ស្នងការខេត្តតាកែវ ហាមដាច់ខាតមិនឲ្យ​មន្រ្តីពន្លត់អគ្គិភ័យ​ យក​លុយពី​ពលរដ្ឋ និង​ត្រូវ​​ពន្លឿនការងាររបស់ខ្លួន

26-02-2019 10:49am

តាកែវៈ លោក​ឧត្តមសេនីយ៍​ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ ប្រាប់ដល់ លោក ម៉ៅ សុផល ស្នងការរងទទួលបន្ទុកអន្តរាគម៍ ក្នុងការពន្លត់អគ្គិ​ភ័យថា ត្រូវធ្វើយ៉ាងណាដោះស្រាយបញ្ហាអគ្គិ​ភ័យ ដែលកំពុងឆេះឲ្យបានលឿនបំផុត ទោះបីជាមិនទាន់បានធ្វើការរាយការណ៍ជូនថ្នាក់លើក៏ដោយ។

ថ្លែងបែបនេះ ក្នុងពេលដែល​លោក​ស្នងការចូលរួមក្នុងពិធីប្រារព្វទិវាជាតិបង្ការ និងពន្លត់អគ្គិភ័យ ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៩ ចំពោះការជួយសង្គ្រោះបន្ទាន់លើករណីអគ្គិភ័យ ដែលកំពុងតែឆាប់ឆេះនោះ វាជារឿងសំខាន់ណាស់ ព្រោះនេះជាផែនការ ដែលបានដាក់ចេញដោយ ក្រសួងមហាផ្ទៃ ធ្វើយ៉ាងណា ត្រូវតែអនុវត្តឲ្យបានលឿន និងទាន់សភាពការ ដែលបាននិងកើតទ្បើងមាននៅតាមគោលដៅនីមួយៗ ក្នុងដែនសមត្ថកិច្ច ដែលខ្លួនគ្រប់គ្រង ដោយមិនបាច់រង់ចាំបញ្ជាពីថ្នាក់លើ ឬក៏ចាំដល់ពេលរាយការណ៍រួចនោះទេ ព្រោះវាជាបញ្ហាមួយ ដែលបន្ទាន់ ដែលត្រូវធ្វើការដោះស្រាយភ្លាមៗ ហើយចាំធ្វើការរាយ៍ការណ៍ជូនតាមក្រោយក៏បានដែរ។

លោក​ស្នងការ បានបន្តទៀតថា ផែនទទួលបន្ទុក ក្នុងការជួយអន្តរាគមន៍ពន្លត់អគ្គិ​ភ័យ នៅតាមបណ្តាក្រុងស្រុកទាំងអស់ មិនត្រូវឲ្យកើតមាននៅបញ្ហាយកលុយពីបងប្អូន ដែលកំពុងទទួលរងនៅអគ្គិ​ភ័យឆាប ឆេះនៅផ្ទះសម្បែង ឬនៅតាមផ្សារ និងតាមកន្លែងផ្សេងៗឲ្យសោះ ហើយពិសេសនោះផ្ទះអ្នកដែលនៅជាប់កន្លែងកើតហេតុ ដែលពួកគាត់ស្នើសុំឲ្យមានការជួយបាញ់ទឹកការពារផ្ទះសម្បែ​ង និងទ្រព្យសម្បត្តិរបស់គាត់ ដែលមានការផ្តល់ជាថវិការតបស្នង គឺមន្រ្តីរបស់យើង ដែលទទួលផែននេះ ត្រូវសិក្សារមើលឲ្យបានច្បាស់ថា អាចកើតមានបញ្ហាអគ្គិ​ភ័យដល់ ឬអត់ ព្រោះគោលដៅរបស់ផែនពន្លត់អគ្គិ​ភ័យយើង គឺត្រូវទៅជួយសង្គ្រោះកន្លែងដែលកំពុងតែមានអគ្គិ​ភ័យឆេះជាក់ស្តែង ដោយមិនមានការយកលុយពីពួកគាត់នោះទេ ព្រោះនេះវាកាតព្វកិច្ចរបស់យើង។

ហើយជាចុងក្រោយ លោក​ស្នងការនគរបាលខេត្ត ក៏បានធ្វើការកោតសរសើរទៅដល់ផែនទទួបន្ទុក ក្នុងការជួយអន្តរាគម៍ចំពោះអគ្គិ​ភ័យឆាបឆេះ ដែលបានខិតខំបំពេញការងារបានល្អកន្លងមក និងសំណូមពរសូមឲ្យមានការខិតខំប្រឹងប្រែងបំពេញតួនាទីការងារឲ្យបានល្អជាងនេះបន្តទៀត៕