ជនចាប់ចោទ និងសាក្សី បដិសេធចំពោះការស្លាប់របស់ស្រីស្នេហ៍អតីតអភិបាលខេត្តតាកែវ ជាអំពើឃាតកម្ម ហើយចង្អុលទៅប៉ូលិសបង្ខិតបង្ខំ

27-02-2019 8:26am

ភ្នំពេញៈ ឈានដល់ថ្ងទី៣ហើយនៅថ្ងៃទី ២៧កុម្ភៈ ដែលចៅក្រមសាលាដំបូងរាជធានីភ្នំពេញបានលើកយកសំណុំរឿងសវនាការលើសំណុំរឿងការរស្លាប់របស់អ្នកស្រី ចេវ សុវឌ្ឍនា ដែលជាស្រីកំណាន់របស់លោក ឡាយ វណ្ណៈ អតីតៈអភិបាលខេត្តតាកែវ មកបើកសវនាការបន្ត។

ពេញមួយថ្ងៃទី២៦កុម្ភៈតុលាការបានសាកសួរលោក ឡាយ វណ្ណៈ ឡាយ ណារិទ្ធ តែពួកគេបានបដិសេធលើការចោទប្រកាន់រឿងថាលោកបានសម្លាប់អ្នកស្រី ចេវសុវឌ្ឍនា។

ជនជាប់ចោទលោក ឡាយ ណារិទ្ធ អតីតៈស្នងការរងនគរបាលខេត្តតាកែវ និងជាបងប្រុសលោក ឡាយ វណ្ណៈ បានបដិសេធថាលោកមិនជាប់ពាក់ពន្ធ ក្នុងអំពើឃាតកម្មលើអ្នកស្រី ចេវ សុវឌ្ឍនា នោះដែរ ។

ជនជាប់ចោទ ឡាយ វណ្ណៈ ត្រូវបានប្រធានក្រុមប្រឹក្សាជំនុំជម្រះលោក ហម ម៉េងសែ ផ្តល់សិទ្ធិឲ្យឆ្លើយចំពោះមុខអង្គសវនាការ នូវអ្វីដែលខ្លួនបានធ្វើ បានប្រព្រឹត្ត ជៀសវាងបង្វេអង្គហេតុ ភូតកុហក់តុលាការ ។

ជាការកត់សម្គាល់ចម្លើយជនជាប់ចោទឈ្មោះ ម៉េន សាម៉ៃ តៃកុងឡាន (ឡាយ វណ្ណៈ) ឆ្លើយទាំងទឹកផ្នែកទឹកសំបោថា ខ្លួនមិនជាប់ពាក់ពន្ធអំពើឃាតកម្មលើអ្នកស្រី ចេវ សុវឌ្ឍនា នោះទេ ។ ការឆ្លើយដំបូងនៅសមត្តកិច្ចថា លោក ឡាយ វណ្ណៈ ពិតជាបានសម្លាប់អ្នកស្រី ចេវ សុវឌ្ឍនា នោះ គឺជាការបង្ខិតបង្ខំរបស់សមត្តកិច្ច ដែលបានប្រើអំពើហឹង្សាទះកំភ្លៀងផងទាត់ផង ធ្វើឲ្យខ្លួនភ័យខ្លាចឆ្លើយដាក់ ឡាយ វណ្ណៈ ការពិតរឿងនេះ ឡាយ វណ្ណៈ មិនបានជាប់ពាក់ពន្ធ និងអំពើឃាតកម្មទេ គឺអ្នកស្រី ចេង សុវឌ្ឍនា ពិតជាចងកសម្លាប់ខ្លួនឯងមែន ។

យ៉ាងណាក្តីមន្រ្តីនគរបាលយុត្តិធម៍ នៃនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ដែលបានចូលរួមសវនាការនេះ បានបដិសេធរាល់ចម្លើយ ដែឭជនជាប់ចោទឆ្លើយថា សមត្តកិច្ចវ៉ៃគឺមិនពិតទេ ។

សវនាការនេះត្រូវបានផ្អាកនៅវេលាម៉ោង១១ និង៣០នាទីព្រឹកអង្គសវនាការបានសម្រាក រហូតដល់ម៉ោង២ និង៣០ថ្ងៃដដែលទើបសវនាការបន្តទៀត ។

នារសៀលនោះអង្គសវនាការបានសាកសួរជនជាប់ចោទឈ្មោះ ជឹម វុធ អ្នកបម្រើផ្ទះអ្នកស្រី ចេវ សុវឌ្ឍនា ពេលនោះជនជាប់ចោទ ជឹម វុធ ក៏បានបដិសេធផងដែរ រាល់ចម្លើយនៅសមត្តកិច្ចនគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ តែមានរក្សាចម្លើយនៅតុលាការ ពោលគឺមានន័យថា ការស្លាប់អ្នកស្រី ចេវ សុវឌ្ឍនា មិនមែនជាអំពើឃាតកម្មទេ គឺអ្នកស្រី ចេវ សុវឌ្ឍនា ពិតជាចងកសម្លាប់ខ្លួន ។ បន្ទាប់មកទៀតអង្គសវនាការបានសាកសួរសាក្សីឈ្មោះ ចាន់ រី ប្រពន្ធ ជឹម វុធ ដែលជាអ្នកបម្រើផ្ទះអ្នកស្រី ចេវ សុវឌ្ឍនា ក៏បដិសេធដូចគ្នាទាំងអស់ ទៅនិងជនជាប់ចោទ ឡាយ វណ្ណៈ ឡាយ ណារិទ្ធ ម៉េន សាម៉ៃ ជឹម វុធ និង សាក្សីឈ្មោះ ចាន់ រី ដែរ ។ រហូតដល់ម៉ោង៥ និង៣០នាទីល្ងាច អង្គសវនាការបានសម្រាក ហើយប្រធានក្រុមប្រឹក្សាបានលើកពេលបន្តសវនាការទៅថ្ងៃទី២៧ ព្រឹកនេះទៀត។

ចំពោះសវនាការនាព្រឹកថ្ងៃទី ២៧កុម្ភៈ នេះក្រុមប្រឹក្សាជំនុំជំរះនឹងសាកសួរលើសមត្ថកិច្ចខេត្តតាកែវអំពីលទ្ធផលសើបអង្កេតបឋម និងការធ្វើកោសល្យវិច្ឆ័យលើសាកសពជនរងគ្រោះ និងសាកសួរសមត្ថកិច្ចនសយកដ្ឋាននគរបាលព្រហ្មទ័ណ្ឌអំពីការធ្វើកោសល្យវិច្ឆ័យនិងភស្តុតាងផ្សេងៗនៅក្នុងរឿងក្ដី៕