លោក សុខ ឥសាន ៖ អាមេរិក ចោទកម្ពុជា រំលោភសិទ្ធិមនុស្ស ជាលេសគាបសង្កត់រាជរដ្ឋាភិបាល

27-02-2019 12:22pm

ភ្នំពេញៈ បន្ទាប់ពីសមាជិកសភាអាមេរិក២រូប ចោទប្រកាន់កម្ពុជា រំលោភសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានថ្លែងថា នេះគ្រាន់តែជាលេស ដើម្បីគាបសង្កត់មកលើរាជរដ្ឋាភិបាលកម្ពុជាតែប៉ុណ្ណោះ។

កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៩ វិទ្យុអាស៊ីសេរី បានចេញផ្សាយថា សមាជិកសភាមកពីខាង គណបក្សប្រជាធិបតេយ្យ លោក អាឡែន ឡូវ៉ិនស្សល (Alan Lowenthal) និងលោក ស្ទីវ ឆាបុត្រ (Steve Chabot) មកពីគណបក្សសាធារណៈរដ្ឋ បានស្នើច្បាប់ស្តីពីពាណិជ្ជកម្មកម្ពុជាឆ្នាំ២០១៩ ដើម្បីឲ្យរដ្ឋាភិបាលអាមេរិកពិចារណាឡើងវិញ លើប្រព័ន្ធអនុគ្រោះពន្ធ ទូទៅផ្នែកពាណិជ្ជកម្ម(GSP) ដោយសារតែកម្ពុជាបានរំលោភសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យកាន់តែធ្ងន់ធ្ងរ។

លោក សុខ ឥសាន បានសរសេរក្នុងតេឡេក្រាម នៅថ្ងៃ២៧ ខែកុម្ភៈថា ដើម្បីគាបសង្កត់រាជរដ្ឋាភិបាលកម្ពុជាឲ្យធ្វើតាមខ្លួន អាមេរិកបានយកបញ្ហាសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ មកធ្វើជាលក្ខខ័ណ្ឌដោះដូរទៅវិញ។

លោកបន្ដថា តាមការពិតជាក់ស្តែងនៅកម្ពុជា គ្មានការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ និងលទ្ធិប្រជាធិបតេយ្យដើរថយក្រោយ ដូចការចោទប្រកាន់របស់សមាជិកសភាអាមេរិកឡើយ។ បើមានបញ្ហាដូចការចោទមែននោះ កម្ពុជាមិនអាចធានារក្សាសន្តិភាព ស្ថិរភាពនយោបាយ និងសុខសុវត្ថិភាព បានល្អដូចសព្វថ្ងៃនេះទេ ប្រាកដជាមានការរំជើបរំជួលចលាចលក្នុងសង្គមជាមិនខាន។

អ្នកនាំពាក្យរូបនេះ បន្តថា “ដូច្នេះ ការលើកយកបញ្ហាសិទ្ធិមនុស្ស និងប្រជាធិបតេយ្យមកចោទ គឺគ្រាន់តែជាលេស ដើម្បីគាបសង្កត់មកលើកម្ពុជា ឲ្យបោះបង់ចោលឯករាជ្យ និងអធិបតេយ្យភាពជាតិរបស់ខ្លួនតែប៉ុណ្ណោះ”។

សូមរំលឹកថា ប្រព័ន្ធអនុគ្រោះពន្ធទូទៅ GSPនេះ កម្ពុជានាំចេញទំនិញទៅអាមេរិក ដោយឥតបង់ពន្ធ គិតជាទឹកប្រាក់ជាង១៨០លានដុល្លារ ក្នុងមួយឆ្នាំៗ៕