តម្លៃប្រេងធ្លាក់ចុះ ពេលទិន្នផលប្រេងឆៅអាមេរិក ឈានដល់បរិមាណកំណត់ត្រា ១២លានបារ៉ែល ក្នុង១ថ្ងៃ

22-02-2019 1:50pm

បរទេសៈ នៅថ្ងៃសុក្រនេះ តម្លៃប្រេងបានធ្លាក់ចុះ ក្រោយសហរដ្ឋអាមេរិក បានរាយការណ៍ថា ទិន្នផលប្រេងឆៅរបស់ខ្លួន បានឈានដល់បរិមាណកំណត់ត្រា១២លានបារ៉ែលក្នុង១ថ្ងៃ ដែលវានឹងធ្វើឲ្យអន្តរាយផងដែរ ដល់កិច្ចប្រឹងប្រែងរបស់អង្គការបណ្តាប្រទេសផលិតប្រេង OPEC ក្នុងការទប់ទល់នឹងការផ្គត់ផ្គង់ ហើយនិងរឹតបន្តឹងទីផ្សារសកលនោះ។

តម្លៃប្រេងឆៅអន្តរជាតិសម្រាប់ទីផ្សារខាងមុខ ស្មើនឹង៦៦.៨៦ដុល្លារក្នុង១បារ៉ែល គិតត្រឹមម៉ោង០៣ និង២៦នាទីម៉ោងសកល ពោលគឺធ្លាក់ចុះ២០សេន ឬស្មើនឹង០.៣ភាគរយពីតម្លៃដើម។

ដោយឡែក ប្រេងឆៅសហរដ្ឋអាមេរិកសម្រាប់ទីផ្សារខាងមុខវិញ ស្ថិតក្នុងតម្លៃ៥៦.៨៤ដុល្លារក្នុង១បារ៉ែល ធ្លាក់ចុះ១២សេន ឬស្មើនឹង០.២ភាគរយ ពីតម្លៃដើម។

រដ្ឋបាលព័ត៌មានថាមពល(EIA) បាននិយាយកាលពីថ្ងៃព្រហស្បត្តិម្សិលមិញនៅក្នុងរបាយការណ៍ប្រចាំសប្តាហ៍របស់ខ្លួនថា ការផលិតប្រេងឆៅសហរដ្ឋអាមេរិក បានឈានដល់១២លានបារ៉ែលក្នុង១ថ្ងៃជាលើកដំបូង កាលពីសប្តាហ៍មុន ។ នេះមានន័យថា ទិន្នផលប្រេងឆៅសហរដ្ឋអាមេរិក បានកើនឡើងជិត២.៥លានបារ៉ែលក្នុង១ថ្ងៃ ចាប់តាំងពីដើមឆ្នាំ២០១៨មក ហើយនិងកើនឡើង៥លានបារ៉ែលក្នុង១ថ្ងៃចាប់តាំងពីឆ្នាំ២០១៣។

សូមបញ្ជាក់ថា សហរដ្ឋអាមេរិក គឺជាប្រទេសតែមួយគត់មិនធ្លាប់មានពីមុន ដែលបានផលិតប្រេងឆៅឈានដល់១២លានបារ៉ែលក្នុង១ថ្ងៃ៕