សម្ដេច ស ខេង ថា សមត្ថកិច្ច កំពុងមមាញឹក ធ្វើការក្នុងសំណុំរឿងឧកញ៉ា គិត ធាង ម្ចាស់ក្លឹបរ៉ុក

12-03-2019 1:28pm

ភ្នំពេញៈ ក្រោយពីនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជូនអ្នកឧកញ៉ា គិត ធាង មកតុលាការ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានបញ្ជាក់ថា សំណុំរឿងនេះ សមត្ថកិច្ចកំពុងតែមានមមាញឹក ក្នុងការធ្វើការងារនេះហើយ។

មជ្ឈមណ្ឌលកម្សាន្តរ៉ុក ត្រូវបានសមត្ថកិច្ចចម្រុះ បង្ក្រាបទ្រង់ទ្រាយធំ កាលពីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៩ ដោយឃាត់ខ្លួនជនសង្ស័យជាង៣០០នាក់ និងគ្រឿងញៀនជិត៥០គីឡូក្រាម។

អ្នកឧកញ៉ា គិត ធាង ត្រូវបានសមត្ថកិច្ចចាប់ខ្លួន កាលពីថ្ងៃទី១១ មីនា តាមដីការបស់តុលាការ បន្ទាប់ពីមានប្រតិកម្មយ៉ាងខ្លាំងក្លា ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។

ប្រាប់អ្នកសារព័ត៌មាន ក្រោយបញ្ចប់ពិធីកម្ទេចចោលផលិតផលក្លែងក្លាយ ជាង៧០តោន នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩ សម្ដេច ស ខេង ថា “រឿងនេះ(គិត ធាង) ទុកឲ្យសមត្ថកិច្ចធ្វើការ។ រឿងទាំងឡាយហ្នឹងទុកឲ្យសមត្ថកិច្ចធ្វើការ។ ឥឡូវយើងដឹងត្រឹមថា គាត់មានអាជ្ញាប័ណ្ណម្ចាស់រ៉ុក ចឹងហើយយើងកំពុងធ្វើការរឿងហ្នឹង។ ឯរឿងជាក់ស្ដែងម៉េចទៀត អាហ្នឹងចាំថ្ងៃក្រោយ”

សម្ដេចបន្ដថា ករណីមជ្ឈមណ្ឌលកម្សាន្តរ៉ុក មិនមែនជារឿងធម្មតានោះទេ គឺជារឿងធំ ពីព្រោះចាប់បានគ្រឿងញៀន៥០គីឡូក្រាម ដូច្នេះបើមិនបង្ក្រាបករណីនេះទេ តើសង្គមកម្ពុជា នឹងទៅជាយ៉ាងណា? ពីព្រោះប្រជាពលរដ្ឋរងគ្រោះ ដោយសារបញ្ហាទាំងនេះមានជាច្រើន។

ពាក់ព័ន្ធគ្រឿងញៀននេះដែរ រដ្ឋមន្ដ្រីមហាផ្ទៃ ក៏បានរំឭកថា យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន រហូតមកដល់នេះ មានរយៈពេល២ឆ្នាំហើយ ក្នុងនោះបានរឹបអូសគ្រឿងញៀនជាង៥០០គីឡូ។

ឆ្លៀតឱកាសនោះដែរ សម្ដេច ស ខេង ក៏ឲ្យភាគីពាក់ព័ន្ធហៅម្ចាស់ក្លឹបកម្សាន្ត សណ្ឋាគារ អាហារដ្ឋានធំៗ មកចុះកិច្ចសន្យា ដើម្បីការពារនៅកន្លែងរបស់ខ្លួន។ បើសិនកន្លែងណាមួយ ប្រើប្រាស់គ្រឿងញៀន ម្ចាស់ហាងត្រូវតែទទួលខុសត្រូវខ្ពស់៕