សម្ដេចតេជោ ថា ស្ថានភាពអ្នកធាក់ស៊ីក្លូ នាពេលបច្ចុប្បន្ននេះ មានភាពល្អប្រសើរ

08-03-2019 11:49am

ភ្នំពេញៈ ថ្លែងចំពោះមុខអ្នកប្រកបរបរធាក់ស៊ីក្លូ ជាង៣០០នាក់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា ស្ថានភាពអ្នកធាក់ស៊ីក្លូ នាពេលបច្ចុប្បន្ននេះ មានភាពល្អប្រសើរជាងមុន ដោយពួកគាត់មានដើមទុនស្រាប់។

ក្នុងពិធីជួបសំណេះសំណាល និងពិសារអាហារជាមួយ បងប្អូនអ្នកប្រកបរបរធាក់ស៊ីក្លូ ជាង ៣០០នាក់ នៅមជ្ឈមណ្ឌលកោពេជ្រ នៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៩ សម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹងថា អ្នកធាក់ស៊ីក្លូក្នុង១ម្នាក់ មានដើមទុនស្រាប់ ចំនួន៧ពាន់រៀល ពីសមាគមអ្នកធាក់ស៊ីក្លូកម្ពុជា។

សម្ដេចតេជោបន្ដថា ក្នុងប្រាក់៧ពាន់រៀលនេះ គឺ២ពាន់ថ្លៃជួលស៊ីក្លូ និង៥ពាន់រៀល សម្រាប់ថ្លៃម្ហូបអាហារ ដែលនេះ បញ្ជាក់ថា បើពួកគាត់មិនបាច់រត់ដឹកភ្ញៀវក៏មានប្រាក់ស្រាប់។ សម្ដេចថា សមាគមនេះ ជាគោលនយោបាយថ្មី របស់រាជរដ្ឋាភិបាល ដើម្បីលើកកម្ពស់បញ្ហាសង្គម។

សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា “ស្ថានភាពស៊ីក្លូបច្ចុប្បន្នល្អជាងមុន ដែលបង្កសុវត្ថិភាពដល់អ្នកជិះផងដែរ។ ជាពិសេសក្នុង១ថ្ងៃទទួល៧ពាន់រៀលពីសមាគម។ អ្នកធាក់ស៊ីក្លូមានដើមទុនក្នុងដៃ។ ថ្លៃជួល២ពាន់ និងថ្លៃម្ហូប៥ពាន់។ អ្នកធាក់ស៊ីក្លូមានដើមទុន ស្រាប់ ទោះបីជាមិនដឹកភ្ញៀវក៏នៅតែមានប្រាក់ជាប់ជាប្រចាំ”។

ឆ្លៀតឱកាសនោះដែរ នាយករដ្ឋមន្ដ្រីកម្ពុជា បញ្ជាក់ថា មូលនិធិនេះ នឹងបន្តទទួលប្រាក់ឧបត្ថម្ភរហូតទៅដល់ពេលស្លាប់។ ដរាបណាបើសម្តេចបន្តធ្វើនាយករដ្ឋមន្រ្តីសមាគមនេះ នឹងមិនបាត់បង់នោះទេ។

សូមរំលឹកថា ក្រុមអ្នកធាក់ស៊ីក្លូមកជួបជុំជាមួយសម្តេច នៅថ្ងៃទី៨ មីនា នេះ  គឺបានទទួលប្រាក់២០ម៉ឺនរៀល និងសម្ភារៈមួយចំនួនទៀត៕