សម្តេច ស ខេង ៖ បញ្ហាវិវាទដីធ្លី មានអ្នកធំ និងអ្នកមាន​លុយ ចូលមកធ្វើអន្តរាគមន៍ ត្រូវតែបញ្ឈប់ជាបន្ទាន់

02-03-2019 8:28am

ព្រះសីហនុៈ ថ្លែងក្នុងពិធី​បិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៨ និងទិសដៅការងារ ឆ្នាំ២០១៩ របស់រដ្ឋបាលខេត្តព្រះសីហនុ នា​ថ្ងៃទី១ ខែមីនា ឆ្នាំ២០១៩ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា ទាក់ទងនិងបញ្ហាវិវាទដីធ្លី ដែលមានអ្នកធំ និងអ្នកលុយចូលមកធ្វើអន្តរាគមន៍ នៅខេត្តព្រះសីហនុ ត្រូវតែបញ្ឈប់នូវវប្បធម៌អន្តរាគមន៍ជាបន្ទាន់ ដកខ្លួនចេញ ដើម្បីការពារផលប្រយោជន៍ជាតិ ពិសេសការពារដាច់ខាតនូវដីរដ្ឋ ព្រោះវាជាផលប្រយោជន៍រួមរបស់យើងទាំង អស់គ្នា ម្យ៉ាងទៀតបញ្ហាទំនាស់ដីធ្លីទុកឱ្យខេត្តជាអ្នកធ្វើការដោះស្រាយ ប្រកបដោយយុត្តិធម៌​ និងត្រូវយកច្បាប់មកអនុវត្តជាមូលដ្ឋាន។ ដោយសារតែកន្លងមក មន្ត្រីមូលដ្ឋាន បានចុះហត្ថលេខាលើឯកសារដីធ្លីជាន់លើគ្នា បណ្តាលឱ្យមានវិវាទកើតឡើង។

សម្តេចក្រឡាហោម ស ខេង មានប្រសាសន៍បន្ត​ថា ក្រោមការដឹកនាំរបស់រដ្ឋបាលខេត្តព្រះសីហនុ សម្រេចបាននូវសមិទ្ធិផលជាច្រើន ពិសេសសន្តិភាព និងសុខ មាលភាពសង្គម ក្នុងការអភិវឌ្ឍ រីកចម្រើនគួរឲ្យកត់សម្គាល់ ក្នុងការកៀងគរធនធានទុនយ៉ាងច្រើន មកធ្វើការវិនិយោគនៅខេត្ត ហើយក៏​ជាឱកាសសម្រាប់ប្រជាពលរដ្ឋខេត្តព្រះ សីហនុ ក៏ដូចប្រជាពលរដ្ឋនៅទូទាំងប្រទេស ក៏ប៉ុន្តែរាល់អ្នកវិនិយោគ ត្រូវតែចូលរួមគោរពច្បាប់កម្ពុជា។

លោក​ យន្ត មីន អភិបាល ខេត្តព្រះសីហនុ មានប្រសាសន៍ថា រដ្ឋបាលខេត្តព្រះសីហនុបានបំពេញការងារ ស្របតាមសេចក្ដី ណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងមហាផ្ទៃ ដោយរៀបចំអង្គ ភាពច្រកចេញ ចូលតែមួយ ការិយាល័យប្រជាពលរដ្ឋ និងមន្ត្រីផ្នែកជួរក្រោយ បាននឹងកំពុងបម្រើសេវារដ្ឋបាលជូនប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធិភាព តម្លាភាព ។ រដ្ឋបាលខេត្ត បានដាក់ចេញនូវទិសដៅអាទិភាពដូចជាៈ សហការឱ្យកាន់តែល្អ ជាមួយក្រុម ការងារថ្នាក់ជាតិ ចុះជួយខេត្តព្រះសីហនុ និងក្រុមការងារក្រសួង មហាផ្ទៃ ចុះជួយគាំទ្រ និងពង្រឹងការងាររដ្ឋបាលខេត្ត និងសហ ការជាមួយវិស័យឯកជន  និងសង្គមស៊ីវិល ។

លោកបន្តថា យើងនឹង​ពង្រឹងការពារសន្តិសុខ របៀបរៀបរយ សណ្តាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ អន្តរជាតិ និងវិនិយោគគិន ពង្រឹងការងារភូមិ ឃុំមានសុវត្ថិភាព៩ចំណុច យកចិត្តទុកដាក់អនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។

លោកអភិបាលខេត្ត បន្តទៀតថា រដ្ឋបាលខេត្តនឹងខិតខំគ្រប់គ្រងបរិស្ថាន អនាម័យ កាកសំណល់រឹង រាវ រៀបចំការប្រឡងប្រណាំងឃុំ សង្កាត់ស្អាត និងសន្តិសុខ សណ្តាប់ធ្នាប់ល្អ រៀបចំកែលម្អសួនច្បារ៤កន្លែងក្នុងក្រុងព្រះសីហនុ។ ពិសេសផ្តល់សេវារដ្ឋជូនប្រជាពលរដ្ឋ ឱ្យមានប្រសិទ្ធិភាព តម្លាភាព និងគណនេយ្យភាព តាមរយអង្គភាពច្រកចេញ ចូលតែមួយខេត្ត ក្រុង ស្រុក ស្របតាមបាវចនាថ្មី របស់សម្តេចតេជោ នាយករដ្ឋមន្ត្រី គឺកែទម្រង់ខាងក្នុង និងពង្រីកទំនាក់ទំនងខាងក្រៅ៕