ស្អែកនេះ តុលាការបង្គាប់អោយបញ្ជូនជនភេទទី៣ ដៀលខ្មែរមួយនគរ មកសាកសួរ

14-02-2019 11:52am

ភ្នំពេញៈ ជនភេទទី៣ ហៅចំប៉ីខ្មៅ ដែលល្បីល្បាញតាមបណ្ដាញសង្គមកាលពីពេលថ្មីៗនេះ ដោយសារតែជេរដៀលត្មះខ្មែរមួយនគរ ហើយត្រូវបានចាប់ឃុំខ្លួននៅគុកព្រៃស នឹងត្រូវបញ្ជូនមកតុលាការនៅព្រឹកថ្ងៃទី ១៥កុម្ភៈ ឆ្នាំ២០១៩នេះ ដើម្បីធ្វើការសាកសួរបន្ថែម ។

ប្រភពព័ត៌មានពីសាលាដំបូងបានអោយដឹងថា លោកចៅក្រមពេជ្រ វិជ្ជាធរ ចៅក្រមសើបសួរក្នុងសំណុំរឿងនេះបានបង្គាប់អោយអនុរ័ក្សពន្ធនាគារបញ្ជូនជនជាប់ចោទឈ្មោះ យិន ហេង ហៅចំប៉ីខ្មៅ មកសាលាដំបូងរាជធានីភ្នំពេញនៅពនរឹកថ្ងៃទី ១៥កុម្ភៈ ឆ្នាំ២០១៩ ដើម្បីធ្វើការសាកសួរ ។

ជនជាប់ចោទឈ្មោះ យិន ហេង ហៅ ចំប៉ីខ្មៅ កើតនៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ១៩៩៦ នៅភូមិអណ្តូងពោធិ៍ សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ ត្រូវបានបញ្ជូនមកកាន់អយ្យការអមសាលាដំបូងនៅថ្ងៃទី ០៦កម្ភៈ ឆ្នាំ២០១៩ ។

ក្នុងនោះក្រោយធ្វើការសាកសួរ លោកលី សុផាណាព្រះរាជអាជ្ញារងអមតុលាការបានសម្រេចចោទប្រកាន់ឈ្មោះយិន ហេង ហៅចំប៉ីខ្មៅ ពីបទញុះញង់អោយមានការរើសអើង តាមមាត្រា៤៩៦នៃក្រមព្រហ្មទ័ណ្ឌ ហើយចៅក្រមសើបសួរបានសម្រេចចេញដីកាឃុំខ្លួនជនត្រូវចោទដាក់ពន្ធនាគារជាបណ្ដោះអាសន្ននៅព្រលប់ថ្ងៃទី០៦កុម្ភៈ ដោយមិនទាន់បានសាកសួរលំអិតនៅឡើយទេ ទើបចៅក្រមសម្រេចអោយនាំជនជាប់ចោទមកតុលាការនៅថ្ងៃទី ១៥កុម្ភៈដើម្បីសាកសួរបន្ថែម។

ជននេះត្រូវបាននគរបាលចាប់ខ្លួន កាលពីល្ងាចថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៩នៅ ហាងកាហ្វេ មួយកន្លែងក្នុងទឹកដីខណ្ឌដូនពេញ។

ដើមចមដែលនាំឲ្យសមត្ថកិច្ច ឃាត់ខ្លួនជនសង្ស័យ រូបនេះ គឺកាលពីវេលាម៉ោង១៧៖២៥នាទីយប់ថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០១៩ នៅចំណុចមុខព្រះបរមរាជវាំង ជនសង្ស័យ បានបង្ហោះ សារជាអក្សរ លើទំព័រ ហ្វេសប៊ុក ឈ្មោះ ចំប៉ីខ្មៅ Chompey Khmoa  ថា ជូនពូជអាខ្មែរតិរិច្ឆាន៣នាក់ ដែលជិះម៉ូតូមកខោកក្បាលខ្ញុំតាមផ្លូវ និងមានភ្ជាប់ឃ្លីប វីដេអូ រយៈពេល ១នាទី ៥៣វិនាទី ដោយជេរក្រុមជនបង្កដែលបានវាយក្បាល គាត់ មួយក្រញ៉ និងបានប្រមាថដល់ពូជសាសន៍ខ្មែរយ៉ាងធ្ងន់ធ្ងរ។

ការប្រមាថពូជសាសន៍ខ្មែរ ដោយសារកំហឹងចំពោះអ្នកវាយក្បាលគាត់បែរនេះ បានធ្វើឲ្យ មហាជន ជាពិសេសក្រុមអ្នកនិយមលេងបណ្តាញសង្គមហ្វេសប៊ុក ថ្កោលទោស និងទាមទារឲ្យសមត្ថកិច្ចស្វែងរកចាប់ខ្លួនជននេះអោយខាងតែបានដើម្បីយកមកផ្ដន្ទាទោសតាមច្បាប់អោយស័ក្ដសមទៅនិងកំហុស។

ជាការកត់សម្គាល់ឈ្មោះយិន ហេងប្រើអាខោនហ្វេសបុកឈ្មោះចម្បីខ្មៅនេះធ្លាប់បង្កការក្ដៅក្រហាយតាមបណ្ដាញសង្គមច្រើនដងហើយ តាំងពីករណីដែលអង្គការយូនីស្កូចុះបញ្ជីទទួលស្គាល់ល្ខោនខោល របស់ខ្ជាមែរជាបិតិភ័ណ្ឌពិភពលោក និងជម្លោះកន្លែងចតយានយន្តជាដើម ដោយអាជ្ញាធរខ័ណ្ឌបានអោយជននេះធ្វើកិច្ចសន្យាបញ្ឈប់ការបង្កបញ្ហាទៀត ៕