មុខរបរ​ធ្វើ​ត្រសក់​ចាវ​ របស់​អ្នក​ស្រុក​កងមាស​ អាច​ជួយ​កែប្រែ​ជីវភាព​ បាន​យ៉ាង​ប្រសើរ

26-02-2019 8:24am

កំពង់ចាមៈ ត្រសក់ចាវ ​ដែល​ផលិត​ដោយ​ប្រជាពលរដ្ឋ​ ​រស់នៅ​ក្នុង​ភូមិ​ពោធិ៍​សាលា​ទី​១​ ឃុំ​ព្រែក​ក្របៅ​ ​ស្រុក​កងមាស​ ខេត្តកំពង់ចាម​ ត្រូវ​បាន​​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត​កំពង់ចាម​ ជ្រើសរើស​​ឲ្យ​ចូលរួម​ ក្នុង​កម្មវិធី​តាំងពិព័រណ៍​ បង្ហាញ​ផលិតផល​ខ្មែរ​ នៅ​តាម​បណ្ដា​ខេត្ត​-ក្រុង​​នានា​ ហើយ​ក៏មាន​ការនាំចេញ​ទៅក្រៅប្រទេស​ ដែល​ទាំង​នេះ ​គឺអាច​កែប្រែ​ក្នុង​ជីវភាព​គ្រួសារ​បាន​យ៉ាង​ប្រសើរ​។

​អ្នកស្រី​ អៀង​ ជិងឡុង​ ជា​អ្នក​ផលិត​​ត្រសក់ចាវ​ជាង​១០ឆ្នាំ​មក​ហើយ​​​​ បាន​រៀបរាប់​អំពី​មុខរបរ​​ធ្វើ​ត្រសក់​ចាវ​នេះ​ថា​ ដំបូង​គេ​ត្រូវ​​យក​ត្រសក់ស្រូវ​ស្រស់​ទៅត្រាំ​ទឹកអំបិល​ រួចដាក់​ហាលថ្ងៃ​ឲ្យ​បាន​ស្ងួត​ល្អ​ ដោយ​ក្នុង​ត្រសក់ស្រស់​១០​គីឡូក្រាម​ ​ទទួលបាន​ត្រសក់​ស្ងួត​ចាប់​ពី​២​គីឡូ​កន្លះ​ ទៅ​៣គីឡូក្រាម​ ហើយ​ត្រូវដាក់​ត្រាំ​ទឹក​ផ្អក​ ​មាន​លាយ​ស្ករ​និង​រំដេង​ រួច​ញាត់​ដាក់​ក្នុង​​កែវ​ជ័រ​តូច​-ធំ​ ទៅ​តាម​តម្លៃ​របស់​វា​ ​ដែលមាន​រយៈពេល​តែ១សប្តា​ហ៍​ប៉ណ្ណោះ​ គឺអាច​យកទៅទទួល​ទាន​បាន​ហើយ​។

​អ្នកស្រី​បានបន្តទៀតថា​ បន្ទាប់​ពី​​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត​កំពង់ចាម​ ​បាន​​ជ្រើសរើស​ផលិតផល​ត្រសក់​ចាវ​ របស់​អ្នក​ស្រី​ ឲ្យ​​ចូលរួម​ដាក់​បង្ហាញ​ក្នុង​កម្មវិធី​តាំងពិព័រណ៍​នៅ​តាម​បណ្ដា​ខេត្ត​-ក្រុង​​មួយចំនួន​រួច​មក​ អ្នក​ស្រី​តែងតែ​​ទៅ​ចូលរួម​ ក្នុង​ការដាក់បង្ហាញ​នៃកម្មវិធី​តាំងពិព័រណ៍​ ​នៅតាម​បណ្តា​ខេត្ត​-ក្រុង​មួយចំនួន​មាន​ដូចជា​ខេត្តស្វាយរៀង​ ខេត្ត​ព្រះសីហនុ​ ខេត្ត​ស្ទឹងត្រែង​ ខេត្ត​​ប៉ៃលិន​ ខេត្ត​ក្រចេះ​​ និង​នៅ​កោះពេជ្រ​ រាជធានី​ភ្នំពេញ​​ ជាពិសេសការ​តាំងពិព័រណ៍​នៅ​វិមាន​ឈ្នះ​ៗ​ នៅ​រាជធានីភ្នំពេញ​ កន្លងទៅ​ថ្មីៗ​នេះ​ ដោយ​លក់​ក្នុង​កម្មវិធី​តាំង​ពិព័រណ៍​ ម្តង​ៗ​បាន​កម្រៃ​សរុប​ចាប់​ពី​៥០០$ទៅ​១០០០​ដុល្លារ​សហរដ្ឋអាមេរិក​ផង​ដែរ​។

ដោយ​នៅ​ភូមិ​អ្នកស្រី​ ក៏មាន​អ្នកធ្វើ​ត្រសក់ចាវ​លក់​បែបនេះ​ ពី៦ទៅ​៧គ្រួសារដែរ​ ដោយឡែក​ចំពោះ​អ្នក​ស្រី​ផ្ទាល់​​ ក្រៅពី​លក់​នៅក្នុង​ស្រុក​ ត្រូវ​បាន​ជ្រើសរើស​​ចូលរួម​ក្នុង​ការ​​តាំងពិព័រណ៍​កន្លងមក​ ហើយ​​ក៏មាន​បងប្អូន​ខ្មែរ​ដែល​រស់នៅ​ក្រៅ​ប្រទេស​មួយចំនួន​ មាន​ដូចជា​ប្រទេស​បាំ​រាំង​ អូស្ត្រាលី​ និង​កូរ៉េ​ បានមក​ទិញ​ពី​អ្នកស្រី​ដោយ​តម្រូវ​ឲ្យ​វេច​ខ្ចប់​ម្តងៗ​មានតម្លៃ​ចាប់ពី​២០០​ទៅ​៣០០​ដុល្លារ​ សម្រាប់​យកទៅ​ទុក​ទទួល​ទាន​ ដោយ​​ត្រសក់ចាវ​នេះគឺអាច​រក្សាទុក​សម្រាប់​ទទួល​ទាន​បាន​រយៈពេល​ពី​៤ទៅ៥ខែ​ ឯណោះ​។

​អ្នកស្រី​បាន​បញ្ជាក់​ទៀត​ថា​ ​ត្រសក់ចាវ​នេះ​បើ​ធ្វើ​ការ​លក់​ចេញ​ ​ក្នុង​១កែវ​ទម្ងន់​កន្លះ​គីឡូ​តម្លៃ​១ម៉ឺន​រៀល​ កែវ​ទម្ងន់​១គីឡូក្រាម​២ម៊ឺន​រៀល​ និង​កែវ​ទម្ងន់​១០​គីឡូក្រាម​តម្លៃ​​២០ម៉ឺន​រៀល​ ចំពោះ​រដូវ​ណា​ដែល​លក់ដាច់​ខ្លាំង​ដូចជា​បុណ្យ​ចូលឆ្នាំ​ ឬ​ភ្ជុំបិណ្ឌ​ ​ក្នុង​១ថ្ងៃ​​គាត់​អាច​លក់​​បាន​ដល់​ទៅ​៤០​ទៅ៥០ម៉ឺន​រៀល​។

ដោយឡែក​លោក​លី​ វុទ្ធី​ រស់នៅ​ភូមិ​ពោធិ​សាលា​ទី​២​ ឃុំ​ព្រែក​ក្របៅ​ ស្រុក​កង​មាស​ បាន​ឲ្យ​ដឹង​ដែរ​ថា​ ចំពោះ​ការ​ផលិត​ត្រសក់​ចាវ​នេះ​ គឺ​លោក​ត្រូវ​ទិញ​ត្រសក់​ស្រស់​ពី​បងប្អូន​ប្រជាកសិករ​ ក្នុង​ភូមិ​ ដោយ​ទិញ​ចូល​ក្នុង​១គីឡូក្រាម​ តម្លៃ​១២០០រៀល​ ទៅ​១៣០០រៀល​ ហើយ​គ្រាន់​តែ​ដាក់​ត្រាំ​ទឹក​អំពិល​ ហើយ​ដាក់​ហាលថ្ងៃ​ រយៈពេល​២ថ្ងៃ​ គឺ​អាច​លក់​ចេញ​ក្នុង​១គីឡូក្រាម​ ចាប់​ពី​២៥០០រៀល​ ទៅ​៣០០០រៀល​ ផងដែរ​​ ៕