ជប៉ុន ផ្ដល់ជំនួយ៤០ម៉ឺនដុល្លារ សម្រាប់គម្រោងសុខភាពមាតា-ទារក

21-02-2019 4:22pm

ភ្នំពេញៈ រដ្ឋាភិបាលជប៉ុន បានផ្ដល់ជំនួយឥតសំណង៤០០,៣៨៤ដុល្លារ ដល់អង្គការ World Vision Japan សម្រាប់គម្រោងលើកកម្ពស់សុខភាពមាតា និងទារក ក្នុងខេត្តតាកែវ។ គម្រោងនេះ អង្គការនឹងផ្ដល់នូវការបណ្ដុះបណ្ដាលដល់បុគ្គលិក និងអ្នកស្ម័គ្រចិត្តសុខាភិបាល ព្រមទាំងផ្ដល់ការអប់រំផ្នែកសុខភាពដល់មាតា។

កិច្ចសន្យាផ្ដល់ជំនួយត្រូវបានចុះហត្ថលេខា នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៩ ដោយលោក ហូរីណូអ៊ុជិ ហ៊ីដេហ៊ីសា ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា និងលោក ម៉ាត់ស៊ូអុកា តាគូយ៉ា ប្រធានគម្រោងអង្គការ World Vision Japan។

ក្រោយពិធីចុះហត្ថលេខា លោក ហូរីណូអ៊ុជិ ហ៊ីដេហ៊ីសា មានប្រសាសន៍ថា “សម្រាប់អង្គការ World Vision Japan រដ្ឋាភិបាលជប៉ុនផ្ដល់ថវិកាប្រមាណ៤០០,៣៨៤ដុល្លារ នៅខេត្តតាកែវ ។ អង្គការនេះ នឹងធ្វើការបណ្ដុះបណ្ដលបុគ្គលិករបស់មណ្ឌលសុខភាព និងផ្ដល់ការអប់រំអំពីសុខភាពដល់អ្នកម្ដាយក្នុងតំបន់ បង្កើតនូវហឹបសុខភាព និងអាហារូបត្ថម្ភសហគមន៍ ដើម្បីឲ្យគ្រួសារក្រីក្រអាចទទួលបានសេវាសុខាភិបាល និងកែលម្អប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ នៅតាមមណ្ឌលសុខភាព”។

ចំណែកលោក ម៉ាត់ស៊ូអុកា តាគូយ៉ា បានលើកឡើងថា តាមរយៈគម្រោងនេះដែលត្រូវបានអនុវត្តអស់រយៈពេល២ឆ្នាំ ដោយរៀបចំឲ្យមានវគ្គបណ្ដុះបណ្ដាលផ្ដោតលើ​​ប្រធានបទ សុខភាពដូចជា ការថែទាំមុន ក្រោយសំរាល ជំនាញសង្គ្រោះជីវិត ជាមូលដ្ឋាន និងសមាហរណកម្មការគ្រប់គ្រង និងព្យាបាលជំងឺកុមារតាមសហគមន៍៕