ឧកញ៉ា គិត ធាង ត្រូវចាប់ខ្លួនបញ្ជូនទៅក្រសួងមហាផ្ទៃ មុននេះបន្តិច ក្រោមបញ្ជារបស់នាយករដ្ឋមន្ត្រី

11-03-2019 6:39pm

ភ្នំពេញៈ នៅទីបំផុត ឧកញ៉ា គិត ធាង ម្ចាស់ក្លឹបកម្សាន្តរ៉ុក ត្រូវប៉ូលិសនាំខ្លួនពីគេហដ្ឋាននៅខណ្ឌទួលគោក ទៅក្រសួងមហាផ្ទៃហើយ នៅមុននេះបន្តិច។ ការចាប់ខ្លួនឧកញ៉ា ថៅកែក្លឹបកម្សាន្តរ៉ុក ដែលជាក្លឹបកម្សាន្តពាក់ព័ន្ធបទល្មើសជួញដូរគ្រឿងញៀនដ៏ពេញនិយមកណ្ដាលទីក្រុងភ្នំពេញនេះ ធ្វើឡើងក្រោមបទបញ្ជាយ៉ាងដាច់អហង្ការជាសាធារណៈរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី កាលពីព្រឹកមិញ។

ប្រភពច្បាស់ការណ៍ បញ្ជាក់ប្រាប់អង្គភាពសារព័ត៌មាន Cam Post ឲ្យដឹងថា សមត្ថកិច្ចពាក់ព័ន្ធជាច្រើនអង្គភាព បានធ្វើការឡោមព័ទ្ធភូមិគ្រឹះឧកញ៉ា គិត ធាង ដែលមានទីតាំងតាមបណ្ដោយផ្លូវ២៨៩​ ស្ថិតក្នុងសង្កាត់បឹងកក់២​ ខណ្ឌទួលគោក ទល់មុខទីបញ្ជាការដ្ឋានប៉េអឹមផ្ទៃប្រទេស អស់ជាច្រើនម៉ោង មុនសម្រេចនាំខ្លួនឧកញ៉ា គិត ធាង ទៅក្រសួងមហាផ្ទៃ នៅវេលាម៉ោងប្រមាណជា៦ល្ងាច ថ្ងៃទី១១ ខែមីនានេះ ដើម្បីធ្វើការសាកសួរពាក់ព័ន្ធនឹងបទល្មើសជួញដូរគ្រឿងញៀន នៅក្នុងក្លឹបកម្សាន្តរ៉ុក នាពេលកន្លងមក។

ក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រ សេដ្ឋកិច្ច នៅមជ្ឈមណ្ឌកោពេជ្រ កាលពីព្រឹកថ្ងៃទី១១ ខែមីនាឆ្នាំ ២០១៩ សម្ដេចតេជោ ហ៊ុន សែន បានរំឭកអំពីករណីក្លិបកម្សាន្តរ៉ុក លក់គ្រឿងញៀនថា ត្រូវតែរកឲ្យឃើញដល់ឫសគល់ និងអ្នកនៅពីក្រោយ នៃអំពើល្មើសគួរឲ្យស្អប់ខ្ពើមនោះ។

សម្តេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ថា “ឥឡូវនេះ ស្ថានភាពបានផ្លាស់ប្តូរច្រើនហើយ វាស្ទើរតែទាំងស្រុង ខ្ញុំព្រះករុណាខ្ញុំ បានធ្វើដំណើរមកតាមផ្លូវនេះ ស្ទើរតែរៀងរាល់ថ្ងៃ ធ្វើដំណើរឆ្លងកាត់សាលាមួយនេះ ដែលនៅមិនឃ្លាតឆ្ងាយពីសាលាបឹងត្របែក គឺសាកលវិទ្យាល័យ ប៉ុន្តែឆ្លងកាត់អាកន្លែងចង្រៃមួយនោះ ដែលទើបរកឃើញថ្មីៗនេះ ក្លិបរ៉ុក លក់ថ្នាំញៀន”

សម្ដេចបន្ថែមទៀតថា ហេតុអ្វីបានជាកន្លែងមួយនេះ ទៅជាតំបន់បំផ្លាញនូវសេចក្តីសុខរបស់ប្រជាជនទៅវិញ? តែយាងណា សម្តេចរីករាយណាស់ ដែលនគរកបាលបង្ក្រាបទាន់ពេលវេលា ប៉ុន្តែគួរតែបង្ក្រាបឲ្យបានមុននឹងទៅទៀត ប៉ុន្តែយើងទើបនឹងបង្ក្រាបបានជិតក្បែរសាលា ស្រាប់តែមានកន្លែងគ្រឿងញៀន មិនតូចនៅកន្លែងនេះទៅវិញ។

សម្តេចសង្ឃឹមថា ក្រសួងមហាផ្ទៃ នឹងបន្តចាត់វិធានការលើបញ្ហានេះ បូកជាមួយនឹងដំណើរការក្តីរបស់តុលាការ ត្រូវតែម៉ឺងម៉ាត់ជាមួយនឹងការមិនវិលត្រឡប់ នៃអំពើពាលាអាវ៉ាសែសម្រាប់កន្លែងមួយនេះ “មជ្ឈមណ្ឌលរ៉ុក” ដែលត្រូវដាក់ទោសទណ្ឌឲ្យបានធ្ងន់ធ្ងរ ត្រូវស្វែងរកឲ្យដល់ទីជម្រៅនូវមេក្លោងរបស់វានេះ។ អញ្ចឹងត្រូវរកឲ្យឃើញ ព្រោះអ្វីដែលមានក្នុងដៃរួចមកហើយជាមធ្យោបាយឈានទៅរកការជីកឫសគល់ នៃអ្នកជួញគ្រឿងញៀន ក៏ដូចជាអ្នកពាក់ព័ន្ធក្នុងសំណុំរឿងមួយនេះ។

សូមរំឭកថា កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១ វេលាម៉ោង១និង៣០នាទីរំលងអធ្រាត្រ ដឹកនាំបញ្ជាផ្ទាល់របស់ឧត្តមសេនីយ៍ឯក អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ស ថេត និងដោយមានការដឹកនាំសម្របសម្រួលពីលោក លី សុផាណា ព្រះរាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបង្ក្រាបក្នុងបទល្មើសជាក់សែ្តងទីតាំងមជ្ឈមណ្ឌលកម្សាន្តរ៉ុក លើផ្លូវព្រះមុន្នីវង្ស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ពាក់ព័ន្ធករណីប្រើប្រាស់សម្រួល និងចាត់ចែងដោយខុសច្បាប់នូវសារធាតុញៀន។

ក្នុងប្រតិបត្តិការបង្ក្រាបនោះ កម្លាំងចម្រុះបានត្រួតពិនិត្យទីតាំងខាងលើចំនួន១៥បន្ទប់ ឃាត់ខ្លួនមនុស្សចំនួន៣១១នាក់ (ប្រុស២៥៦នាក់ ស្រី៥៥នាក់) និងចាប់យកបានវត្ថុតាងពាក់ព័ន្ធបទល្មើសមួយចំនួន បញ្ជូនមកការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ ដើម្បីសាកសួរអស់ជាច្រើនថ្ងៃ។ តែចុងក្រោយ សមត្ថកិច្ចក្រុងភ្នំពេញ សម្រេចបញ្ជូនមនុស្សតែប្រមាណ១៧នាក់ប៉ុណ្ណោះ ឡើងទៅតុលាការ ប៉ុន្តែមិនមានវត្តមានលោកឧកញ៉ា គិត ធាង ដែលជាម្ចាស់ទីតាំងក្លឹបកម្សាន្តរ៉ុក ដែលជាកន្លែងប្រើប្រាស់គ្រឿងញៀន និងជាកន្លែងបំផ្លាញសង្គមជាតិ ធ្វើឲ្យបាក់មុខមាត់ប្រទេសជាតិនោះទេ៕