បទវិចារណកថា ៖ ក្រោយថ្ងៃទី១ បញ្ចប់ទៅ តើគេសង្ឃឹមថា លោក គីម និងលោក ត្រាំ អាចសម្រេចបានអ្វីខ្លះ នៅថ្ងៃផ្តាច់ព្រ័ត្រនៃជំនួបលើកទី២ របស់ពួកគេ?

28-02-2019 7:26am

វៀតណាមៈ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ និងមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន នឹងចាប់ផ្តើមជំនួបលើកទី២ និងជាថ្ងៃចុងក្រោយនៃជំនួបកំពូលជាលើកទី២របស់ពួកគេ នៅក្នុងប្រទេសវៀតណាម នៅថ្ងៃព្រហស្បតិ៍​នេះហើយ ហើយ​គេរំពឹងថា មេដឹកនាំទាំង២ នឹងពិភាក្សាគ្នាលើផែនការសម្រាប់ការដកចេញអាវុធនុយក្លេអ៊ែរចេញពីតំបន់ឧបទ្វីបកូរ៉េ។

ការរីកចម្រើនតិចតួចបំផុត ត្រូវបានបង្កើតឡើងលើបញ្ហាទាំងនេះ ចាប់តាំងពីជំនួបកំពូលជាប្រវត្តិសាស្រ្តរវាងលោក ត្រាំ និងលោក គីម នៅក្នុងប្រទេសសិង្ហបុរី កាលពីឆ្នាំមុន។

ដោយឡែក ជំនួបកាលពីថ្ងៃពុធ ត្រូវបានគេកំណត់ឲ្យសួរសំណួររយៈពេលខ្លីប៉ុណ្ណោះ ពីក្រុមអ្នកសារព័ត៌មាន ការជជែកទល់មុខគ្នា និងការទទួលអាហារពេលល្ងាច។

លោក​ ត្រាំ បានសរសេរតាម Twitter ក្រោយទទួលទានអាហារនៅឯសណ្ឋាគារប្រវត្តិសាស្រ្ត Metropole នៅក្នុងរដ្ឋធានីហាណូយ ប្រទេសវៀតណាមថា វាគឺជាជំនួប និងអាហារពេលល្ងាចដ៏អស្ចារ្យជាមួយលោក គីម ជុងអ៊ុន

នៅឯតុអាហារនោះដែរ ក៏មានវត្តមានផងដែរ រដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិក លោកម៉ៃ ផមផ្យូ និងប្រេសិតជាន់ខ្ពស់របស់លោក គីម គឺលោក គីម យ៉ុងឆុល។

+តើជំនួបនៅថ្ងៃព្រហស្បតិ៍​នេះ មានរបៀបវារៈអ្វីខ្លះ?

យោងតាមការអះអាងពីសេតវិមាន បានឲ្យដឹងថា មេដឹកនាំទាំង២ និងមាននូវជំនួបជាបន្តបន្ទាប់នៅឯសណ្ឋាគារ Metropole ដែលនឹងចាប់ផ្តើមជាមួយនឹងជំនួបម្តងៗរយៈពេល៤៥នាទី ។

ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមគ្នាមួយ នឹងធ្វើឡើងនៅដំណាច់កិច្ចប្រជុំ ហើយលោកត្រាំ នឹងផ្តល់សន្និសីទកាសែតនៅវេលាម៉ោង៣ និង៥០នាទី។

គេនៅមិនទាន់ដឹងច្បាស់នោះទេថាតើកិច្ចព្រមព្រៀងរួមគ្នានេះ នឹងរួមបញ្ចូលអ្វីខ្លះ។ នៅពេលសួរថាតើ ការបញ្ចប់ជាផ្លូវការនូវសង្រ្គាមកូរ៉េ អាចនឹងត្រូវប្រកាសដែរឬទេ លោកត្រាំ បានឆ្លើយថា “យើងនឹងរង់ចាំមើលសិន”។

+តើមានរឿងអ្វីកើតឡើងខ្លះនៅថ្ងៃដំបូងនៃជំនួបរបស់មេដឹកនាំទាំង២?

លោកត្រាំ និងលោកគីម បានចាប់ដៃគ្នា នៅមុខក្រុមអ្នកសារព័ត៌មាន មុនពេលមានជំនួបទល់មុខ និងការស្រស់ស្រូបអាហារពេលល្ងាច។

មេដឹកនាំសហរដ្ឋអាមេរិក បាននិយាយថា លោកគិតថា កិច្ចប្រជុំកំពូលនេះ នឹងជោគជ័យបំផុត ហើយលោកបានធ្វើការច្រានចោលថាលោកមិនបានដើរថយក្រោយនោះលើការរំសាយអាវុធនុយក្លេអ៊ែរ។

ពេលឈរជាមួយលោកគីម លោកត្រាំ បាននិយាយថា “យើងមាននូវជំនួបកំពូលលើកដំបូងដ៏ជោគជ័យខ្លាំងណាស់។ អ្នករាល់គ្នាចង់ចង់ឃើញវាដំណើរការទៅឆាប់រហ័សជាងនេះ លោកពេញចិត្ត អ្នកពេញចិត្ត យើងចង់រីករាយជាមួយអ្វីដែលយើងកំពុងតែធ្វើ”។

លោកត្រាំ បានរៀបរាប់ថា លោកគីម គឺជាមេដឹកនាំដ៏អស្ចារ្យម្នាក់ ហើយលោកបាននិយាយថា លោកទន្ទឹងរង់ចាំជួយគាត់សម្រេចបានអនាគតសេដ្ឋកិច្ចដ៏អស្ចារ្យសម្រាប់កូរ៉េខាងជើង។

ចំណែកឯលោកគីម វិញ បាននិយាយថា លោកមានជំនឿចិត្តថា មាននូវលទ្ធផលដ៏ល្អប្រសើរមួយដែលអ្នករាល់គ្នាស្វាគមន៍។ លោកបាននិយាយប្រាប់ក្រុមអ្នកសារព័ត៌មានថា លោកនឹងប្រឹងអស់ពីសមត្ថភាពដើម្បីធ្វើឲ្យវាកើតឡើង។

ខណៈនោះដែរ លោកត្រាំ និងប្រធានាធិបតីវៀតណាម លោកង្វៀន ភូទ្រុង បានធ្វើជាអធិបតីភាពក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មតម្លៃ២០ពាន់លានដុល្លារ។ ពួកគេបានរួមបញ្ចូលទាំងកុងត្រាសម្រាប់ក្រុមហ៊ុនអាកាសចរណ៍វៀតណាមដើម្បីទិញយន្តហោះ និងបច្ចេកវិទ្យាសហរដ្ឋអាមេរិកផងដែរ។

+ហេតុអ្វីបានជាមានជំនួបលើកទី២?

មេដឹកនាំទាំង២ ធ្លាប់ជួបគ្នាម្តងរួចមកហើយនៅក្នុងប្រទេសសិង្ហបុរី កាលពីខែមិថុនា ឆ្នាំមុន នៅក្នុងជំនួបលើកដំបូងជាប្រវត្តិសាស្រ្តរវាងមេដឹកនាំកូរ៉េខាងជើង និងប្រធានាធិបតីកាន់តំណែងរបស់សហរដ្ឋអាមេរិក។

ជំនួបលើកទី២នៅក្នុងទីក្រុងហាណួយនេះ ត្រូវបានគេរំពឹងថា នឹងបង្កើតមូលដ្ឋានគ្រឹះនូវអ្វីដែលនឹងត្រូវសម្រេចបន្ទាប់។

ជំនួបនៅឯសិង្ហបុរី បង្កើតឲ្យមានកិច្ចព្រមព្រៀងពាក្យសម្តីមិនច្បាស់លាស់ប៉ុណ្ណោះ ដោយមេដឹកនាំទាំង២ យល់ព្រមធ្វើការឆ្ពោះទៅរកការរំសាយអាវុធនុយក្លេអ៊ែរ ថ្វីត្បិតតែពួកគេមិនបានបញ្ជាក់ឲ្យច្បាស់ពីរឿងរ៉ាវលំអិតយ៉ាងណាក៏ដោយ។

ការរីកចម្រើនផ្នែកការទូតតិចតួចខ្លាំងណាស់ ត្រូវបានបង្កើតឡើង បន្ទាប់ពីជំនួបកំពូល។ ជំនួបលើកនេះ មេដឹកនាំទាំង២ នឹងដឹងច្បាស់ពីតម្រូវការដើម្បីឆ្លើយតបនឹងក្រុមអ្នករិះគន់របស់ពួកគេ ជាមួយនឹងសញ្ញានៃការរីកចម្រើនដ៏រឹងមាំណាមួយ។

កាលពីមុន ទីក្រុងវ៉ាស៊ីងតោនធ្លាប់បាននិយាយថា កូរ៉េខាងជើង ត្រូវតែបោះបង់ចោលអាវុធនុយក្លេអ៊ែររបស់ខ្លួន មុនពេលទណ្ឌកម្មសេដ្ឋកិច្ច ត្រូវកាត់បន្ថយ៕