ស្រវឹងស្រា ដើរទៅទិញបន្លែ កើតជាជម្លោះ ម្នាក់កាន់កាំបិត ម្នាក់កាន់ស្នា ចុងក្រោយ មួយចូលពេទ្យ មួយចូលគុក

23-02-2019 10:51am

ក្រចេះ៖ បុរស២នាក់ ដោយម្នាក់ បាន​រងរបួសធ្ងន់ចូលពេទ្យ ម្នាក់ទៀត ត្រូវបានចាប់បញ្ជូនទៅប៉ុស្តិ៍ ក្រោយឈ្លោះប្រកែកគ្នា​ រហូតឈានដល់ប្រើអំពើហិង្សា ដោយជនបង្កប្រើប្រាស់អាវុធកែច្នៃ​(កំភ្លៀវ) គ្រាប់ធ្វើអំពីឈើខាងមុខដាក់ដែក ដូចព្រួញ បាញ់ត្រូវជនរងគ្រោះតែម្ដង។

ករណីហិង្សាដោយចេតនាខាងលើនេះ បានកើតឡើងកាលពី១០យប់ថ្ងៃព្រហស្បតិ៍​ ៣រោច​ ខែមាឃ​ ឆ្នាំច​ សំរិទ្ធិស័ក​ ឆ្នាំ២៥៦២​ ត្រូវនឹងថ្ងៃទី២១​ ខែកុម្ភៈ​​ ឆ្នាំ២០១៩ នៅចំណុចអូមុល ស្ថិតក្នុងភូមិឃ្សឹមក្រៅ ឃុំឃ្សឹម ស្រុកស្នួល ខេត្តក្រចេះ។

ជនរងគ្រោះឈ្មោះ អុក ណារុន​ ភេទ ប្រុស អាយុ៥០ឆ្នាំ​ ជនជាតិខ្មែរ​ មុខរបរកសិករ​ ភូមិឃ្សឹមក្រៅឃុំឃ្សឹ​ ស្រុកស្នួល​ ខេត្តក្រចេះ។ ជនសង្ស័យឈ្មោះ​ ជិន​ គង់ ភេទប្រុស អាយុ៤៣ឆ្នាំ​ រស់នៅចំណុចអូរមុល​ ស្ថិតនៅភូមិឃ្សឹមក្រៅ​ ឃុំឃ្សឹម​ ស្រុកស្នួល​ ខេត្តក្រចេះ។

សមត្ថកិច្ចស្រុកស្នួល បានដឹងនៅព្រឹកថ្ងៃទី២២ ខែ កុម្ភៈ​ ឆ្នាំ២០១៩​ថា កាលពីវេលាម៉ោង១០យប់​ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៩ ជនរងគ្រោះកំពុងនៅផ្ទះ ស្រាប់តែជនសង្ស័យ​បានដើរមកដល់ផ្ទះរងគ្រោះ​ ក្នុងស្ថានភាពស្រវឹងស្រាយ៉ាងខ្លាំង ក៏​រកទិញបន្លែពីផ្ទះជនរងគ្រោះ ភ្លាមនោះជនសង្ស័យ​ស្រែក ហៅជនរងគ្រោះ​ដដែលៗទិញបន្លែ ស្រាប់តែជនរងគ្រោះ ខឹងក៏​ទាញកាំ បិតដេញកាប់ជនសង្ស័យ រត់ដល់មុខផ្ទះ ក៏​យកកាំភ្លើងកៃច្នៃ (ហៅកំភ្លៀវ គ្រប់ព្រួញផ្លែខាងមុខធ្វើអំពី ដែកមុខស្រួច) ដែលលាក់ទុកក្បែរផ្លូវ បាញ់ទៅជនរងគ្រោះ​ ត្រូវចំដៃក្បែរក្លៀក ខាងស្តាំ ដាច់ហូរឈាម មានចជ្រៅ​ប្រហែល០’៣សង់ទីម៉ែត្រ។ ពេលធ្វើសកម្មភាពរួច ជន សង្ស័យ បានបោះចោលកាំភ្លើងកៃច្នៃ​ចោលក្នុងព្រៃ ហើយរត់គេចខ្លួន។

ក្រោយពីទទួលបានព័ត៌​មានពីជនរងគ្រោះភ្លាម កម្លាំងជំនាញផ្នែកយុត្តិធម៌ សហការជាមួយកម្លាំងប៉ុស្តិ៍ឃ្សឹម ចុះទៅដល់កន្លែងកើត ធ្វើការពិនិត្យ ស្រាវជ្រាវជាបន្តបន្ទាប់ រហូតដល់ថ្ងៃទី២២ ខែឆ្នាំដដែល ទើបកម្លាំងបាន​ឃាត់ជនសង្ស័យ និង​ធ្វើការដកហូតវត្ថុតាងកាំភ្លើងកែច្នៃ​ចំនួន១ គ្រាប់ព្រួញចំនួន២គ្រាប់ យកមកអធិការដ្ឋាននគរបាលស្រុកស្នួល ដើម្បីសាកសួរ។

បច្ចុប្បន្នជនសង្ស័យ ក្រោយពីកម្លាំងសួរនាំរួច ត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកស្នួល ដើ​ម្បីកសាងសំណុំរឿងបញ្ជូនទៅជំនាញខេត្តបន្តតាមនិតិវិធី៕