ក្រសួងសុខាភិបាល អំពាវនាវឲ្យពលរដ្ឋបង្កើនការថែទាំសុខភាព ពេលអាកាសធាតុក្តៅខ្លាំង

13-02-2019 3:17pm

ភ្នំពេញៈ ក្រសួងសុខាភិបាល បានធ្វើការអំពាវនាវឲ្យប្រជាពលរដ្ឋ បង្កើនការថែទាំសុខភាព ពេលអាកាសធាតុក្តៅខ្លាំង ដើម្បីការពារសុខភាពមិនឲ្យកើតជំងឺផ្សេងៗ។

ក្រសួងសុខាភិបាល បានឲ្យដឹងថា រដូវក្តៅឆ្នាំនេះ អាចនឹងកើតមានជំងឺរាក ក្អួត ក្តៅខ្លួនជាដើម។  ដូច្នេះ ត្រូវអនុវត្តន៍អនាម័យជានិច្ច ដោយលាងសម្អាតបន្លែ ផ្លែឈើ ឲ្យបានស្អាតមុនបរិភោគ, សម្អាតសម្ភារៈប្រើសម្រាប់ចម្អិនម្ហូបអាហារឲ្យបានត្រឹមត្រូវ, ចម្អិនអាហារឲ្យបានឆ្អិនល្អ ជាពិសេស សាច់ សត្វស្លាប ស៊ុត និងអាហារសមុទ្រ, ទុកដាក់ចំណីអាហារឆៅ និងឆ្អិនដាច់ដោយឡែកពីគ្នា, កុំរក្សាទុកអាហារក្នុងកំដៅធម្មតាលើសពី២ម៉ោង, មិនត្រូវរក្សាទុកអាហារជាច្រើនថ្ងៃទេ ទោះជាស្ថិតក្នុងកម្រិតសីតុណ្ហភាពសុវត្ថិភាពក៏ដោយ, កុំប្រើប្រាស់ចំណីអាហារហួសកាលកំណត់ និងត្រូវប្រកាន់អនាម័យជាប់ជានិច្ច ដូចជា លាងដៃជាមួយសាប៊ូនិងទឹក ក្រោយពេលចេញពីបង្គន់ មុនពេលរៀបចំអាហារ មុនពេលបញ្ចុកកូន និងមុនពេលពិសារអាហារ។ អាហារត្រូវគ្របជានិច្ច ដើម្បីជៀសវាងរុយរោមបង្កជាមេរោគ។

លោក លី សូវ៉ាន់ ប្រធាននាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង នៃក្រសួងសុខាភិបាល បានឲ្យដឹងតាមបណ្តាញសង្គមហ្វេសប៊ុក នៅថ្ងៃទី១៣ ខែកុម្ភៈនេះ បានណែនាំប្រជាពលរដ្ឋឲ្យពិសាទឹកឆ្អិនឲ្យបានច្រើន, កុំពិសាវត្ថុរាវដែលមានជាតិអាល់កុល ឬជាតិស្ករច្រើនពេក ពីព្រោះសារធាតុទាំងនេះបង្កឲ្យអ្នកកាន់តែបាត់បង់ជាតិទឹកច្រើន។ ជៀសវាងកុំពិសាភេសជ្ជៈត្រជាក់ខ្លាំង ពីព្រោះវាអាចបណ្តាលឲ្យរមូលក្រពះ។ ស្លៀកពាក់សំលៀកបំពាក់ស្តើងៗ ឬមានពណ៌ស្រាល និងស្លៀកពាក់រលុង ពាក់មួកធំទូលាយ និងវ៉ែនតាការពារពេលចេញក្តៅ។ ហាមទុកទារកកុមារចោលនៅក្នុងឡានដែលចត។ ជៀសវាងអាហារក្តៅៗ និងជៀសវាងពិសារអាហារច្រើនពេក ពីព្រោះវាបង្កើនកម្តៅដល់រាងកាយកាត់បន្ថយការប៉ះនឹងកម្តៅព្រះអាទិត្យផ្ទះ ជាពិសេសក្នុងកំឡុងពេលថ្ងៃនិងនៅកន្លែងដែលប្រឈមនិងកំដៅខ្លាំងដូចជានៅមាត់ទន្លេឬសមុទ្រជាដើម៕