ពលរដ្ឋស្រុកស្អាង រិះគន់មន្រ្តីនគរបាល យកឡានទឹកក្រសួងមហាផ្ទៃ ដឹកទឹកមកផ្គត់ផ្គង់ធ្វើសំណង់ឯកជន

21-02-2019 12:12pm

កណ្តាលៈ លោកវរសេនីយ៍ឯក អុល ប៊ុណ្ណា ស្នងការរងនគរបាលខេត្តកណ្តាល ប្រើសិទ្ធិអំណាចយកឡានទឹកក្រសួងមហាផ្ទៃ២គ្រឿង ដឹកទឹកមកធ្វើសំណង់សង់ផ្ទះឯកជន នៅឃុំត្រើយស្លា ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល ធ្វើអោយមហាជននាំគ្នារិះគន់គ្រប់គ្នា។

តាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋ បានឲ្យ​ដឹងថា ឡានដឹកទឹកចំនួន២គ្រឿង បិទស្លាកអក្សរក្រសួងមហាផ្ទៃថ្មីស្រឡាង ដឹកទឹកមកផ្គត់ផ្គង់ធ្វើសំណង់ឯកជនខាងលើនេះ ចាប់តាំងពីព្រឹកថ្ងៃទី១៩ ម្សិលមិញមកម្លេះ ធ្វើប្រជាពលរដ្ឋមានការរិះគន់គ្រប់គ្នាថា ឡានទឹករបស់រដ្ឋសម្រាប់ការពារទប់ស្កាត់ឧប្បត្តិហេតុភ្លើងឆេះអ្វីមួយ គឺបម្រើប្រជាពលរដ្ឋទូទៅប៉ុណ្ណោះ មិនតម្រូវអោយបម្រើ​ការងារឯកជននោះទេ។ បែរជាមានបុគ្គលមានអំណាចប្រើសិទ្ធិយកឡានពន្លត់អគ្គិ​ភ័​យរបស់ក្រសួងមហាផ្ទៃមកធ្វើយ៉ាងដូច្នេះទៅវិញ។

ប្រជាពលរដ្ឋបានបន្តថា ផ្ទះប្រជាពលរដ្ឋ ដែលមានជួបឧប្បត្តិហេតុ ដោយអគ្គីភ័​យនាពេលកន្លងមកមិនសូវឃើញមានឡានទឹកមកធ្វើការពន្លត់ទាន់ពេលវេលានោះទេ ទុកទាល់តែ​ឆេះអស់ ទើបមកដល់ ហើយពេលខ្លះក៏មានការតថ្លៃគ្នាទៀតផង ប៉ុន្តែបើអ្នកមានលុយមានអំណាចវិញ ពួកគេរហ័​សរហួនយ៉ាងយកចិត្តទុកដាក់បំផុត ហើយថែមទាំងយកឡានទឹករបស់រដ្ឋមកបម្រើ​ផ្ទាល់ខ្លួនទៀតផង ជាក់ស្តែងដូចជាករណីខាងលើនេះអ៊ីចឹង។

ការលើកឡើងរបស់ប្រជាពលរដ្ឋនេះ ដើម្បីអោយមន្រ្តីថ្នាក់លើដឹងឮ ធ្វើការកែតម្រូវទៅដល់មន្រ្តីខិលខូចថ្នាក់ក្រោមផង ដើម្បីកុំអោយខូចឈ្មោះស្ថាប័ន និងមន្រ្តីល្អៗដទៃទៀត៕