ខែមករា ការបង្កបង្កើនផលស្រូវ រដូវប្រាំង ទូទាំងប្រទេសជិត៦សែនហិកតា

28-02-2019 12:20pm

ភ្នំពេញៈ ក្នុងខែមករា ដើមឆ្នាំ២០១៩នេះ ការងារបង្កបង្កើនផលស្រូវរដូវប្រាំង នៅទូទាំងប្រទេស សម្រេចបានចំនួន៥៧៦ ៩០៨ ហិកតា ស្មើនឹង១២៨,៩២ភាគរយ នៃផែនការ ៤៤៧ ៥០០ហិកតា។

យោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ស្ដីពីសភាពការណ៍កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ប្រចាំខែមករា ឆ្នាំ២០១៩ នាពេលថ្មីៗនេះ បានឲ្យដឹងថា សម្រាប់ខេត្តសៀមរាប បានជួបប្រទះបញ្ហា ខ្វះខាតទឹកស្រោចស្រព លើដំណាំរដូវប្រាំងសរុប៣៩១៥ហិកតា ចំណែកនៅខេត្តព្រៃវែង បានជួបប្រទះបញ្ហាទឹកលិចស្រូវប្រាំង ជាស្រូវប្រដេញទឹកសរុប៧៩៩ហិកតា។

របាយការណ៍កសិកម្ម បញ្ជាក់ថា ការងារបង្កបង្កើនផលស្រូវរដូវប្រាំង នៅទូទាំងប្រទេសសម្រេចបានចំនួន៥៧៦ ៩០៨ហិកតា ស្មើនឹង១២៨,៩២ភាគរយ នៃផែនការ៤៤៧ ៥០០ហិកតា

ដោយឡែក ការប្រើប្រាស់គ្រឿងយន្ដ សម្រាប់ការរៀបចំដី ផលិតកម្មដំណាំស្រូវរដូវប្រាំង ស្មើនឹង៩៨,៨៦ភាគរយ ធៀបការប្រើប្រាស់ ដោយគោ-ក្របី មាន១,១៥ភាគរយ។ រីឯការចូលរួមទប់ស្កាត់ បទល្មើសផ្សេងៗទៀត ជាពិសេសបទល្មើសព្រៃឈើ បទល្មើសជលផល ក្រោមកិច្ចសហការជាមួយគណៈកម្មការ អន្ដរក្រសួង ព្រមទាំងបទល្មើសនានា ដោយខុសច្បាប់ត្រូវបានអនុវត្ត ប្រកបដោយប្រសិទ្ធភាព។

ចំណែក ការចុះធ្វើអធិការកិច្ចជី-ថ្នាំកសិកម្ម ការជំរុញការងារផ្សព្វផ្សាយកសិកម្ម តាមគ្រប់រូបភាពបានប្រព្រឹត្ត ទៅក្រោមកិច្ចសហប្រតិបត្តិការយ៉ាងល្អប្រសើរ ជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ អាជ្ញាធរថ្នាក់ក្រោមជាតិ ដៃគូអភិវឌ្ឍន៍ និងសហគមន៍កសិកម្មទៅតាមភារកិច្ច៕