សម្ដេចតេជោ ៖ សកម្មជនអតីតបក្សប្រឆាំងនៅខេត្តតាកែវ បានវាយមន្រ្តីជំរឿន និងដុតឯកសារជំរឿនចោល

04-03-2019 1:53pm

ភ្នំពេញៈ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានសម្ដែងការហួសចិត្តយ៉ាងខ្លាំង ចំពោះមន្ដ្រីអតីតគណបក្សសង្គ្រោះជាតិម្នាក់ នៅខេត្តតាកែវ ដែលបានប្រើហិង្សាវាយលើមន្ដ្រីជំរឿន និងដុតឯកសារជំរឿនចោល ដោយសម្ដេចចាត់ទុកទង្វើនេះ ជាបទល្មើសព្រហ្មទណ្ឌ មិនមែនជារឿងនយោបាយនោះទេ ខណៈការងារជំរឿន ជារឿងប្រទេសជាតិ មិនមែនជារឿងនយោបាយឡើយ។

សូមរំលឹកថា កាលពីថ្ងៃទី១ ខែមីនា ឆ្នាំ២០១៩ មានបុរសម្នាក់ ឈ្មោះ មិន សុក អាយុ៤៩ឆ្នាំ ជាកសិកររស់នៅភូមិត្រពាំងត្រកៀត ឃុំឧត្តមសុរិយា ស្រុកត្រាំកក់ ខេត្តតាកែវ ដែលគេស្គាល់ថាជាសកម្មជនបក្សប្រឆាំងនោះ បានទាត់មន្ត្រីជំរឿន៤ជើង ពេលកំពុងបំពេញការងារ ហើយស្ទុះទៅរារាំងចាប់ហែកឯកសារ រួចដុតចោលទាំងអស់គ្មានសល់ ថែមទាំងជេរតិះដៀល ទៅដល់ថ្នាក់ដឹកនាំផងដែរ។

គួរបញ្ជាក់ថា ការធ្វើជំរឿនទូទៅប្រជាជន ទូទាំងប្រទស មានរយៈពេល១១ថ្ងៃ ចាប់ពីថ្ងៃទី៣-១៣ ខែមីនា ឆ្នាំ២០១៩ខាងមុខ ដូច្នេះការធ្វើជំរឿននេះ មានសារសំខាន់ខ្លាំងណាស់ និងជាប្រភពតែមួយគត់ ដែលអាចផ្តល់ទិន្នន័យពេញលេញ និងច្បាស់លាស់ ព្រមទាំងបានកំណត់ចរិតលក្ខណៈ ស្ថានភាពរស់នៅពិតប្រាកដ របស់ប្រជាជននៅទូទាំងប្រទេស។

ក្នុងពិធីបើកការដ្ឋានសាងសង់សំណង់ផ្សេងៗ ក្នុងគម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយ-លូ ក្នុងរាជធានីភ្នំពេញ ជំហានទី៤ នៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៩ សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា “ការធ្វើជំរឿននេះ វាអត់មានពាក់ព័ន្ធនឹងនយោបាយទេ ក៏ប៉ុន្ដែខ្ញុំក្ដាប់បានថា មានរឿងអកុសលមួយបានកើតឡើងនៅខេត្តតាកែវ រវាងមន្ដ្រីអតីតគណបក្សមួយដែលងាប់ទៅហើយ (គណបក្សសង្គ្រោះជាតិ) ទៅវាយមន្ដ្រីជំរឿន ហើយដុតចោលទាំងឯកសារជំរឿន ចឹងទេតើវាមកពីអី? ប៉ុន្ដែវាឆ្កួត ទៅវាយម៉ែវាបានត្រូវ”។

សម្ដេចបន្ដថា ករណីមន្ដ្រីអតីតបក្សសង្គ្រោះជាតិ ទៅវាយមន្ដ្រីជំរឿននោះ មិនមែនជារឿងនយោបាយ ប៉ុន្ដែ ជាបទល្មើសព្រហ្មទណ្ឌ។ ដូច្នេះសម្ដេច សូមឲ្យអ្នកទាំងឡាយ ធ្វើការវិនិច្ឆ័យឲ្យបានត្រឹមត្រូវ មន្ដ្រីជំរឿន មិនមែនជាមន្ដ្រីនយោបាយឡើយ។

សម្ដេចថា ប្រជាពលរដ្ឋជាសមាជិក ឬសកម្មជនគណបក្សណាក៏ដោយ ឲ្យតែរស់នៅលើទឹកដីប្រទេសកម្ពុជា គឺត្រូវធ្វើជំរឿនទាំងអស់។

សម្ដេចបញ្ជាក់ថា បុរសទៅវាយមន្ដ្រីជំរឿន បើសិនតុលាកាកាត់ឲ្យជាប់ទោស កុំសន្និដ្ឋានថា “ជារឿងនយោបាយ”។ សម្ដេចថា នៅសព្វថ្ងៃនេះ កម្ពុជាគ្មានអ្នកទោសនយោបាយ មានតែអ្នកនយោបាយជាប់ទោសព្រហ្មទណ្ឌ ដោយអំពើក្បត់ជាតិ។

ដើម្បីឲ្យការធ្វើជំរឿនទទួលបានលទ្ធផលប្រកបដោយជោគជ័យ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានអំពាវនាវដល់ជនរួមជាតិឲ្យគាំទ្រ និងចូលរួមការធ្វើជំរឿនទូទៅប្រជាជនកម្ពុជា តាមរយៈការផ្ដល់ព័ត៌មាន តាមសំណួរ សម្ភាសន៍ឲ្យបានគ្រប់គ្រាន់ ត្រឹមត្រូវ និងស្មោះត្រង់ ជូនមន្ដ្រីធ្វើជំរឿនប្រជាជន។

សម្ដេចនាយករដ្ឋមន្ដ្រី បានថ្លែងបញ្ជាក់ថា “ខ្ញុំសូមអំពាវនាវឲ្យប្រជាពលរដ្ឋទូទាំងប្រទេស ចូលរួមសហការជាមួយមន្ត្រីជំរឿន ដែលកំពុងចុះជំរឿននៅទូទាំងប្រទេស គឺចាប់ពីថ្ងៃទី ៣ដល់១៣ ខែមីនា ឆ្នាំ២០១៩។ សូមបងប្អូនប្រជាពលរដ្ឋយល់ដឹងថា ការធ្វើជំរឿន គឺមិនមែនជារឿងនយោបាយទេ ដូច្នេះ សូមបងប្អូនចូលរួមផ្តល់ព័ត៌មានទាំងអស់គ្នាទាំងអស់”។

សម្ដេចបន្ដថា ការងារជំរឿន គឺដើម្បីបានដឹងអំពីចំនួនពលរដ្ឋពិតប្រាកដ និងកម្រិតជីវភាព នៃការរស់នៅរបស់ពលរដ្ឋ ដើម្បីបានស្ថិតិច្បាស់លាស់មួយ ងាយស្រួលដល់ការលើកគម្រោងផែនការយុទ្ធសាស្រ្តអភិវឌ្ឍប្រទេស។ ចំពោះមន្ត្រីធ្វើការងារជំរឿន គឺត្រូវរក្សាការសម្កាត់របស់ពលរដ្ឋនីមួយៗ តាមបទដ្ឋានគិតយុត្តិ។ ជាពិសេស មន្ដ្រីជំរឿនអាចនឹងចុះជួបពលរដ្ឋនៅតាមផ្ទះនៅពេលយប់ក៏មាន ដោយសារតែពេលថ្ងៃពលរដ្ឋ ភាគច្រើនជាប់រវល់ការងារ។

ឆ្លៀតឱកាសនោះផងដែរ សម្ដេចតេជោ ហ៊ុន សែន បានអំពាវនាវឲ្យបណ្តាញផ្សព្វផ្សាយ វិទ្យុ ទូរទស្សន៍ កាសែត និងបណ្តាញព័ត៌សង្គមនានា ត្រូវចូលរួមសហការផ្សព្វផ្សាយព័ត៌មានជំរឿននេះឲ្យបានទូលំទូលាយនៅទូទាំងប្រទេស។

សម្ដេចតេជោបញ្ជាក់ថា “សូមឲ្យបណ្ដាស្ថានីយ វិទ្យុ ទូរទស្សន៍ បណ្តាញផ្សព្វផ្សាយទាំងអស់ ចូលរួមក្នុងយុទ្ធនាការ នៃការធ្វើជំរឿននេះ។ ពីព្រោះខ្ញុំសង្កេតឃើញថា មុននេះ យើងបានធ្វើដែរតែចំនួនហាក់ដូចជាមិន ផុសផុលប៉ុន្មានទេ”។

សម្ដេចតេជោ ក៏បានថ្លែងអំណរគុណដល់ក្រុមហ៊ុនបម្រើសេវាកម្មទូរស័ព្ទ ដែលបានបញ្ចូលសំលេងព័ត៌មាន អំពីការធ្វើជំរឿននេះ ដែលជាមធ្យោបាយដ៏ល្អដើម្បីឲ្យពលរដ្ឋទូទាំងប្រទេស បានដឹងព័ត៌មានជំរឿនគ្រប់ៗគ្នា។ នៅក្នុងពិធីនេះដែរ សម្ដេចតេជោ លើកឡើងទៀថា អ្នកឯងកាន់ កាតគណបក្ស និងកាតអ្នកសារព័ត៌មាន នៅពេលដែលអ្នកឯង ប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌ បែរជាយកកាតគណបក្ស ឬកាតអ្នកសារព័ត៌មានយកមកធ្វើជាអាវក្រោះដើម្បីការពារខ្លួន ឲ្យផុតពីសំណាញ់ច្បាប់។ សម្ដេច បានទទួលលិខិតសារភាពដ៏ជាក់លាក់ ពីស្ដ្រីម្នាក់ ដែលបានថតខ្សែរភាគយន្ដរឿង “អាសអាភាស” បានផ្ញើសុំការយោគល់ពីសម្ដេចតែម្ដង ប៉ុន្ដែផ្ទុយទៅ ពួកគេបានអះអាងថា ជាសិទ្ធិសេរីភាពទៅវិញ។

សម្ដេចតេជោបន្ថែមថា “អ្នកឯងកាន់កាតគណបក្ស អ្នកឯងកាន់កាតអ្នកសារព័ត៌មាន ហើយនៅពេលអ្នកឯង ប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌ បែរជាយកកាតគណបក្ស ឬកាតអ្នកសារព័ត៌មាន យកមកធ្វើជាអាវក្រោះដើម្បីការពារខ្លួនឲ្យផុតពីសំណាញ់ច្បាប់”។

សូមបញ្ជាក់ថា ជំរឿនឆ្នាំ១៩៩៨ មានពលរដ្ឋចំនួន ១១លាន ៤សែននាក់ នៅឆ្នាំ២០០៨ ចំនួនប្រជាជនកើនឡើងដល់១៣លាន ៤សែននាក់ និងនៅក្នុងឆ្នាំ២០១៣នេះ តាមការអង្កេតចន្លោះជំរឿនប្រជាសាស្ត្រ ពលរដ្ឋកម្ពុជាសរុបមានប្រមាណ ១៤លាន ៤សែន៨ម៉ឺននាក់៕