២០១៩នេះថា កម្មវិធីថតចូលឆ្នាំនេះ ត្រូវបានជ្រើសរើសសិល្បករ ប្រមាណជាង២០០នាក់ មកប្រជុំគ្នាច្រៀងរាំឲ្យសប្បាយរីករាយទទួលអំណរសិរីសួស្តី ដោយមិនចាញ់បណ្តាឆ្នាំកន្លងទៅឡើយ។ លើសពីនេះ ខាងកម្មវិធីក៏តម្រូវឲ្យសិល្បកររំលេចនូវសម្លៀកបំពាក់ឲ្យសមតាមបរិយាកាសចូលឆ្នាំ ដូចជា ហូលផាមួងអាវប៉ាក់ ព្រោះនេះ ជាបុណ្យប្រពៃណីជាតិធំមួយ ក្នុងចំណោមបុណ្យជាតិធំៗនៃសង្គមកម្ពុជា។

ប្រភពដដែលបានឲ្យដឹងទៀតថា ក្រៅពីមានសិល្បករតារាជាច្រើន យើងក៏មានបទចម្រៀងប្រមាណជិត៤០បទ ត្រូវរាំច្រៀងតាមកម្មវិធីដែលកំណត់ផ្សាយ៣ថ្ងៃ នាខែមេសា។ បន្ថែមពីនេះ ក៏មានរបាំមួយចំនួន ដូចជា ត្រុដិ របាំកណ្តែរ៉ែ របាំគេន និងរបាំគោះត្រឡោក ដើម្បីផ្សាយឲ្យរលកក្រោយបានដឹងស្គាល់ពីអត្តសញ្ញាណជាតិ។

វត្តមានតារាចូលរួមរាំកម្សាន្តមាន អ្នកនាង យុគ ចិន្តា, ឡាយ លក្ខិណា, អឿន ស្រីមុំ, គីង សូរិយា, អោក សុមាលីតា, អោក សុម៉ាវត្តី, រ៉ូលីន, បេប៉ិ ហ៊ិន, ច័ន្ទធីតា, តន់ ច័ន្ទសីម៉ា, ឌី សូនីតា, ឯក សុវណ្ណារ័ត្ន, ស៊ឹម សុវណ្ណាដុល្លារ, បូ តាំងហៀង, អ៊ិន ច័ន្ទរតនា, សាល បាទី, ហេង ស្រីពេជ្រ, គន់ រៀមតនៈ, ភី សម័យ, រុន ណាកូ, ម៉ាដូណា, លោក ជន ខៀវ, សាន សាណា, កាតុ, សាយ សៀរ៉ា, អេនឌី, ម៉ៅ ស៊ីណាត, សុភ័ក្រ, កុសុម៉ា, វុទ្ធ សុគន្ឋា, សុវត្ថិឌី ធារិកា, អេឡិច ចិន្ត្រា, ពេជ្រ អាវីហ្សា, រត័្ន រចនា, យ៉ា យ៉ា, អេឡិច ដាហ្វី, ខេវីន, ស៊ូ រតនៈ, នាយព្រែក, អ៊ុងលីនិច, សុធា ពិសិដ្ឋ, ហង្ស សុជាតា ព្រមទាំងតារាច្រើនដួងទៀត៕